ព្រលានយន្តហោះអន្តរជាតិកម្ពុជា ទទួលបានការសរសើរពីការអនុវត្តន៍វិធានអនាម័យ និងសុខភាពបានល្អ

ព្រលានយន្តហោះអន្តរជាតិទាំង3 នៃព្រះរាជាណាចក្រកម្ពុជា រួមមានព្រលានយន្តហោះអន្តរជាតិភ្នំពេញ សៀមរាប និងខេត្តព្រះសីហនុ ត្រូវបានទទួលស្គាល់ថា បានអនុវត្តន៍វិធានការអនាម័យ សុខភាពបានល្អ ក្នុងបរិបទជំងឺកូវីដ-19 បន្ទាប់ពីមានការធ្វើសវនកម្មកាលពីខែវិច្ឆិកា ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន Cambodia Airports។

ព្រលានយន្តហោះអន្តរជាតិទាំង 3ត្រូវបានក្រុមប្រឹក្សាព្រលានយន្តហោះអន្តរជាតិ (ACI) ទទួលស្គាល់ថាបានអនុវត្តតាមឧត្តមានុវត្តន៍របស់ឧស្សាហកម្មព្រលានយន្តហោះលើផ្នែកសុខភាពរួមមានការលាងសម្អាត ការបាញ់ថ្នាំសម្លាប់មេរោគ ការរក្សាគម្លាតសុវត្ថិភាព ការកំណត់ទីតាំងឈរ ការការពារបុគ្គលិក ទំនាក់ទំនងរវាងអ្នកដំណើរ និងកន្លែងសម្រាប់អ្នកដំណើរនៅតាមព្រលានយន្តហោះ។

សេចក្ដីប្រកាសព័ត៌មានក៏បានបញ្ជាក់ថាសវនកម្មនោះក៏ផ្ដោតផងដែរទៅលើដំណើរការការពារអ្នកដំណើរ និងបុគ្គលិកបម្រើការនៅព្រលានក្នុងពេលពួកគេទំនាក់ទំនងគ្នាដូចជាពេលចុះឈ្មោះ ពេលឡើងជិះ ឬពេលចុះពីយន្តហោះ។ សវនកម្មក៏បានវាយតម្លៃលើទំនាក់ទំនងរវាងភ្ញៀវជាមួយនឹងអ្នកបម្រើការនៅតាមហាងលក់ទំនិញមិនជាប់ពន្ធ កន្លែងលក់អាហារ និងភេសជ្ជៈ និងបន្ទប់សម្រាប់អ្នកជំនួញផងដែរ។

រូបភាព ៖ អាកាសយានដ្ឋានអន្តរជាតិ-ភ្នំពេញ

ក្រុមហ៊ុន VINCI Airports ដែលជាក្រុមហ៊ុនគ្រប់គ្រងលើក្រុមហ៊ុន Cambodia Airports បានបង្កើតយុទ្ធនាការមួយឈ្មោះថា «ការពារគ្នាទៅវិញទៅមក» ដែលវិធានការទាំងនោះ ត្រូវបានធ្វើឡើង ផ្អែកលើអនុសាសន៍អនាម័យរបស់អង្គការសុខភាពពិភពលោក WHO និងអង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិហៅកាត់ថា ICAO ដើម្បីឱ្យព្រលានយន្តហោះអន្តរជាតិដែលស្ថិតក្នុងបណ្ដាញរបស់ខ្លួននៅលើពិភពលោកអនុវត្តតាម។

លោក Stefano Baronci អគ្គនាយកក្រុមប្រឹក្សាព្រលានយន្តហោះអន្តរជាតិ (ACI) ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វ៊ិក បានថ្លែងថា៖ «យើងសូមអបអរសាទរព្រលានយន្តហោះដែលដំណើរការដោយក្រុមហ៊ុន Cambodia Airports នៅទីក្រុងភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ ដែលទទួលបាននូវការវាយតម្លៃទទួលស្គាល់ផ្នែកសុខភាពតាមព្រលានយន្តហោះពី ACI ដើម្បីជាការបញ្ជាក់ប្រាប់ទៅពិភពលោក និងសហគមន៍នានាថា វិធានការផ្នែកសុខភាពត្រូវបានដាក់ឱ្យអនុវត្តស្របទៅតាមស្តង់ដារខ្ពស់បំផុត ប្រកបដោយប្រសិទ្ធភាព តាមការណែនាំរបស់អង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ (ICAO)»។

ព្រលានយន្តហោះទាំង 3 ស្ថិតនៅក្នុងចំណោមព្រលានយន្តហោះនានាក្នុងតំបន់អាស៊ានដែលទទួលបាននូវការទទួលស្គាល់ដូចគ្នានៅក្នុងចង្កោមព្រលានយន្តហោះធំៗក្នុងតំបន់ដូចជានៅប្រទេសសិង្ហបុរី ទីក្រុងហ្សាការតា និងទីក្រុងម៉ានីល។ ប៉ុន្តែបើប្រៀបធៀបទៅនឹងព្រលានយន្តហោះខ្នាតតូចដែលមានអ្នកដំណើរក្រោម15លាននាក់ក្នុង 1 ឆ្នាំវិញ ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ខេត្តសៀម រាប និងខេត្តព្រះសីហនុ ស្ថិតនៅចំណាត់ថ្នាក់កំពូល។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន។

លោក Alain BRUN ប្រធានប្រតិបត្តិនៃក្រុមហ៊ុន Cambodia Airports ថ្លែងថា៖ «ខ្ញុំសូមកោតសរសើរដល់កិច្ចសហប្រតិបត្តិការយ៉ាងលេចធ្លោរវាងអាជ្ញាធរសុខាភិបាលកម្ពុជា និងក្រុមការងាររបស់យើង។ ការមានប្រព័ន្ធសុខាភិបាលដែលអាចទុកចិត្តបាននៅតាមព្រលានយន្តហោះធានាបានថាកម្ពុជានឹងត្រូវគេសម្លឹងមើលឃើញថាជាកន្លែងល្អ»។

ឯកឧត្តម ស៊ិន ចាន់សេរីវុត្ថា អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលកម្ពុជាបានប្រាប់AMSថា ការទទួលបាននូវវាយតម្លៃនេះគឺជាការលើកតម្កើងមុខមាត់អាកាសយានដ្ឋានអន្តរជាតិទាំង3 ថាជាអាកាសយានដ្ឋានមានសុវត្ថិភាព ព្រោះថាសវនកម្ម ដែលបានវាយតម្លៃដោយក្រុមប្រឹក្សាព្រលានយន្តហោះអន្តរជាតិ (ACI) ជាសវនកម្មអន្តរជាតិផ្នែកអាកាសចរណ៍។

ឯកឧត្តម ស៊ិន ចាន់សេរីវុត្ថា បានមានប្រសាន៍ថា ៖សវនកម្មដែលបានវាយតម្លៃដោយ (ACI)គឺជាការវាយតម្លៃមួយដែលបានដាក់ឱ្យអនុវត្តស្របទៅតាមស្តង់ដារខ្ពស់បំផុត ប្រកបដោយប្រសិទ្ធភាព តាមការណែនាំរបស់អង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ (ICAO)លំដាប់អន្តរជាតិហើយសវនកម្មនេះ បានទទួលស្គាល់ថាព្រលានយន្តហោះអន្តរជាតិទាំង 3 នៃព្រះរាជាណាចក្រកម្ពុជា បានអនុវត្តន៍ វិធានការអនាម័យ សុខភាពបានល្អ ក្នុងបរិបទជំងឺកូវីដ-19៕

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner