ដំរីឈ្មោលខាវ៉ាន់ពីប៉ាគីស្ថានយកមកបង្កាត់ពូជជាមួយដំរីញីខ្មែរដើម្បីបន្តពូជឱ្យកាន់តែល្អ

ដោយ៖ម៉ាដេប៉ូ

រាជធានីភ្នំពេញ៖ ឯកឧត្តមនេត្រ ភក្ត្រា មន្រ្តីនាំពាក្យនិងជារដ្ឋលេខាធិការក្រសួងបរិស្ថានបានថ្លែងថា សត្វដំរីអាស៊ីឈ្មោះខាវ៉ាន់ដែលបានបញ្ជូនពីប្រទេសប៉ាគីស្ថានមកកម្ពុជាកាលពីថ្ងៃម្សិលម៉ិញ(ថ្ងៃទី៣០ខែវិច្ឆិកា)ដើម្បីធ្វើការបង្កាត់ពូជជាមួយដំរីក្នុងស្រុក គោលបំណងបង្កើតប្រសិទ្ធភាពក្នុងការបន្តពូជសត្វដំរីអាស៊ីឱ្យកាន់តែប្រសើរឡើងថែមទៀត។

បញ្ជាក់ប្រាប់បណ្តាញសារព័ត៌មានក្នុងស្រុកនៅរសៀលថ្ងៃទី១ខែធ្នូនេះ ឯកឧត្តម នេត្រ ភក្ត្រាបានឱ្យដឹងថាការនាំយកដំរីខាវ៉ានជាសត្វដំរីឈ្មោះនេះនឹងត្រូវយកទៅចិញ្ចឹមក្នុងដែន ជម្រកសត្វព្រៃគូលែនព្រហ្មទេព ស្ថិតនៅក្នុងភូមិអូតាម៉េង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរ មានជ័យជាមួយសត្វដំរីញីរបស់ខ្មែរដើម្បីបន្តពូជ។

          ឯកឧត្តមថ្លែងថា”ការយកដំរីពីប៉ាគីស្ថាននេះគឺយើង ជៀសវាងការបង្កាត់ជាន់ពូជ បង្កើននានាពន្ធុ (សេនេទិច) ការធន់នឹងអាកាសធាតុ និងជំងឺ និងសម្រាប់ជំរុញក្នុងវិស័យទេសចរណ៍ធម្មជាតិ នៃព្រះរាជាណាចក្រកម្ពុជា”។

          គួរបញ្ជាក់ថាដំរីអាស៊ីឈ្មោះ «ខាវ៉ាន់» Kaavan ដែលជាដំរីដ៏កម្រនិងជិតផុតពូជ បានត្រូវគេដឹកតាមយន្តហោះពិសេសពីប្រទេសប៉ាគីស្ថានមកដល់ទឹកដីនៃខេត្តសៀមរាមអង្គរ នៃប្រទេស កម្ពុជាកាលពីរសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០។

ឯកឧត្តមនេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានបានបញ្ជាក់ថា ដំរីខាវ៉ាន់ជាដំរីឈ្មោល មានអាយុ៣៥ឆ្នាំ ត្រូវបានក្រុមអភិរក្សសត្វព្រៃជួយសង្គ្រោះពីសួនសត្វមួយនៃប្រទេសប៉ាគីស្ថាន តាមរយៈការតស៊ូ ផ្នែកច្បាប់ ហើយចុងក្រោយតុលាកំពូលរបស់ប៉ាគីស្ថាន បានសម្រេចឱ្យដំរី ខាវ៉ាន់ ត្រូវមានសេរីភាព និងបញ្ជូនមករស់នៅក្នុងព្រៃធម្មជាតិនៃដែនជម្រកសត្វព្រៃរបស់ប្រទេសកម្ពុជា។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា កម្ពុជាមានក្តីសោមនស្សរីករាយទទួលស្វាគមន៍ដំរីខាវ៉ាន់។ ពីអំណេះតទៅ ដំរីខាវ៉ាន់នឹងលែងរស់នៅក្នុងភាពឯកោទៀតហើយ។ សត្វដំរីខាវ៉ាន់នេះនឹងត្រូវរស់នៅក្នុងព្រៃធម្មជាតិនៅក្នុងដែនជម្រកសត្វព្រៃគូលែនព្រហ្មទេពក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ ក្រោមការយកចិត្តទុកដាក់ថែរក្សាការពារខ្ពស់របស់ក្រសួងបរិស្ថាន និងអង្គការអភិរក្សដែនជម្រកសត្វព្រៃកម្ពុជា (CWS)៕

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner