កម្លាំងកងរាជអាវុធហត្ថប្រាំមួយខេត្ត នៅភាគឦសាន្ត និងគាគពាយ័ព្យប្រទេស បានបំបែកសំណុំរឿងចោរកម្ម គាស់ផ្ទះប្រជាពលរដ្ឋខេត្តស្ទឹងត្រែង ចូលលួចគ្រឿងអល័ង្ការ និងលុយបរទេស មានតម្លៃជិត៤ម៉ឺនដុល្លារអាម៉េរិក នាំខ្លួនមកផ្តន្ទាទោសតាមច្បាប់

អត្ថបទដោយ៖
Kien Sereyvuth

ខេត្តស្ទឹងត្រែង៖ បុរសម្នាក់សង្ស័យគាស់ផ្ទះលួចគ្រឿងអល័ង្ការអ្នកស្រុក មានតម្លៃជិត ៤ម៉ឺនដុល្លារអាម៉េរិក ត្រូវបានកម្លាំងកងរាជអាវុធហត្ថ ៦ខេត្ត បានសហការណ៍រួមគ្នា ចុះបំបែកសំណុំរឿងចោរកម្មនេះ ហើយឈានទៅឃាត់ខ្លួនបាន កាលពីថ្ងៃទី៨មិថុនា នៅស្រុកក្រឡាញ់ ខេត្តសៀមរាប ក្រោយការធ្វើសកម្មភាពគាស់ផ្ទះ លួចគ្រឿងអល័ង្ការ នៅខេត្តស្ទឹងត្រែង កាលពីយប់ថ្ងៃទី៦មិថុនាឆ្នាំ២០២០កន្លងទៅនេះ។ ជនសង្ស័យត្រូវបាន បញ្ជូនមកដល់ខេត្តស្ទឹងត្រែង និងបានបញ្ជូនទៅកាន់តុលាការខេត្ត នៅថ្ងៃទី១១មិថុនា ម្សិលមិញនេះ។

មន្ត្រីអាវុធហត្ថខេត្តស្ទឹងត្រែង បានអោយដឹងថា ជនសង្ស័យដែលត្រូវបានឃាត់ខ្លួននោះ ឈ្មោះ ប៉ិច ផាណ្ណៈ អាយុ៣៦ឆ្នាំ បានធ្វើសកម្មភាពគាស់ផ្ទះប្រជាពលរដ្ឋ ចូលលួចយកគ្រឿងអល័ង្ការ និងប្រាក់ដុល្លារ មានតម្លៃ ៣ម៉ឺន ៦ពាន់ដុល្លារអាម៉េរិក កាលពីយប់ថ្ងៃទី៦មិថុនា និងក្រោយមក ជនសង្ស័យបានរត់គេចខ្លួន ចាកចេញពីខេត្តស្ទឹងត្រែង បាត់ស្រមោល។ លោកថា កម្លាំងកងរាជអាវុធហត្ថខេត្ត បានបើកការស្រាវជ្រាវ ហើយបានការសហការណ៍ ជាមួយកម្លាំងអាវុធហត្ថនៅខេត្ត ៥ទៀត គឺ ខេត្តកំពង់ស្ពឺ ខេត្តព្រះវិហារ បន្ទាយមានជ័យ ឧត្តរមានជ័យ និងខេត្តសៀមរាប បើកការស្រាវជ្រាវរួមគ្នា ទើបឈានទៅកំណត់មុខសញ្ញា និងឃាត់ខ្លួនបាន នៅថ្ងៃទី៨មិថុនាឆ្នាំ២០២០ ហើយបានបញ្ជូនមកដល់ខេត្តស្ទឹងត្រែង កសាងសំណុំរឿង បញ្ជូនទៅតុលាការខេត្ត នៅថ្ងៃទី១១មិថុនាឆ្នាំ២០២០។

លោកថា ផ្ទះប្រជាពលរដ្ឋរងគ្រោះ ពីការបាត់បង់ទ្រព្យសម្បត្តិនោះ ស្ថិតនៅក្នុងភូមិថ្មលាត សង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង។ ខណៈនេះ ជនសង្ស័យកំពុងស្ថិតក្រោមការសាកសួរ ពីតុលាការខេត្ត ចំណែក គ្រឿងអល័ង្ការ និងប្រាក់ដុល្លារ ដែលដកហូតបានពីជនសង្ស័យ ត្រូវបានប្រគល់ជូន ជនរងគ្រោះវិញហើយដែរ៕ ដោយ៖ឡុង សំបូរ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner