២ ធ្នូ បុព្វហេតុនៃការរស់រានមានជីវិតឡើងវិញរបស់ជាតិ មាតុភូមិ និងប្រជាជនកម្ពុជា

ថ្ងៃ ២ ធ្នូ ជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត ចំពោះបុព្វហេតុពិតប្រាកដ នៃការស់ឡើងវិញរបស់ជាតិ មាតុភូមិ និងប្រជាជនកម្ពុជា។ នៅឆ្នាំ២០២០នេះ រណសិរ្ស ២ធ្នូនេះ គឺជាខួប ៤២ឆ្នាំ នៃការចាប់ផ្ដើមបង្កើតចលនាវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត។

បើនិយាយពីថ្ងៃ ២ ធ្នូ ប្រជាជនកម្ពុជាចងចាំថាចលនារណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលជាអង្គការចាត់តាំងមហាជនមួយឈានមុខរបស់គណបក្សប្រជាជនកម្ពុជា រួបរួមគ្នាជាកម្លាំងមហាសាមគ្គីជាតិ ដោយបានទទួលការជួយឧបត្ថម្ភយ៉ាងធំធេងពីការគាំទ្រពីមិត្ដភក្ដិជិតឆ្ងាយលើសកលលោក បានផ្តួលរំលំរបបកម្ពុជាប្រជាធិបតេយ្យ សាហាវព្រៃផ្សៃ កាន់អំណាចនៅកម្ពុជារយៈពេល៣ឆ្នាំ៨ខែ ២០ថ្ងៃ និងបានធ្វើទារុណកម្ម និងសម្លាប់ជនស្លូតត្រង់អស់ជាង៣លាននាក់ ហើយរំដោះជាតិ មាតុភូមិ និងសង្រ្គោះប្រជាជនកម្ពុជាឱ្យរស់រានមានជីវិតជាថ្មី នៅថ្ងៃ៧ មករា ១៩៧៩។

មានឈ្មោះដើមថា «រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា» និងបច្ចុប្បន្នត្រូវបានហៅថាជា«រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា» បានបង្កើតឡើងនៅថ្ងៃ២ធ្នូ ឆ្នាំ១៩៧៨ នៅក្នុងតំបន់រំដោះនាភូមិជើងឃ្លូ ឃុំ២ធ្នូ ស្រុកស្នួល ខេត្ដក្រចេះ។ ចលនា«រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា» ដឹកនាំដោយឥស្សរជនជាន់ខ្ពស់ជាច្រើនរូបរួមមាន សម្តេចអគ្គមហាពញាចក្រី ហេង សំរិន សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងឥស្សរជនគណបក្សប្រជាជនកម្ពុជាជាច្រើនទៀត ដើម្បីតស៊ូវាយរំដោះទឹកដី និងរំដោះជីវិតប្រជាជនកម្ពុជា ពីរបបវាលពិឃាដប្រល័យពូជសាសន៍ ប៉ុល ពត ហើយទទួលបានជ័យជំនះទាំងស្រុងនាថ្ងៃ៧ មករា ឆ្នាំ១៩៧៩។

រណសិរ្ស ២ធ្នូ បានរំដោះ និងសង្គ្រោះជីវិតយើងទំាងអស់គ្នា និងបានស្ដារ កសាង និងអភិវឌ្ឍន៍សង្គមជាតិ នៅគ្រប់ទិសទី ធ្វើឱ្យមាតុភូមិកម្ពុជាមានការកែប្រែមុខមាត់ថ្មី ជាបន្ដបន្ទាប់។បច្ចុប្បន្ន គេអាចមើលឃើញផ្ទាល់ភ្នែកនូវសមិទ្ធផលលើគ្រប់វិស័យដ៏ច្រើនសេ្អកស្កះនៅគ្រប់ទិសទី ដែលកើតចេញពីការប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។

សច្ចភាពបានបង្ហាញឱ្យកូនខ្មែរបានរំលឹកដឹងគុណជារៀងរាល់ឆ្នាំនូវគុណូបការៈនេះ និងបានធ្វើឲ្យស្មារតី២ធ្នូ ក្លាយទៅជាថ្ងៃដែលនៅស្ថិតស្ថេរជាអមតៈក្នុងដួងចិត្តប្រជាជនកម្ពុជា ជាពិសេសដួងចិត្តយុវជនជំនាន់ក្រោយគ្រប់ៗរូប។ ជាមួយគ្នានេះ យើងជាប្រជាពលរដ្ឋស្រឡាញ់មាតុភូមិកម្ពុជាទំាងអស់ ចូលរួមលើកកម្ពស់ស្មារតីថែរក្សា សាមគ្គីភាព ឯកភាពផ្ទៃក្នុង ប្រកាន់ខ្ជាប់ប្រពៃណីសេ្នហាជាតិ ការពារសន្តិភាព និងបម្រើប្រទេសជាតិ តាមមាគ៌ានយោបាយរបស់គណបក្សប្រជាជនកម្ពុជា និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner