លោកគ្រូ នាង បូ ៖ ប្រឡងបាក់ឌុបបានពិន្ទុខ្ពស់ និន្ទេសល្អ សិស្សត្រូវមានគោលការណ៍សិក្សាច្បាស់លាស់
(ភ្នំពេញ)៖ រៀនដើម្បីប្រឡងជាប់ជាបំណងប្រាថ្នាធំមួយរបស់សិស្សានុសិស្សត្រៀមខ្លួនប្រឡងបាក់ឌុប។ ប៉ុន្តែប្រឡងបានពិន្ទុខ្ពស់ ទទួលបាននិទ្ទេសល្អ ជាបំណងប្រាថ្នាធំមួយទៀត ដែលសិស្សានុសិស្សនិងអាណាព្យាបាលគ្រប់រូបចង់បាននាពេលបច្ចុប្បន្ន។ ពិន្ទុនៃមុខវិជ្ជានីមួយៗខ្ពស់ ជាឱកាសដ៏ល្អដែលសិស្សងាយស្រួលទទួលអាហារូបករណ៍សិក្សាជំនាញបន្តនៅថ្នាក់មហាវិទ្យាល័យ។ តើរៀនយ៉ាងដូចម្តេច ទទួលបានពិន្ទុខ្ពស់នៅពេលប្រឡងបាក់ឌុប? លោក នាង បូ គ្រូបង្រៀនគណិតវិទ្យានៃវិទ្យាល័យបាក់ទូក បាននិយាយថា រូបមន្តចង់បានពិន្ទុខ្ពស់និងនិទ្ទេសល្អពេលប្រឡងបាក់ឌុប គឺសិស្សត្រូវមានគោលការណ៍សិក្សាច្បាស់លាស់។
និយាយដល់គោលការណ៍សិក្សានៅពេលនេះ លោក នាង បូ បានបន្តថា៖ “បើសិស្សត្រឹមតែប្រាថ្នាចង់បានពិន្ទុខ្ពស់ពេលប្រឡង ដោយគ្មានគោលការណ៍សិក្សាច្បាស់លាស់ទេ នោះសិស្សបានត្រឹមតែប្រាថ្នាប៉ុណ្ណោះ ជាក់ស្តែងដូចជាមុខវិជ្ជាគណិតវិទ្យាជាដើម វាមានគន្លឹះរបស់វា”។
លោកបន្ថែមថា គន្លឹះទាំងនោះមានដូចជា រៀបចំផែនការនិងឯកសារមេរៀនតាមលំដាប់លំដោយ រម្លឹកមេរៀនគ្រប់មុខវិជ្ជា រៀនដោះស្រាយលំហាត់ឡើងវិញឱ្យបានច្រើនដង រៀនស្រាវជ្រាវវិញ្ញាសាឆ្នាំ កន្លងទៅ យ៉ាងតិចបួនឆ្នាំដើម្បីពង្រីកគំនិតឱ្យទូលំទូលាយ និងរៀនបន្ថែមជាមួយលោកគ្រូអ្នកគ្រូតាមរយៈអ៊ីនធឺណេតជាដើម។ លើសពីនេះ សិស្សត្រូវចេះបែងចែកម៉ោងសិក្សាឲ្យបានច្បាស់ ចៀសវាងរៀនច្រើនម៉ោងពេក បណ្តាលឲ្យមានបញ្ហាសុខភាពនៅថ្ងៃប្រឡង។
គ្រូបង្រៀនគណិតវិទ្យា មានបទពិសោធន៍ជាងសាមសិបរូបនេះ មានប្រសាសន៍បន្តថា៖ “សិស្សមួយចំនួនតែងគិតថាគណិតវិទ្យាជាមុខវិជ្ជាពិបាកយកពិន្ទុ ប៉ុន្តែការពិត គណិតងាយស្រួលយកពិន្ទុបំផុតពេលប្រឡង ប្រសិនបើសិស្សបានធ្វើលំហាត់ស្រដៀងៗច្រើន។ ទន្ទឹមគ្នានេះ សិស្សត្រូវទន្ទេញឱ្យចេះចាំស្ទាត់រូបមន្តគណិតវិទ្យាព្រោះមុខវិជ្ជានេះត្រូវប្រើរូបមន្តប្រហែល៦០ភាគរយក្នុងពេលប្រឡង”។
លោក នាង បូ បានបញ្ជាក់បន្ថែមថា ត្រៀមខ្លួនសម្រាប់ការប្រឡងបាក់ឌុប មិនមែនត្រៀមតែក្នុងដំណាក់កាលជិតប្រឡងនោះទេ សិស្សត្រូវត្រៀមខ្លួនតាំងពិដើមឆ្នាំសិក្សា។ ការហ្វឹកហាត់សាកល្បងដោះស្រាយលំហាត់មុនពេលថ្ងៃប្រឡងចូលមកដល់ សិស្សត្រូវរៀនមើលអត្រាកំណែវិញ្ញាសាពាក់ព័ន្ធឱ្យបានច្រើន ដើម្បីដឹងពីទម្រង់នៃការសរសេរ និងរបៀបបកស្រាយវិញ្ញាសា។ សិស្សត្រូវធ្វើលំហាត់ហើយព្យាយាមដាក់ពិន្ទុតាមជំហាននីមួយៗដោយខ្លួនឯងឱ្យច្បាស់លាស់។ ទាក់ទងនឹងការគ្រប់គ្រងពេលវេលាលើវិញ្ញាសារ សិស្សត្រូវយកវិញ្ញាសាពេញលេញណាមួយមកដោះស្រាយ ហើយផ្ទៀងផ្ទាត់តាមពេលវេលាឱ្យបានជាក់លាក់តាមវិញ្ញាសាប្រឡង។
បង្អង់សម្តីញញឹមបន្តិចលោកបានពន្យល់ថានៅក្នុងដំណាក់កាលប្រឡងសិស្សានុសិស្សគប្បីគ្របគ្រងខ្លួនឯងឱ្យបានល្អលើមូលដ្ឋានចំណេះដឹងដែលមានស្រាប់ រួមមានប្រាំចំណុចសំខាន់ៗ ៖ទីមួយក្នុងបន្ទប់បេក្ខជនត្រូវចេះគ្រប់គ្រងអារម្មណ៍ឱ្យបាននឹងនររង់ចាំវិញ្ញាសា។ ទីពីរ ពេលរង់ចាំប្រធានវិញ្ញាសាបេក្ខជនត្រូវរំលឹករូបមន្តទាំងឡាយដែលបានរៀនឡើងវិញ ដើម្បីត្រៀមប្រើប្រាស់ពេលដោះស្រាយវិញ្ញាសា។ ទីបី បេក្ខជនត្រូវអានវិញ្ញាសារ តាមលំដាប់លំដោយមុននឹងចាប់ផ្តើមដោះស្រាយ។ ទីបួន នៅពេលដោះស្រាយលំហាត់ ត្រូវអនុវត្តន៍តាមជំហាននៃវិញ្ញាសារនិងតាមលំដាប់លំដោយព្រមក្នុងនោះត្រូវធ្វើលំហាត់ណាដែលងាយស្រួលមុនគេ (កុំទុកលំហាត់ស្រួលក្រោយគេ) និងទីប្រាំ បេក្ខជនត្រូវទុកពេល15នាទី ដើម្បីផ្ទៀងផ្ទាត់លទ្ធផលដែលបានធ្វើរួចឡើងវិញ។
សូមបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម្រាប់ឆ្នាំ2020នេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី21 ខែធ្នូខាងមុខ។ ក្រសួងអប់រំ យុវជន និងកីឡា រក្សាលំនាំដើមទាំងបច្ចេកទេស និងនីតិវិធីសម្រាប់ការរៀបចំការប្រឡងបាក់ឌុប ដោយបន្ថែមវិធានការសុវត្ថិភាពសុខភាពយ៉ាងម៉ឺងម៉ាត់។ ទន្ទឹមគ្នានេះ ក្រសួងអប់រំបានប្តេជ្ញាថា យន្តការប្រឡងត្រូវគោរពតាមគោលការណ៍បួន គឺច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន៕