សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យទប់ស្កាត់ការរើសអើង ការប្រមាថ លើជនមានពិការ

ភ្នំពេញ៖ ទិវាជនមានពិការភាពកម្ពុជាលើកទី២២ និងទិវាជនមានពិការភាពអន្តរជាតិលើកទី៣៨។ សារលិខិតសម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា បើទោះបីឆ្នាំនេះ រាជរដ្ឋាភិបាលកម្ពុជាអាក់ខានមិនបានរៀបចំប្រារព្ធទិវាជនមានពិការភាពកម្ពុជាលើកទី២២ និងអន្តរជាតិលើកទី៣៨ យ៉ាងឱឡារិកទាំងនៅថ្នាក់ជាតិ និងក្រោមជាតិក្តី មានការចាត់តាំងឱ្យមានការចុះសួរសុខទុក្ខនៅតាមមជ្ឈមណ្ឌល និងទីតាំងរស់នៅរបស់ជនមានពិការភាព។

សម្តេចតេជោ ហ៊ុន សែន ថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា តែងបានយកចិត្តទុកដាក់មានឆន្ទៈមោះមុត និងការប្តេជ្ញាចិត្តខ្ពស់ក្នុងការលើកកម្ពស់សិទ្ធិជនមានពិការភាព។ និង​បានលើកទឹកចិត្តឱ្យប្រជាពលរដ្ឋរួមគ្នាបន្តលើកស្ទួយសុខុមាលភាពជនមានពិការភាពឱ្យកាន់តែប្រសើរឡើង ដើម្បីជាឧត្តមប្រយោជន៍របស់វិស័យពិការភាពនៅកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានស្នើដល់អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធទាំងអស់ពង្រឹងយន្តការ សម្របសម្រួល ទប់ស្កាត់ដល់ការរើសអើង ការប្រមាថ មាក់ងាយលើជនមានពិការភាព។ «ខ្ញុំសូមឱ្យ មានការគិតវិភាគប្រភេទអាជីវកម្ម និងមុខរបរដែលសមស្របសម្រាប់ជនមានពិការភាព ឆ្លើយតបតម្រូវការទីផ្សារដើម្បីធានានិរន្តភាពមុខរបរនិងអាជីវកម្ម ហើយបង្កើនការយល់ដឹងអំពីឱកាសក្លាយជាសហគ្រិនភាព ក្នុងការបង្កើតសារជីវកម្ម និងការចាប់ផ្តើមធ្វើធុរកិច្ចដោយខ្លួនឯង»។

សម្តេចតេជោ ហ៊ុន សែន បានផ្តល់អនុសាសន៍ចំនួន៨ចំណុច សម្រាប់អាជ្ញាធរពាក់ព័ន្ធអនុវត្តន៍ ដើម្បីធានាដល់ការគាំពារ និងលើកកម្ពស់សិទ្ធិជនមានពិការភាពឱ្យកាន់តែប្រសើរ។ អនុសាសន៍ទាំង៨ចំណុចនោះរួមមាន៖

ទី១៖ គ្រប់ក្រសួង ស្ថាប័ន ព្រមទាំងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ត្រូវយកផែនការយុទ្ធសាស្ត្រជាតិស្តីពី ពិការភាព ២០១៩-២០២៣ ទៅអនុវត្តប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព ដោយរៀបចំផែនការសកម្មភាព និងកញ្ចប់ថវិកាប្រចាំឆ្នាំតាមវិស័យរបស់ក្រសួង ស្ថាប័ន អង្គភាពនីមួយៗ។

ទី២៖ គ្រប់ក្រសួង ស្ថាប័ន ព្រមទាំងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ត្រូវបន្តផ្សព្វផ្សាយវិធានការទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល ហើយផ្តល់គ្រប់លទ្ធភាពធ្វើយ៉ាងណាឱ្យជនមានពិការភាពទទួលបានសម្ភារៈ ព័ត៌មានស្តីពីការបង្ការ និងការពារជំងឺកូវីដ-១៩។

ទី៣៖ សូមបងប្អូនមានពិការភាពទាំងអស់ រក្សាវិធានសុខាភិបាល ដោយត្រូវរក្សាគម្លាតសុវត្ថិភាព ពាក់ម៉ាសលាងដៃនឹងទឹកអាល់កុល សាប៊ូ ឬដែលឱ្យបានខ្ជាប់ខ្លួននៅតាមទីកន្លែងសាធារណៈនានា និងនៅតាមសហគមន៍។

ទី៤៖ គ្រប់ក្រសួង ស្ថាប័នរដ្ឋ ត្រូវលើកទឹកចិត្តជនមានពិការភាពដែលមានលក្ខណសម្បត្តិ និងសមត្ថភាពឱ្យ បំពេញមុខងារតួនាទីទទួលខុសត្រូវ ក្នុងមុខតំណែងឱ្យមានសិទ្ធិចូលបម្រើការងារដោយគ្មានការរើសអើង រាប់ទាំងការបម្រើការងារជាមន្ត្រីរាជការ កម្មករ និយោជិត កូនជាង ឬកម្មសិក្សាការីជាដើម។

ទី៥៖ ត្រូវលើកទឹកចិត្តឱ្យមានការចូលរួមពីផ្នែកឯកជន សង្គមស៊ីវិល រោងចក្រ សហគ្រាស និងគ្រឹះស្ថានទាំងអស់ត្រូវអនុវត្តប្រកប ដោយការទទួលខុសត្រូវ និងដោយភ្ញាក់រលឹកនូវកាតព្វកិច្ចជ្រើសរើសជនមានពិការភាពឱ្យចូលបម្រើការងារ បន្តនិរន្តរភាពការងារ ដូចអ្នកដទៃ ដែលមានចែងក្នុងច្បាប់ស្តីពី កិច្ចការពារនិងលើកកម្ពស់សិទ្ធិជនពិការ។

ទី៦៖ ក្រុមប្រឹក្សាសកម្មភាពជនពិការ ត្រូវជំរុញការអនុវត្តផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព ២០១៩-២០២៣ ច្បាប់ស្តីពី កិច្ចការពារនិងលើកកម្ពស់សិទ្ធិជនពិការ អនុវត្តអនុសញ្ញាស្តីពី សិទ្ធិជនពិការនិងគោលនយោបាយជាតិនានា ដើម្បីជាឧត្តមប្រយោជន៍សុខុមាលភាពដល់បងប្អូនមានពិការភាពគ្រប់ប្រភេទ និងគ្រប់កម្រិត។

ទី៧៖ ត្រូវបន្តរៀបចំការបង្កលក្ខណៈងាយស្រួលចេញចូលទីកន្លែងសាធារណៈសម្រាប់ជនមានពិការភាពគ្រប់ប្រភេទដូចជា ការរៀបចំចំណតយានយន្តពិសេសសម្រាប់ជនមានពិការភាព, ការធ្វើជម្រាល, ការបំពាក់ឧបករណ៍ធ្នាក់ដៃ ទ្វារ, បន្ទប់ទឹកជនមានពិការភាព, ការដាក់ស្លាកសញ្ញានានានៅតាមក្រសួង ស្ថាប័ន មន្ទីរ ផ្លូវថ្នល់ ទីកន្លែងលំហែកាយ មជ្ឈមណ្ឌលវប្បធម៌ កន្លែងលេងកីឡា កន្លែងកម្សាន្ត គ្រឹះស្ថានអប់រំ សណ្ឋាគារ មន្ទីរពេទ្យ មណ្ឌលសុខភាព និងមធ្យោបាយដឹកជញ្ជូន។ល។

ទី៨៖ ក្រសួងព័ត៌មាន ត្រូវធ្វើការណែនាំដល់គ្រប់ស្ថានីយវិទ្យុ និងទូរទស្សន៍របស់រដ្ឋនិងឯកជន ព្រមទាំងគ្រប់ប្រព័ន្ធសារព័ត៌មាន បង្កើនម៉ោងផ្សព្វផ្សាយឱ្យបានទូលំទូលាយដោយមានការបកប្រែភាសាសញ្ញា ជាពិសេសព័ត៌មានស្តីពី ការរាតត្បាត និងវិធីសាស្រ្តការពារជំងឺកូវីដ-១៩ ដើម្បីមនុស្សគថ្លង់អាចទទួលព័ត៌មានបានទាន់ពេលវេលា៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner