Sister of Code ជំរុញចិត្តសិស្សនារីឱ្យស្រឡាញ់វិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន
កម្មវិធីសិក្សាលើប្រព័ន្ធបច្ចេកវិទ្យាកុំព្យូទ័រមួយឈ្មោះថា Sister of Code កំពុងទទួលបានប្រជាប្រិយភាពពីយុវតីដែលមានចំណង់ចំណូលចិត្តស្រឡាញ់បច្ចេកវិទ្យា និងបង្កើតកម្មវិធីផ្សេងៗសម្រាប់កុំព្យូទ័រ។ ក្រសួងអប់រំ យុវជន និងកីឡា បានចាត់ទុក Sisters of Code ជាកម្មវិធីសរសេរកូដកម្រិតដំបូងមួយ ដើម្បីលើកកម្ពស់សមត្ថភាពសិស្សនារីក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (ICT)។ កម្មវិធីនេះ នឹងអាចឱ្យក្មេងស្រីអភិវឌ្ឍន៍សមត្ថភាពជំនាញ និងទំនុកចិត្តរបស់ពួកគេក្នុងផ្នែកឌីជីថលនៅថ្ងៃពេលអនាគត។
អ្នកស្រី Natalja Rodionova នាយកគ្រប់គ្រងសាលា IT Academy STEP Cambodia កំពុងដឹកនាំកម្មវិធីបង្រៀនក្មេងស្រីកម្ពុជាក្នុងវិស័យបច្ចេកវិទ្យាព័ត៌មាននេះ មានប្រសាសន៍ថា Sister of Code ផ្តល់ឱកាសឱ្យក្មេងស្រីកម្ពុជាបង្ហាញចំណេះដឹង និងសមត្ថភាព អភិវឌ្ឍន៍ជំនាញបច្ចេកវិទ្យាព័ត៌មានឱ្យកាន់តែប្រសើរសម្រាប់អនាគត។
អ្នកស្រី Natalja Rodionova បានបន្ថែមថា ៖ “ហេតុផលដែលយើងលើកទឹកចិត្តឱ្យក្មេងស្រីរៀនសរសេរកូដកម្មវិធីកុំព្យូទ័រក្នុងវិស័យបច្ចេកវិទ្យាព័ត៌មាននេះ ដោយសារកន្លងទៅអ្នកសិក្សាជំនាញនេះមានភាគច្រើនជាបុរស ស្ត្រីមានតិចមែនទែន។ នៅកម្ពុជាបច្ចេកវិទ្យានេះដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញសេដ្ឋកិច្ចប្រទេស ហើយបើមានស្ត្រីសិក្សាក្នុងវិស័យនេះត្រឹមតែ5% គឺតិចមែនទែន អ៊ីចឹងហើយបានជាយើងលើកទឹកចិត្តដល់ក្មេងស្រី”។
Sister of Code ជាកម្មវិធីលើកកម្ពស់វិស័យបច្ចេកវិទ្យាព័ត៌មានសម្រាប់ក្មេងស្រីដំបូងគេបង្អស់នៅកម្ពុជា។ កម្មវិធីបង្រៀនមូលដ្ឋានគ្រឹះនៃការសរសេរកូដកម្មវិធីកុំព្យូទ័រដោយឥតគិតថ្លៃនេះ មានរយៈពេល៦ខែ និងទទួលសិស្សនារីអាយុចន្លោះពី១០ឆ្នាំទៅ១៨ឆ្នាំ។
កំពុងសិក្សាពីរបៀបធ្វើឱ្យរូបភាពហ្គេមមានចលនាជាមួយមិត្តរួមថ្នាក់នៅសាលា IT Academy STEP Cambodia ដានីកា មានអាយុ11ឆ្នាំ មកពីអនុវិទ្យាល័យមួយនៅរាជធានីភ្នំពេញ បាននិយាយថា៖ “ខ្ញុំចង់ក្លាយជាអ្នកឌីសាញហ្គេម ឌីសាញកម្មវិធីក្នុងកុំព្យូទ័រ ហើយកម្មវិធីខ្ញុំរៀននេះតម្រូវឱ្យខ្ញុំគិតច្រើន។ រៀនជំនាញហ្នឹង វាពិតជាសំខាន់សម្រាប់សង្គមបច្ចុប្បន្ន ព្រោះមានតម្រូវការបច្ចេកវិទ្យាទំនើបច្រើន ប្រទេសគេត្រូវការបច្ចេកវិទ្យាទំនើប ចំណែកប្រទេសយើងក៏ត្រូវការបច្ចេកវិទ្យាទំនើបដែរ”។
សិស្សដែលបានចូលរៀនក្នុងកម្មវិធីបណ្តុះបណ្តាល Sister of Code ស្ទើរតែទាំងអស់ សុទ្ធសឹងតែមានគោលដៅនិងបំណងប្រាថ្នារៀងៗខ្លួន បង្កើតកម្មវិធីដាក់ក្នុងបច្ចេកវិទ្យាដែលខ្លួនចង់បាន។ ម្នាក់ៗយកចិត្តទុកដាក់ចំពោះការសិក្សារបស់ពួកគេ។
“ខ្ញុំយល់ថានៅពេលដែលយើងរៀនអ្វីស្រួលពេក យើងអត់សូវឱ្យតម្លៃទេ ! ខ្ញុំចេះជំនាញភាសាកូដអ៊ីចឹង ទៅមុខទៅខ្ញុំប្រើជំនាញហ្នឹងធ្វើអ្វីមួយ បង្កើតបានជាសម្មិទ្ធិផលអ្វីមួយ… បើយើងចេះផ្នែកទំនាក់ទំនងល្អហើយ តែបើចេះបច្ចេកវិទ្យាគឺយើងអាចបង្កើតអ្វីមួយបានហើយ វានឹងជួយដល់មនុស្សជាច្រើនបានប្រើប្រាស់”។ នេះជាការលើកឡើងរបស់យុវតី រិន ផល្លីម៉ានីតា ដែលបានចូលរៀនកម្មវិធី Sister of Code កាលពីឆ្នាំ 2019កន្លងទៅ។
អ្នកស្រី ឡូវ គឹមស្រ៊ុង គ្រូបង្រៀនកម្មវិធីសិក្សា Sisters of Code មានប្រសាសន៍ថា កម្មវិធីបង្រៀននេះប្រើប្រាស់ជាភាសាអង់គ្លេស ដែលតម្រូវឱ្យសិស្សមានចំណេះភាសាបរទេសខ្លះ ដើម្បីយល់ពីការប្រើប្រាស់ភាសាកូដ។ ទន្ទឹមគ្នានេះ សិស្សក៏ត្រូវមានមូលដ្ឋានប្រើប្រាស់កុំព្យូទ័រកម្រិតដំបូងដែរ។
អ្នកស្រី ឡូវ គឺមស្រ៊ុង ៖ “មិនមែនមានន័យថាទាល់តែយើងខ្លាំងគណិតវិទ្យា បានរៀនអាយធី (IT) បាន វាមិនមែនជាការពិតទេ តែតម្រូវឱ្យយើងមានគំនិតច្នៃប្រឌិត ដោយសារយើងត្រូវវិភាគរកបញ្ហា ហើយស្វែងរកដំណោះស្រាយ រួចបង្កើតកម្មវិធីមួយដែលអាចដោះស្រាយបញ្ហាបាន”។
ក្នុងឆ្នាំ 2020 នេះកម្មវិធី Sister of Code ប្រទេសកម្ពុជា ដណ្តើមបានជ័យលាភីពានរង្វាន់ EQUALS In Tech លើផ្នែក Skills Category ក្នុងចំណោម 360 គម្រោង ដែលបានដាក់ពាក្យប្រកួតប្រជែង ដោយមានការគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា និងភាគីពាក់ព័ន្ធផ្សេងទៀត។
លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ដែលតែងចូលរួមគាំទ្រនិងលើកទឹកចិត្តយុវតីក្នុងវិស័យបច្ចេកវិទ្យា ក៏មានប្រសាសន៍ដែរថា បច្ចុប្បន្នការចូលរួមរបស់ស្ត្រីនៅក្នុងវិស័យបច្ចេកវិទ្យា នៅមានចំនួនតិចជាងបុរសនៅឡើយ។ Sister of Code គឺជាក្លឹបសរសេរកូដនារីកម្ពុជាដំបូងបង្អស់ដែលមានគោលបំណងលើកទឹកចិត្តសិស្សស្រីឱ្យសាកល្បងជំនាញសរសេរកម្មវិធី និងអភិវឌ្ឍទំនុកចិត្តរបស់ពួកគេឱ្យចូលរួមក្នុងវិស័យបច្ចេកវិទ្យា។
លោកជំទាវ បានបញ្ជាក់បន្ថែមថា ៖ “ការអភិវឌ្ឍសង្គមមួយប្រកបដោយសមធម៌ និងចីរភាព ទាមទារ ឲ្យមានការចូលរួមរបស់ស្រ្តី និងបុរស។ ការផ្ដល់ឱកាសដល់ស្ត្រី ដើម្បីចូលរួមក្នុងការអភិវឌ្ឍវិស័យបច្ចេកវិទ្យា គមនាគមន៍ ព័ត៌មានវិទ្យា គឺមានសារសំខាន់ណាស់ក្នុងការផ្ដល់ភាពអង់អាចដល់ស្ត្រី ឲ្យក្លាយជាធនធានមនុស្សដ៏មានតម្លៃក្នុងសង្គម”។
សូមបញ្ជាក់ថា កម្មវិធី Sister of Code បានចាប់ផ្តើមដាក់ឱ្យសិក្សានៅក្នុងឆ្នាំ 2019 ដោយមានការចូលរួមសហការពីមូលនិធិ USAID ស្ថានទូតអង់គ្លេស ស្ថានទូតអូស្រ្តាលី និងគាំទ្រដោយក្រសួងអប់រំ យុវជន និងកីឡា។ គិតត្រឹមចុងឆ្នាំ 2020 នេះ មានសិស្សចំនួន 150នាក់ហើយ ដែលបានចូលរួមវគ្គបណ្តុះបណ្តាល៕