តើការអានសៀវភៅនៅក្នុងបរិបទនៃការរាតត្បាតជំងឺ Covid-19 ជួយអ្វីបានខ្លះ?
ផលនៃអំណានជាចំណីសម្រាប់ខួរក្បាល ក្នុងការអភិវឌ្ឍន៍និងបង្កើនមូលដ្ឋានគំនិត និងជំនាញនៅក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃ។ ទម្លាប់អានសៀវភៅ ត្រូវបានគេឲ្យតម្លៃខ្ពស់ ព្រោះអាចជួយឲ្យអ្នកអានបង្កើនចំណេះដឹងថ្មីៗបន្ថែម។
នៅក្នុងបរិបទនៃការរីករាលដាលជាសកលជំងឺផ្លូវដង្ហើម Covid-19 តើយើងគួរបង្កើតទម្លាប់អានដែរឬទេ? តើអ្នកអាន គួរតែបន្តទម្លាប់អានរបស់ខ្លួនដែរឬទេ?
ជាក់ស្ដែងកំឡុងពេលនេះ មានមនុស្សច្រើនណាស់ប្រឈមមុខជាមួយនឹងបម្លាស់ប្ដូរផ្សេងៗនៅក្នុងជីវិតប្រចាំថ្ងៃ។ ទន្ទឹមគ្នានេះ មានមនុស្សជាច្រើនបានចំណាយពេលសិក្សា និងធ្វើការងារពីផ្ទះ ដើម្បីកាត់បន្ថយការរីករាលដាលជំងឺកូវីដ-19។ ស្ថានភាពនេះ ពួកគេចំណាយពេលវេលាស្ទើរតែមួយថ្ងៃពេញ ជាមួយនឹងអេក្រង់ទូរស័ព្ទ កុំព្យូទ័រ និងឧបករណ៍អេឡិចត្រូនិចផ្សេងៗ ដែលអាចបណ្តាលឲ្យប៉ះពាល់ដល់សុខភាពផ្លូវកាយ និងផ្លូវចិត្តផងដែរ។
ទោះយ៉ាងណាក៏ដោយ ដំណោះស្រាយដ៏ល្អគឺបង្កើតអានសៀវភៅ។ ឆ្លៀតពេលសម្រាកពីការសិក្សា និងការងារ អ្នកគួរចំណាយពេលមកចាប់យកសៀវភៅល្អៗ ដែលអាចផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់អ្នក។
ការអានសៀវភៅ បែបប្រលោមលោក និងសៀវភៅបែបនិពន្ធជាដើម អាចនាំអ្នកអានទៅកាន់ស្ថានការណ៍ ឬពិភព មួយទៀតដែលអ្នកនិពន្ធប្រឌិតឡើងនៅក្នុងសាច់រឿង។ អ្នកនិពន្ធបង្កើតពិភពស្រមើស្រមៃមួយ ដែលអ្នកអានអាចទៅដល់ និងអាចសម្រាកពីបញ្ហានានាដែលកើតមាននៅក្នុងតថភាពជាក់ស្ដែង។ ការអាន ដូចជាការធ្វើសម្មាធិចិត្ត និងអារម្មណ៍ ដែលអាចធ្វើឲ្យអ្នកអានបង្កើតនូវសេចក្ដីស្ងប់បាន។
លើសពីនេះទៅទៀត ការអានអាចបង្កើនចំណេះ អភិវឌ្ឍគំនិត និងភាពច្នៃប្រឌិតឥតឈប់ឈរ។ នៅពេលដែលអានសៀវភៅ អ្នកនឹងជួបរឿងរ៉ាវថ្មីៗ ដែលអ្នកមិនធ្លាប់ដឹង ដែលរឿងរ៉ាវទាំងនោះសុទ្ធសឹងតែជាអត្ថប្រយោជន៍ដែលអាចជួយអ្នកក្នុងការបង្កើតគំនិតច្នៃប្រឌិតថ្មីៗ ឬអាចជួយសម្រួលដល់ការសិក្សា ក៏ដូចជាជីវិតរស់នៅប្រចាំថ្ងៃរបស់អ្នក។
ទាក់ទងនឹងការអាននេះដែរ លោក ប៊ួយ សុធន ជាទីប្រឹក្សាជាន់ខ្ពស់នៃគ្រឹះស្ថានបោះពុម្ពផ្សាយ My Bookshop Cambodia ក៏បានលើកឡើងដែរថា អត្ថប្រយោជន៍នៃការអានសៀវភៅ អាចជួយឲ្យអ្នកអាន បំបាត់ភាពធុញថប់ពីការសំងំនៅតែក្នុងផ្ទះ ដើម្បីគេចពីការរាតត្បាតនៃជំងឺកូវីដនេះ។
លោកមានប្រសាសន៍បន្តថា ការអានសៀវភៅនៅពេលនេះ គឺពិតជាល្អ ព្រោះមនុស្សភាគច្រើននៅផ្ទះមិនសូវចេញទៅក្រៅ។ ការចំណាយពេលលើការអានសៀវភៅ ធ្វើឲ្យចំណេះដឹងកើនឡើងបាន។
លោកក៏បានបន្ថែមទៀតថា៖ “នៅផ្ទះពិតមែន តែចំណេះដឹងនៅតែកើន ហើយផ្លូវចិត្តក៏មិនសូវធុញថប់ ទោះបីជាស្នាក់នៅក្នុងផ្ទះយូរ មិនសូវបានចេញទៅណា”។
ចំណែកយុវជន សន តុលា ដែលជានិស្សិតកំពុងសិក្សាថ្នាក់បរិញ្ញាបត្រ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក៏បានលើកឡើងពីគុណប្រយោជន៍នៃការអានសៀវភៅដែរ។ លោកយល់ថា ទម្លាប់អានសៀវភៅជួយឲ្យអ្នកអានមានគំនិតសុទិដ្ឋិនិយមក្នុងការរស់នៅ។
តុលា បានលើកឡើងថា៖ “មនុស្សមួយចំនួនបានទទួលពត៌មានមិនពិតពីអ្នកចែកចាយក្នុងបណ្ដាញសង្គម ហើយក៏ចាប់ផ្ដើមភ័យបាក់ស្បាតពីបញ្ហាជំងឺកូវីដ19 នេះ។ ផ្ទុយទៅវិញបើពួកគាត់យកពេលវេលាទាំងអស់នោះ ចំណាយទៅលើការអានសៀវភៅ វានឹងអាចជួយពួកគាត់បានច្រើន”។
ដោយសារតែការអានផ្ដល់អត្ថប្រយោជន៍ជាច្រើន ដូចនេះហើយអ្នកអាន មិនថាក្មេង ចាស់ ប្រុស ស្រីទេ ជាពិសេសយុវជន ដែលជាសរសរទ្រូងប្រទេសជាតិ គួរជួយជំរុញគ្នាបង្កើតវប្បធម៌អំណាន និងណែនាំគ្នាសៀវភៅល្អៗ សម្រាប់អាន ដើម្បីជម្រុញការអភិវឌ្ឍន៍ខ្លួនប្រកបដោយប្រសិទ្ធភាព និងរក្សាចិត្តគំនិតរឹងមាំល្អ ទោះស្ថិតក្នុងស្ថានភាពនៃការរាតត្បាតជំងឺកូវីដ19 នេះក៏ដោយ៕