កូវីដ១៩៖ ថៃត្រៀមមណ្ឌលចាក់វ៉ាក់សាំង១ម៉ឺនកន្លែងឲ្យពលរដ្ឋទូទាំងប្រទេស នាខែឧសភា
កម្មវិធីចាក់វ៉ាក់សាំងប្រឆាំងជម្ងឺវីរុសកូវីដ១៩ នៃប្រទេសថៃនឹងចាប់ផ្តើមជាផ្លូវការហើយ ក្នុងខែឧសភា ២០២១ ខាងមុខ នេះបើតាមផែនការសកម្មភាពរបស់អគ្គនាយកដ្ឋានគ្រប់គ្រងជំងឺ បង្ហាញឲ្យដឹង កាលពីថ្ងៃព្រហស្បតិ៍ ទី៣ ធ្នូ ២០២០។
ប្រទេសថៃ កាលពីសប្តាហ៍មុន បានចុះកិច្ចព្រមព្រៀង៦ពាន់លានបាត ក្នុងការទិញវ៉ាក់សាំង២៦លានដូស ពីក្រុមហ៊ុនអង់គ្លេស-ស៊ុយអែត AstraZeneca/Oxford ដើម្បីផ្តល់ជូនពលរដ្ឋ១៣លាននាក់ ដោយម្នាក់ៗ គ្រោងនឹងទទួលបាន២ដូស។
លោក Opas Karnkawinpong អគ្គនាយកនៃអគ្គនាយកដ្ឋានគ្រប់គ្រងជំងឺបានឲ្យដឹងថា វ៉ាក់សាំងនេះ ជាបឋម នឹងត្រូវឆ្លងកាត់ស្តង់ដាគុណភាពនិងសុវត្ថិភាព តាមរយៈផ្នែកពិនិត្យថ្នាំនិងអាហារ របស់ក្រសួងសុខាភិបាល។ ជំហានបន្ទាប់ អគ្គនាយកដ្ឋាននឹងរៀបចំមណ្ឌលវ៉ាក់សាំង នៅក្នុងមន្ទីរពេទ្យជាង១ម៉ឺនកន្លែងទូទាំងប្រទេស ដើម្បីផ្តល់ជូនតាមសហគមន៍ឲ្យបានរហ័ស និងបញ្ចៀសការប្រមូលផ្តុំខ្លាំងក្នុងមន្ទីរពេទ្យ៕ ប្រភពពី The Nation

