អភិបាលខណ្ឌចំការមន អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមថែរក្សាអនាម័យ តាមការណែនាំ របស់ក្រសួងសុខាភិបាល

អត្ថបទដោយ៖
ធី ដា

ភ្នំពេញ៖ ថ្លែងក្នុងឱកាសចែកអំណោយមនុស្សធម៌របស់អនុសាខាកាកបាទក្រហមខណ្ឌចំការមន ជូនប្រជាពលរដ្ឋ ខ្វះខាត ២០គ្រួសារ ដែលរស់នៅក្នុងសង្កាត់បឹងត្របែក នៅព្រឹកថ្ងៃសុក្រ ទី០៤ ខែធ្នូ ឆ្នាំ២០២០ ដោយមានការចូលរួម ពីលោក ព្រុំ សំខាន់ ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌចំការមន មន្ត្រីនៃរដ្ឋបាលខណ្ឌ សង្កាត់បឹង ត្របែក ផងដែរនោះ លោក ថេង សុថុល ប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌចំការមន បានអំពាវនាវដល់ ប្រជាពលរដ្ឋទាំងអស់ ចូលរួមថែរក្សាអនាម័យ ដោយត្រូវលាងដៃជាមួយ សាប៊ូ អាល់កុល ជែល ត្រូវពាក់ម៉ាសអោយ បានជាប់ជាប្រចាំ និងត្រូវរក្សាគម្លាតយ៉ាងតិច ១.៥០ម៉ែត្រពីគ្នា តាមការ ណែនាំរបស់ក្រសួងសុខាភិបាល ។

លោក ថេង សុថុល ក៏បានសំណូមពរឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តអនុវត្តឱ្យបានហ្មត់ចត់ តាមវិធានសុខាភិបាល និងការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រីកម្ពុជា ដើម្បីការពារការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុង សហគមន៍ ក្រោយព្រឹត្តិការណ៍ ២៨ វិច្ឆិកា ។ លោកប្រធានអនុសាខា ក៏បានផ្ដាំផ្ញើដល់អាជ្ញាធរសង្កាត់ ឲ្យបន្តយកចិត្ត ទុកដាក់ រួមសហការគ្នាបន្ថែមទៀត ដោយបន្តជំរុញការអប់រំ ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋពីបញ្ហាអនាម័យ អនុវត្តឲ្យបាន ម៉ឺងម៉ាត់ និងខិតខំយកចិត្តទុកដាក់ចំពោះអ្នកពាក់ព័ន្ធក្នុងព្រឹត្តិការណ៍២៨ វិច្ឆិកា តាមចំណាត់ការណែនាំ និងការ អំពាវនាវរបស់ ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន អោយមានប្រសិទ្ធភាព ដើម្បីយើងរួមគ្នាបង្ការ ទប់ស្កាត់ កុំឱ្យមានជំងឺឆ្លង កូវីត១៩ ចូលក្នុងសហគមន៍ឲ្យបានដាច់ខាត ។

នៅក្នុងឱកាសនេះដែរ លោក ថេង សុថុល ក៏បាននាំមកនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងឯ,ឧ ឃួង ស្រេង ប្រធានសាខាកាកបាទក្រហមរាជធានីភ្នំពេញ ជូន ចំពោះបងប្អូនប្រជាពលរដ្ឋយើង ដែលសម្ដេច តែងបានគិតគូរខ្ពស់ចំពោះបងប្អូន ដោយបានចាត់ឱ្យមន្ត្រីក្នុងមូលដ្ឋាន ចុះសួរសុខទុក្ខ និងនាំយកអំណោយមកចែកជូនបងប្អូននាពេលនេះ ដែលជាសក្ខីភាពមួយបញ្ជាក់ ឲ្យឃើញបេះដូង សប្បុរសធម៌ និងសេចក្តីស្រលាញ់ ចេះចែករំលែក ជួយសង្គ្រោះដោយមិនប្រកាន់ពណ៌សប្បុរ ឬសាសនា និងនិន្នាការ នយោបាយណាមួយឡើយ ពោល គឺធ្វើឡើងដោយទឹកចិត្តអាណិតស្រាលាញ់ និងស្របតាមពាក្យថា ទីណាមានការ លំបាក ទីនោះមានកាកបាទក្រហមកម្ពុជាជានិច្ច ។

អំណោយដែលចែកជូនប្រជាពលរដ្ឋទាំង២០គ្រួសារ ក្នុង១គ្រួសារ ទទួលបាន៖ អង្ករ ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីខ ស្កសរ សាប៊ូ ម៉ាស អាកុល ទឹកដោះគោ មី និងថវិកា ២ម៉ឺនរៀល ៕ ដោយ វណ្ណលុក

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner