អតីតមេដឹកនាំអាមេរិកជាច្រើនរូប និងលោក ចូ បៃដិន និយាយថា នឹងស្ម័គ្រចិត្តចាក់វ៉ាក់សាំង Covid-19 ផ្សាយផ្ទាល់តាមទូរទស្សន៍ ដើម្បីកសាងទំនុកចិត្តពីសាធារណៈជន
អាមេរិក៖ អតីតប្រធានាធិបតីអាមេរិកលោក Barack Obama, លោក George W Bush និងលោក Bill Clinton ព្រមទាំងប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក ចូ បៃដិន ស្ម័គ្រចិត្តចាក់វ៉ាក់សាំងការពារជំងឺ Covid-19 ដោយមានការផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ ប្រសិនបើសកម្មភាពនេះនឹងជួយបង្កើនទំនុកចិត្តពីសំណាក់សាធារណៈជនទូទៅ នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០ ។
លោក Obama បានថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយវិទ្យុ SiriusXM ថា ប្រសិនបើអ្នកជំនាញកំពូលផ្នែកជំងឺឆ្លងអាមេរិកលោក អាន់តូនី ហ្វូស៊ី ប្រាប់ខ្ញុំថា វ៉ាក់សាំង Covid-19 មានសុវត្ថិភាព ហើយអ្នកអាចចាក់វ៉ាក់សាំងបាន… តើអ្នកដឹងទេ ខ្ញុំពិតជានឹងទទួលយកវា ។
សូមជម្រាបថា កន្លងមកនេះ ក្រុមហ៊ុនផលិតឱសថអាមេរិក និងអាល្លឺម៉ង់ Pfizer-BioNTech ព្រមទាំងក្រុមហ៊ុនអាមេរិក Moderna បានរាយការណ៍ថា លទ្ធផលបឋមនៃការធ្វើតេស្តវ៉ាក់សាំង COVID-19 របស់ពួកគេ ក្នុងដំណាក់កាលចុងក្រោយ គឺមានប្រសិទ្ធភាពលើសពី៩០ភាគរយ ដែលជាកម្រិតប្រសិទ្ធភាពដ៏ខ្ពស់មួយ ៕