នាយករដ្ឋមន្ត្រីបារាំងអះអាងថា នឹងចាក់វ៉ាក់សាំង Covid-19 ជូនប្រជាជនដោយឥតគិតថ្លៃ
បារាំង៖ នាយករដ្ឋមន្ត្រីបារាំងលោក ហ្សង់ កាស្ទិច បានថ្លែងក្នុងកិច្ចប្រជុំមួយនៅ ថ្ងៃព្រហស្បតិ៍នេះ ជាមួយបណ្តារដ្ឋមន្ត្រីបារាំងផ្សេងៗទៀតថា បារាំងនឹងផ្តល់ការចាក់វ៉ាក់សាំង COVID-19 ដល់ប្រជាជនរបស់ខ្លួនទាំងអស់ ដោយមិនគិតថ្លៃនោះឡើយ នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០ ។
នាឱកាសនោះដែរ នាយករដ្ឋមន្ត្រីបារាំងរូបនេះ បានសង្កត់ធ្ងន់ថា ការចាក់វ៉ាក់សាំង COVID-19 នឹងមិនតម្រូវឲ្យគ្រប់គ្នាត្រូវតែចាក់វានោះឡើយ ប៉ុន្តែរដ្ឋាភិបាលបារាំងអំពាវនាវអោយគ្រប់គ្នាចាក់វាអោយបានច្រើនតាមដែលអាចធ្វើទៅរួច ។
បន្ថែមលើនេះ លោក ហ្សង់ កាស្ទិច បានគូសបញ្ជាក់ទៀតថា ការចាក់វ៉ាក់សាំង COVID-19 ដោយមិនគិតថ្លៃខាងលើនេះ គឺស្ថិតក្រោមកម្មវិធី នៃប្រព័ន្ធសន្តិសុខសង្គមរបស់បារាំង ដែលបានត្រៀមកញ្ចប់ថវិកាសរុប១.៥ពាន់លានអឺរ៉ូ ឬស្មើនឹង១.៨២ពាន់លានដុល្លារ ដើម្បីបញ្ជាទិញវ៉ាក់សាំងសម្រាប់ឆ្នាំ២០២១ខាងមុខ ៕