ក្រសួងកសិកម្ម បង្ហាញពីសន្ទុះរីកចម្រើននៃការចិញ្ចឹមសត្វ

ភ្នំពេញ៖ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញនូវសន្ទុះរីកចម្រើនៃការចិញ្ចឹមសត្វរបស់កសិករជាលក្ខណៈគ្រួសារ និងលក្ខណៈឧស្សាហកម្ម ក្នុងអំឡុងពេលដែលប្រទេសកម្ពុជា បាននិងកំពុងជួបវិបត្តិនៃជំងឺឆ្លងកូវិដ-១៩។

ឯកឧត្តម វេង សាខុន លើកឡើងថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានខិតខំយកចិត្តទុកដាក់យ៉ាងខ្ជាប់ខ្ជួន ក្នុងស្មារតីទទួលខុសត្រូវ អនុវត្តតាមអនុសាសន៍ណែនាំរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ក្នុងការជំរុញផលិតកម្មកសិកម្មក្នុងស្រុក ទាំងផ្នែកសាកវប្បកម្ម វារីវប្បកម្ម និងផលិតកម្មចិញ្ចឹមសត្វ ដើម្បីរួមចំណែកបង្កើតការងារ និងបង្កើនប្រភពចំណូលក្នុងគ្រួសារ និងធានាសុវត្ថិភាពស្បៀង។ ជាក់ស្តែងផលិតកម្មចិញ្ចឹមសត្វទាំងជាលក្ខណៈគ្រួសារនិងលក្ខណៈឧស្សាហកម្ម (គោ-ក្របី ជ្រូក និងបក្សី) បានបង្ហាញពីសន្ទុះនៃការរីកចម្រើនគួរឲ្យកត់សម្គាល់ គិតត្រឹមថ្ងៃ២ ខែធ្នូ ឆ្នាំ២០២០ មានការកើនឡើងសរុប ១៧.៦០% ពី ៤២ ០២២ ១៣៧ក្បាលនៅឆ្នាំ២០១៩ កើនឡើងដល់ ៤៩ ៤២៣ ៥៥៨ក្បាល នៅឆ្នាំ២០២០នេះ។

ឯកឧត្តម បញ្ជាក់ថា ទន្ទឹមនឹងនេះ កសិដ្ឋានចិញ្ចឹមសត្វក្នុងឆ្នាំ២០២០ មានចំនួន ១២៣២កន្លែង ក្នុងនោះកសិដ្ឋានចិញ្ចឹមបក្សីមានចំនួន ៦៨១កន្លែង មានសត្វក្នុងស្តុក ១៧ ១៣៤ ៥៨៨ក្បាល កើនលើសឆ្នាំ២០១៩ ប្រមាណជា ៣៥.៦០%។ រីឯកសិដ្ឋានចិញ្ចឹមជ្រូកមានចំនួន ៥៤៧កន្លែង និងមានសត្វក្នុងស្តុកចំនួន ១ ៣៣៩ ២១០ក្បាល កើនឡើង ១៥.៩០% បើធៀបនឹងឆ្នាំ២០១៩។ ចំពោះកសិដ្ឋានចិញ្ចឹមគោ-ក្របីគឺមានសរុប ៥៤កន្លែង និងមានសត្វក្នុងស្តុកចំនួន ១២ ៩៧៤ក្បាលផងដែរ៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner