ក្រសួងអប់រំនៅតែរក្សាជំហរប្រឡងបាក់ឌុប “អ្នកចេះ គឺជាប់” ដូចឆ្នាំមុនដដែល

អត្ថបទដោយ៖
ហេង សុវណ្ណ

អ្នកចេះគឺជាប់ គឺជាគោលការណ៍ដែលឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានក្រើនរំលឹកជារឿយៗដល់បេក្ខជនប្រឡងទាំងអស់ ដើម្បីបន្តរក្សាគុណភាពសញ្ញាប័ត្របាក់ឌុបជូនបេក្ខជនប្រឡង។

សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅក្នុងឆ្នាំ 2020 នេះ ក្រសួងអប់រំនៅតែរក្សាជំហរប្រឡងបាក់ឌុប “អ្នកចេះ គឺជាប់” ដូចឆ្នាំមុនៗដដែល។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា ប្រាប់ដល់ AMS Education។

ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម្រាប់ឆ្នាំ 2020 នឹងប្រព្រឹត្តទៅនៅថ្ងៃទី 21 ខែធ្នូខាងមុខ។ ដំណើរការប្រឡងនេះ សាធារណមតិខ្លះលើកឡើងថា ការប្រឡងអាចនឹងធូររលុងដោយសារជំងឺផ្លូវដង្ហើម Covid-19 រីករាលដាលជាសាកល ខណៈក្រសួងអប់រំបានបិទសាលារៀនបណ្តោះអាសន្នក្នុងពេលកន្លងទៅ ដោយគិតពីសុវត្ថិភាពសុខភាពសិស្សានុសិស្ស។ ទន្ទឹមគ្នានេះ ក្រសួងអប់រំ បានដាក់កម្មវិធីសិក្សាតាមបែបចម្រុះ សម្រាប់សិស្សាថ្នាក់ទី 12។

ឯកឧត្តម រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍អំពីដំណើរការប្រឡងបាក់ឌុបក្នុងពេលកន្លងទៅ។

ជុំវិញដំណើរការប្រឡងនៅពេលខាងមុខនេះ ឯកឧត្តម រស់ សុវាចា បានបញ្ជាក់ថា ក្រសួងអប់រំ យុវជន និងកីឡា វាយតម្លៃការបង្រៀនតាមកម្មវិធីសិក្សាបែបចំរុះក្នុងបរិបទ Covid-19 ដើម្បីជាមូលដ្ឋានក្នុងការចេញវិញ្ញាសារប្រឡង។ ក្នុងន័យនេះ ក្រសួងនៅតែបន្តលើកកម្ពស់គុណភាពអប់រំ និងគុណភាពប្រឡងដើម្បីឆ្លើយតបនឹងតម្រូវការសិក្សាតាមវិធីសាស្ត្រចម្រុះ គឺរៀនក្នុងថ្នាក់ផង រៀនតាមអនឡាញផង អមដោយក្រដាសកិច្ចការជំនួយ និងសៀវភៅសិក្សាគោល។

ឯកឧត្តមបន្តថា ៖ “នៅក្នុងការប្រឡងបាក់ឌុប សម្រាប់ឆ្នាំ២០២០នេះ ក្រសួងអប់រំ យុវជន និងកីឡា នៅតែផ្តល់ជូននិទ្ទេស (និទ្ទេស A, B, C, D និង E) ជូនដល់បេក្ខជនដូចឆ្នាំមុន ដើម្បីរក្សាគុណភាពនៃការប្រឡងរបស់បេក្ខជន ឆ្លើយតបនឹងការខិតខំប្រឹងប្រែងសិក្សារៀនសូត្រ របស់បេក្ខជនទាំងអស់”។

សូមបញ្ជាក់ថា នៅសិក្ខាសាលាស្ដីពីតួនាទី និងភារកិច្ចរបស់គណៈកម្មការអប្បមាទ និងជំនួយការអប្បមាទទូទាំងប្រទេស កាលពីថ្ងៃទី23 ខែវិច្ឆិកាកន្លង ទៅ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងអប់រំ បានលើកឡើងថា បាក់ឌុបឆ្នាំនេះ ក្រសួងអប់រំបន្តអនុវត្តគោលការណ៍ធំៗបួន គឺគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលអាចទទួលយកបាន ដើម្បីរក្សាគុណភាពប្រឡងជូនដល់សិស្សានុសិស្ស និងបេក្ខជនប្រឡង។

តាមរយៈអ្នកនាំពាក្យ ក្រសួងអប់រំ យុវជន និងកីឡា អំពាវនាវដល់សិស្សានុសិស្ស និងបេក្ខជនប្រឡងទាំងអស់ ត្រូវបន្តខិតខំប្រឹងប្រែងស្វ័យសិក្សា ថែរក្សាសុខភាព និងគាំទ្រគ្នាទៅវិញទៅមក ខណ:ពេលដែលកម្ពុជា និងពិភពលោកកំពុងប្រឈមនឹងកូវីដ-១៩នៅឡើយ៕

ហេង សុវណ្ណ
ហេង សុវណ្ណ
លោកមានបទពិសោធន៍ជិត ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍ វិទ្យុ និងកាសែតផ្នែកសេដ្ឋកិច្ច អប់រំ និងសង្គម។ បច្ចុប្បន្នលោកជានិពន្ធនាយកសារព័ត៌មាន AMS Economy និង AMS Education។
ads banner
ads banner
ads banner