វៀតណាម៖ អ្នកជំងឺកូវីដ១៩ម្នាក់ដែលនាំឲ្យផ្ទុះក្នុងសហគមន៍ជាថ្មី ប្រឈមជាប់គុក១២ឆ្នាំ
ទីភ្នាក់ងារសារព័ត៌មាន Vietnam Express បានចេញផ្សាយនៅថ្ងៃនេះថា នគរបាលបាននិងកំពុងស៊ើបអង្កេតលើករណីបុគ្គលិកបម្រើការលើយន្តហោះម្នាក់ ដែលជាជនជាតិវៀតណាមពាក់ព័ន្ធបំពានការធ្វើចត្តាឡីស័ករបស់រដ្ឋាភិបាល។
នគរបាលថា បុរសរូបនេះបានចម្លងកូវីដ-១៩ ទៅមនុស្ស៣នាក់ផ្សេងទៀតក្នុងទីក្រុងហូជីមិញ ហើយអាចនឹងរងបទចោទ «ចម្លងជំងឺឆ្លងគ្រោះថ្នាក់ទៅមនុស្សផ្សេងទៀត» មានស្ថានទម្ងន់ទោស ជាប់ពន្ធនាគាររហូតដល់ ១២ ឆ្នាំ ។ ករណីនេះហើយដែលនាំឲ្យវៀតណាមមានការឆ្លងក្នុងសហគមន៍ជាថ្មី ក្រោយពេលគ្មានអស់រយៈពេលជិត៣ខែមកហើនោះ។ នេះជាលើកទីមួយហើយ ដែលអ្នកបំពានបទបញ្ញាត្តិទប់ស្កាត់កូវីដ-១៩ មានលក្ខណៈបទឧក្រិដ្ឋ ខណៈពេលកន្លងមក មានត្រឹមតែបង់ប្រាក់ពិន័យប៉ុណ្ណោះ។
ដំបូងឡើយអ្នកផ្ទុកកូវីដ-១៩ វ័យ ២៨ ឆ្នាំរូបនេះ បានត្រលប់មកពីជប៉ុន និងដាក់ចត្តាឡីស័ករយៈពេល ៤ថ្ងៃ។ ក្រោយពីធ្វើតេស្តរកឃើញអវិជ្ជមានចំនួន ពីរដងមក បុរសរូបនេះ បានសុំមកដាក់ចត្តាឡីស័កនៅផ្ទះវិញ។ ក្រោយមក បុរសរូបនេះ បានតេស្តរកឃើញវិជ្ជមាន ហើយគេជឿថាបានទៅចម្លងលើគ្រូភាសាអង់គ្លេសម្នាក់នៅក្នុងទីក្រុងហូជីមិញ ក្រោយជួបគ្នា។ ក្មួយ និងសិស្សរបស់គ្រូភាសាអង់គ្លេស ក៏ឆ្លងកូវីដ-១៩ ផងដែរ។ ទន្ទឹមនេះ អ្នកបម្រើការលើយន្តហោះនេះបានទៅខាងក្រៅ និងមានទំនាក់ទំនងជាមួយម្តាយ និងមិត្តភក្តិរបស់ខ្លួនថែមទៀតដូចជាទៅហាងលក់ដូរទំនិញផ្សេងៗដែរ៕