អ្នកស្រី កន ម៉ាលី ៖ ខ្ញុំរៀនភាសាសញ្ញាដោយក្តីស្រឡាញ់ ដើម្បីសម្រួលបន្ទុកដ៏លំបាករបស់មនុស្សថ្លង់
(ភ្នំពេញ) ៖ ភាសាសញ្ញាសម្រាប់មនុស្សថ្លង់ បានក្លាយជាភាសាសំខាន់និងចាំបាច់នៅក្នុងទំនាក់ទំនងជីវភាពរស់ប្រចាំថ្ងៃ រវាងអ្នកនិយាយបានធម្មតា និងមនុស្សថ្លង់ ឬយល់ពីសហគមន៍មនុស្សថ្លង់។ ប្រសិនបើគ្មានភាសាសញ្ញានេះ គោលបំណងរបស់មនុស្សថ្លង់ ឬការផ្លាស់ប្តូរព័ត៌មានផ្សេងៗទៅក្នុងសកម្មភាពប្រចាំថ្ងៃក៏យើងមិនអាចដឹងបានដែរ។ នេះជាការយល់ឃើញរបស់អ្នកស្រី កន ម៉ាលី អ្នកជំនាញបកប្រែភាសាសញ្ញាសម្រាប់មនុស្សថ្លង់នៅកម្ពុជា។
“ខ្ញុំត្រឹមតែជាស្ពានសម្រាប់សម្របសម្រួលឱ្យសំឡេងមនុស្សថ្លង់តែប៉ុណ្ណោះ តាមរយៈការបកប្រែភាសាសញ្ញា ព្រោះកន្លងទៅគ្រប់គ្នាយល់ថា មនុស្សថ្លង់គួរឱ្យខ្លាច មិនគួររាប់អាន តែការពិតពួកគាត់ព្យាយាមប្រាប់អ្វីមួយមកយើង ដោយធ្វើសញ្ញាផ្សេងៗ ឱ្យយើងយល់…”។ នេះជាហេតុផលជំរុញចិត្តអ្នកស្រី កន ម៉ាលី ឱ្យសម្រេចក្តីស្រមៃក្លាយជាអ្នកបកប្រែភាសាសញ្ញាសម្រាប់មនុស្សថ្លង់តាំងពីកុមារ។
បច្ចុប្បន្នជាប្រធានគម្រោងភាសាសញ្ញា នៃកម្មវិធីអភិវឌ្ឍន៍មនុស្សថ្លង់ក្នុងអង្គការម៉ារីណុល អ្នកស្រី កន ម៉ាលី មានទីកន្លែងកំណើតជាអ្នករាជធានីភ្នំពេញ មានបទពិសោធន៍ 14 ឆ្នាំ លើការងារបកប្រែភាសាសញ្ញា។ អ្នកស្រីបានចំណាយពេលពីរឆ្នាំក្នុងការហ្វឹកហាត់រៀនសូត្រភាសាសញ្ញានៅអង្គការម៉ារីណុល មុននឹងក្លាយជាអ្នកបកប្រែភាសាសញ្ញា។ ម៉ាលី បានបន្តថា ភាសាសញ្ញាសម្រាប់មនុស្សថ្លង់ ខុសពីភាសានិយាយធម្មតា ភាសានេះមានក្បួនវេយ្យាករណ៍និយាយត្រឹមត្រូវ ដែលទាមទារពេលវេលាហ្វឹកហាត់ដោយយកចិត្តទុកដាក់បំផុត។
អ្នកស្រីម៉ាលី បន្តរៀបរាប់ប្រាប់ AMS Education ទៀតថា មនុស្សថ្លង់ក៏ការសេវាសាធារណៈ សេវាសុខភាព ការទទួលព័ត៌មាន និងការអប់រំដូចអ្នកស្តាប់បានធម្មតាដែរ ហើយកិច្ចការទាំងនេះចាំបាច់ត្រូវការអ្នកសម្របសម្រួលភាសាសញ្ញាកាយវិការជួយពួកគាត់។
និយាយបណ្តើរកាយវិការពន្យល់អមដោយស្នាមញញឹមបណ្តើរ ម៉ាលី បានរំលឹកអតីតកាលនៅពេលចាប់ផ្តើមរៀនភាសាសញ្ញាលើកដំបូងក្នុងជីវិតរបស់ខ្លួនថា៖ “ខ្ញុំរៀនភាសានេះដំបូងៗ គឺលួចរៀនពេលយប់នៅក្នុងមុង ហាត់ពត់ដៃកាយវិការ ដោយសារខ្លាចអ្នកផ្ទះដឹង យើងស្រឡាញ់ហើយចេះតែលួចរៀនទៅ។ ពេលខ្ញុំមកដល់ថ្នាក់រៀនភាសាសញ្ញានៅអង្គការវិញ ខ្ញុំធ្វើកាយវិការមិនដែរខុសទេ ហើយចេះតែរៀនបន្តបន្ទាប់មក និងធ្វើការជាមួយសហគមន៍មនុស្សថ្លង់”។
បំណាច់ចិត្តស្រឡាញ់ភាសាសញ្ញាផង និងមានទេពកោសល្យកាយវិការផ្នែកភាសាសញ្ញាផង ភាសាសញ្ញាកាយវិការបានក្លាយជាអាជីពការងាររបស់ ម៉ាលី នាពេលបច្ចុប្បន្ន។ អ្នកស្រីបានលើកឡើងថា ក្រៅពីបំពេញការងារនៅអង្គការម៉ារីណុល ជាអ្នករៀបចំកម្មវិធីបង្រៀនភាសាសញ្ញា ស្ទើរជារៀងរាល់ថ្ងៃអ្នកស្រីត្រូវបានស្ថានីយទូរទស្សន៍ជាច្រើនក្នុងស្រុកអញ្ជើញទៅបកប្រែភាសាសញ្ញាកម្មវិធីព័ត៌មាន និងបកប្រែភាសាសញ្ញាសម្រាប់វីដេអូអប់រំ និងបកប្រែសម្រាប់វេទិកាសាធារណៈជាដើម។
ក្នុងបរិបទនៃការរីករាលដាលជាសកលជំងឺផ្លូវដង្ហើយ Covid-19 សម្រាប់កម្ពុជាសារអប់រំសុខភាពជាច្រើនត្រូវបានផ្សព្វផ្សាយជាសាធារណៈ តាមកញ្ចក់ទូរទស្សន៍ និងនៅតាមប្រព័ន្ធផ្សព្វផ្សាយបណ្តាញសង្គម។ នៅពេលសួរថា តើអ្នកស្រី មានអារម្មណ៍ដូចម្តេច ពេលឃើញរូបភាពកាយវិការបកប្រែភាសាសញ្ញារបស់ខ្លួន ចូលរួមកិច្ចការសង្គមបែបនេះ? ម៉ាលី ឆ្លើយយ៉ាងខ្លីថា៖ “ខ្ញុំរំភើបនិងពេញចិត្តការងារនេះ ខ្ញុំអាចជួយមនុស្សថ្លង់យល់ដឹងព័ត៌មាន Covid-19 បាន ! ពេលគាត់បានឃើញព័ត៌មានតាមសញ្ញាដែលខ្ញុំផ្តល់ឱ្យ នោះពួកគាត់នឹងចូលរួមទប់ស្កាត់ ឬបញ្ជៀសជំងឺនេះបាន”។
តាមការបញ្ជាក់របស់អ្នកជំនាញភាសាសញ្ញាកាយវិការកម្ពុជា បានឱ្យដឹងថា ភាសាសញ្ញាកាយវិការកម្ពុជា ខុសពីភាសាសញ្ញាកាយវិការរបស់ប្រទេសផ្សេងៗទៀត អាស្រ័យលើស្ថានភាពរស់នៅជាក់ស្តែង។ ភាសាសញ្ញាកាយវិការកម្ពុជា មិនអាចប្រើប្រាស់ទូលំទូលាយបានជាលក្ខណៈអន្តរជាតិបានទេ ខណៈបច្ចុប្បន្នពិភពលោក
ជាការកត់សម្គាល់ បច្ចុប្បន្នជំនាញភាសាសញ្ញា ពុំសូវមានអ្នកចាប់អារម្មណ៍រៀនច្រើនទេ។ ក៏ប៉ុន្តែមួយរយៈចុងក្រោយ អ្នកមានចំណេះដឹងប្រើប្រាស់ភាសាសញ្ញាកម្ពុជា បានប្រើប្រាស់ជំនាញនេះ ជួយដល់សហគមន៍យ៉ាងច្រើន ជាពិសេសក្នុងដំណាក់កាលអប់រំសុខភាពអំពីជំងឺផ្លូវដង្ហើម Covid-19៕