រថយន្តព្រូសបុកគ្នាជាមួយម៉ូតូត្រង់ចំណុចផ្លូវបំបែកជាបួនចំពេញទំហឹង បណ្តាលឱ្យមានមនុស្សរងរបួសម្នាក់
ភ្នំពេញ ៖ រថយន្តព្រូសបុកគ្នាជាមួយម៉ូតូត្រង់ចំណុចផ្លូវបំបែកជាបួនចំពេញទំហឹង បណ្តាលឱ្យមានមនុស្សរងរបួសបែកមុខបែកមាត់ម្នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង២ និង១០នាទីរសៀល ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវលេខ១៤៤ ក្នុងសង្កាត់ផ្សារកណ្តាលទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តម៉ាកព្រូសមួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាក់លេខ ភ្នំពេញ 2AT-8655 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ១៤៤ ទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើត្រង់ផ្លូវបំបែកជាបួន ក៏ជ្រុលទៅបុកម៉ូតូម៉ាកប៊ីត ពណ៌ខៀវសរ ពាក់ស្លាក់លេខ ភ្នំពេញ 1HY-0887 ដែលធ្វើដំណើរបញ្ច្រាសទិសគ្នាចំពេញទំហឹង បណ្តាលឱ្យម្ចាស់ម៉ូតូម៉ាកប៊ីតរងរបួសបែកមុខបែកមាត់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗតែតែម្តង។ ក្រោយពេលកើតហេតុ ម្ចាស់រថយន្តព្រូសខាងលើនេះ បានដកសោររថយន្តប្រុងរត់គេចចេញពីទីតាំងកើតកន្លែងកើតហេតុ តែត្រូវសមត្ថកិច្ចឃាត់បានតែម្តង។
ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទីតាំងកើតហេតុ និងធ្វើការវាស់វែងបាញ់ថ្នាំរថយន្តនិងម៉ូតូទាំងពីគ្រឿងយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាល់ផ្សារកណ្តាលទី២ កុំឱ្យមានការកក់ស្ទះចរាចរណ៍ ដើម្បីឲ្យភាគីទំាងសងខាងធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕