Brexit ៖ អង់គ្លេស និងសហភាពអ៊ឺរ៉ុបត្រៀមជួបគ្នាឡើងវិញដើម្បីអាចបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្ម
បរទេស៖ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃចន្ទនេះបានឲ្យដឹងថា កិច្ចពិភាក្សាគ្នារវាងអង់គ្លេស និងសហភាពអ៊ឺរ៉ុបនឹងចាប់ផ្តើមដំណើរការឡើងវិញនាពេលខាងមុខដើម្បីអាចបញ្ចប់ទៅនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មក្រោយពេលអង់គ្លេសចាកចេញពីប្លុកអ៊ឺរ៉ុបជាផ្លូវការ។
ប្រភពដដែលបានសរសេរទៀតថានៅក្រោយការជួបជុំគ្នាដ៏តានតឹងកាលពីចុងសប្តាហ៍កន្លងមកកិច្ចព្រមព្រៀងស្ទើរតែអាចបញ្ចប់ទាំងស្រុងទៅហើយ ប៉ុន្តែជឿជាក់ថាដោយសារតែភាគីខាងអង់គ្លេសនៅមានបញ្ហាមួយចំនួនតូចដើម្បីពិនិត្យឡើងវិញ។
តំណាងអ្នកពិភាក្សារបស់អង់គ្លេស លោក Lord Frost នឹងត្រូវបានគេដឹងថាបន្តជួបជាមួយលោក Michel Barnier ម្តងទៀតហើយលោកនាយករដ្ឋមន្ត្រីអង់គ្លេស Boris Johnson ក៏នឹងត្រូវទូរស័ព្ទជួបជាមួយនឹងលោកស្រី Ursula von der Leyen ប្រធានគណកម្មការអ៊ឺរ៉ុបផងដែរ។
ប្រភពដ៏គួរឲ្យទុកចិត្តមួយរបស់សហភាពអ៊ឺរ៉ុបដែលថ្លែងប្រាប់ទៅកាន់ក្រុមការងារ BBC បានបញ្ជាក់ដែរថា ទោះបីជាកិច្ចព្រមព្រៀងពាណិជ្ជកម្មនឹងមិនអាចរៀបចំរួចរាល់ជាផ្លូវការមុនពេលចុងឆ្នាំក្តី ប៉ុន្តែគោលការណ៍ត្រួតពិនិត្យនិងកិច្ចការងារបង់ពន្ធគំរូថ្មីនឹងដាក់ឲ្យអនុវត្តន៍សម្រាប់ការចរាចរណ៍ទំនិញនៅតាមព្រំដែនអង់គ្លេសជាមិនខាន៕