លទ្ធផលប្រឡងឌីប្លូមនឹងចេញជាផ្លូវនៅក្រោយថ្ងៃទី១៤ ធ្នូខាងមុ

អត្ថបទដោយ៖
ហេង សុវណ្ណ

ដូចការគ្រោងទុកលទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ឬឌីប្លូម បានប្រកាសឱ្យដឹងនៅថ្ងៃទី07 ខែធ្នូនេះ សម្រាប់មណ្ឌលប្រឡងនីមួយៗនៅតាមរាជធានី-ខេត្ត។ លទ្ធផលប្រឡងប្រកាសរួមទូទាំងប្រទេស ក្រសួងអប់រំនឹងផ្សព្វផ្សាយនៅក្រោយថ្ងៃទី14 ខែធ្នូខាងមុខ។

មូលហេតុក្រសួងអប់រំ យុវជន និងកីឡា ប្រកាសលទ្ធផលប្រឡងផ្លូវការនៅក្រោយថ្ងៃទី14 ខែធ្នូ ខាងមុខនេះ ដោយសារលទ្ធផលប្រឡងនៅតាមមណ្ឌលប្រឡងនីមួយៗ នឹងបញ្ជូនមកក្រសួងអប់រំមិនឱ្យហួសពីថ្ងៃទី14 ខែធ្នូឡើយ។ ក្រសួងអប់រំ ត្រូវការពេលវេលាសម្រាប់ប្រមូលលទ្ធផលនិងផ្ទៀងផ្ទាត់ឡើងវិញ មុននឹងប្រកាសជាផ្លូវការ។ នេះបើតាមការឱ្យដឹងពីមន្ត្រីនាំពាក្យក្រសួងអប់រំ យុវជន និង កីឡា បានប្រាប់ AMS Education នៅរសៀលថ្ងៃទី07 ខែធ្នូនេះ។

សូមបញ្ជាក់ថា ការប្រឡងឌីប្លូម ឆ្នាំ2020នេះ មានរយៈពេលពីរថ្ងៃ ប្រព្រឹត្តទៅកាលពីថ្ងៃទី30 ខែវិច្ឆិកា និងថ្ងៃទី01 ខែធ្នូ កន្លងទៅ មានបេក្ខជនប្រឡងសរុបចំនួនជាង 15ម៉ឺននាក់ មានមណ្ឌលប្រឡងចំនួន 1729 មណ្ឌល។ សម្រាប់សាលាឯកជនមួយចំនួន បានរៀបចំប្រឡងឌីប្លូមរួចរាល់ហើយ កាលពីថ្ងៃទី 03 សីហាកន្លងទៅ។

សម្រាប់ការប្រឡងឌីប្លូមឆ្នាំនេះ មានមុខវិជ្ជាទាំងអស់ 11មុខវិជ្ជា។ ចំណែករបបពិន្ទុដែលបេក្ខជនទទួលបានជាអតិបរមាមានចំនួន 445ពិន្ទុ និងរបបពិន្ទុប្រចាំឆ្នាំ 100ពិន្ទុ សរុបពិន្ទុទាំងអស់ 545ពិន្ទុ។ ដោយឡែកសារភាសាបរទេសជាវិញ្ញាសាស្ម័គ្រ។ ពិន្ទុប្រឡងជាប់គឺ 545 ដក 25 រួចចែកនឹងពីរស្មើនឹង 260ពិន្ទុ សម្រាប់បេក្ខជនចំណេះទូទៅនិងបំពេញវិជ្ជា។ ចំពោះបេក្ខជនស្វ័យរិនពិន្ទុជាប់ 445 ដក 25 រួចចែកនឹងពីរស្មើនឹង 210ពិន្ទុ។

ប្រឡងឌីប្លូមឆ្នាំនេះ ក្រសួងអប់រំ យុវជន និងកីឡា បានកត់សម្គាល់ឃើញថា គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា បេក្ខជនប្រឡង និងគ្រប់ភាគីពាក់ព័ន្ធ បានអនុវត្តវិធានការសុវត្ថិភាពសុខភាពយ៉ាងម៉ឺងម៉ាត់និងខ្ជាប់ខ្ជាន់៕

ហេង សុវណ្ណ
ហេង សុវណ្ណ
លោកមានបទពិសោធន៍ជិត ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍ វិទ្យុ និងកាសែតផ្នែកសេដ្ឋកិច្ច អប់រំ និងសង្គម។ បច្ចុប្បន្នលោកជានិពន្ធនាយកសារព័ត៌មាន AMS Economy និង AMS Education។
ads banner
ads banner
ads banner