អ្នកនាំពាក្យរាជរដ្ឋាភិបាលអំពាវនាវឲ្យសាធារណជនប្រុងប្រយត្ន័ និងចូលរួមទប់ស្កាត់ព័ត៌មានមិនពិត បំពុលបរិយាកាសសង្គម
យោងតាមសេចក្ដីថ្លែងការណ៍របស់អ្នកនាំពាក្យរាជរដ្ឋាភិបាលនៅថ្ងៃ៧ធ្នូឆ្នាំ២០២០នេះ បានឲ្យដឹងថា នារយៈពេលចុងក្រោយនេះ គេបានសង្កេតឃើញថា មានជនមួយចំនួនបានប្រឌិតផ្សព្វផ្សាយព័ត៌នាបអកុសល មិនពិត បំពុលបរិយាកាសសង្គម ក្នុងគោលបំណងធ្វើឲ្យប្រជាពលរដ្ឋច្របូកច្របល់ស្លន់ស្លោ ស្ដីពីបញ្ហានៃការរីករាលដាលជំងឺកូវីដ-១៩។ អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបន្តថា គេមានការសោកស្ដាយយ៉ាងខ្លាំងចំពើទង្វើខាងលើ ក្នុងពេលដែលរាជរដ្ឋាភិបាល ស្ថាប័នជំនាញ អាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ រួមជាមួយប្រជាពលរដ្ឋទូទាំងប្រទេស បាននិងកំពុងសហការគ្នាយ៉ាងសស្រាក់ស្រាំ និងម៉ឺងម៉ាត់បំផុត ដើម្បីទប់ស្កាត់ និងបង្ការការឆ្លងវីរុសកូវីដ-១៩ នៅក្នុងសហគមន៍។ អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបន្តថា សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី តែងតែងផ្ដល់ព័ត៌មានទាន់ហេតុការណ៍ និងព័ត៌មានចាំបាច់នានា ស្ដីពីវិធានការរបស់រាជរដ្ឋាភិបាលកម្ពុជាជូនសាធារនជន បានជ្រាបមិនថាពេលយប់ ឬពេលថ្ងៃ នៅទីណានោះទេ។ ជាមួយគ្នានោះដែរ ក្រសួងសុខាភិបាលក៏បានបញ្ចេញព័ត៌មានទាន់ហេតុការណ៍យ៉ាងសកម្ម ពីព្រឹត្តិការសហគមន៍២៨វិច្ឆិកាផងដែរ។ អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកក្រសួងសុខាភិបាល ជាស្ថាប័នមានអាទិភាពក្នុងការផ្សព្វផ្សាយព័ត៌មាននានា ទាក់ទងនឹងការឆ្លងវីរុសកូវីដ-១៩។ អ្នកនាំពាក្យរាជរដ្ឋាភិបាល អំពាវនាវឲ្យសាធារណជន តាមដានទំព័រហ្វេសប៊ុករបស់សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី www.facebook.com/hunsencambodia និងដើម្បីបានជ្រាបច្បាស់អំពីចំណាច់ការនានា ដែលរាជរដ្ឋាភិបាលដាក់ចេញ ក៏ដូចជាទំព័រហ្វេសប៊ុករបស់ក្រសួងសុខាភិបាល www.facebook.com/ministeryofhealthcambodia ឬមានចម្ងល់ណាមួយជាយថាហេតុអាចទាក់ទងទៅកាន់លេខ១១៥។ ជាមួយគ្នានោះ អ្នកនាំពាក្យរាជរដ្ឋាភិបាល បានអំពវនាវឲ្យសាធារណជន ប្រុងប្រយត្ន័ និងរួមគ្នាទប់ស្កាត់ចំពោះការផ្សព្វផ្សាយបន្តព័ត៌មានប្រឌិត ដែលមិនមែនជាប្រភពផ្លូវការរបស់រដ្ឋាភិបាល។