មួយខែមុនថ្ងៃប្រឡងបាក់ឌុបមកដល់ តើសិស្សថ្នាក់ទី12 គួរត្រៀមខ្លួនដូចម្ដេចខ្លះ?

អត្ថបទដោយ៖
AMS

(ភ្នំពេញ)៖ គិតត្រឹមថ្ងៃចន្ទ ទី07 ខែធ្នូនេះ នៅសល់ពេលតែមួយខែទៀតតែប៉ុណ្ណោះ ដែលសិស្សានុសិស្សថ្នាក់ទី12 គ្រប់រូបមានពេលសម្រាប់ត្រៀមខ្លួនប្រឡងបាក់ឌុប។ ពេលវេលាប្រឡងខិតកាន់តែកៀកសិស្សានុសិស្សមួយចំនួន បានត្រៀមខ្លួនរួចជាស្រេច ដើម្បីបញ្ចេញសមត្ថភាព និងចំណេះដឹងរបស់ខ្លួន រីឯសិស្សមួយចំនួនទៀត ក៏នៅស្ទាក់ស្ទើរមិនទាន់ប្រាកដក្នុងចិត្ត ថាគួររៀបចំខ្លួនដូចម្ដេចនៅឡើយ។

ពាក់ព័ន្ធនឹងការត្រៀមខ្លួនមុនថ្ងៃប្រឡងបាក់ឌុបនេះ AMS Education ទទួលបានគន្លឹះសំខាន់ៗមួយចំនួនពីយុវនិស្សិត សាន គីមស័ង ដែលជាអតីតសិស្សនិទ្ទេស A កាលពីឆ្នាំ 2019 កន្លងទៅ។

យុវសិស្ស សាន គីមស័ង អតីតសិស្សនិទ្ទេស A កាលពីឆ្នាំ 2019 កន្លងទៅ។

គីមស័ង បានលើកឡើងថា គន្លឺះសំខាន់ដំបូងបំផុតដែលបេក្ខជនត្រៀមខ្លួនប្រឡងបាក់ឌុបត្រូវធ្វើ គឺថែរក្សាសុខភាពឱ្យបានល្អ។ សុខភាពជាទ្រព្យសម្បត្តិ ហើយជោគជ័យគ្រប់យ៉ាង ផ្តើមចេញពីសុខភាព ជាពិសេសកំឡុងពេលការរាតត្បាតនៃជំងឺកូវីដ-19 ឆ្លងចូលក្នុងសហគមន៍នេះ ជាពេលដែលគ្រប់គ្នាត្រូវប្រុងប្រយ័ត្នខ្ពស់ ការពារខ្លួន បញ្ជៀសការឆ្លងមេរោគ ក៏ដូចជាការចម្លងទៅអ្នកដ៏ទៃ។

គីមស័ង បានបញ្ជាក់ថា៖ “បើមិនចាំបាច់ សិស្សទាំងអស់គួរតែរក្សាខ្លួននៅក្នុងផ្ទះ ខិតខំសិក្សារៀនសូត្រ រំលឹកមេរៀន និងអនុវត្តវិធានការអនាម័យដែលបានណែនាំដោយក្រសួងសុខាភិបាល ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនៃជំងឺកូវីដ-19 នេះក៏ដូចជាត្រៀមខ្លួនរងចាំថ្ងៃប្រលងដែលជិតមកដល់”។

ទន្ទឹមគ្នានេះ ការរំលឹកមេរៀនឡើងវិញ ជាចំណុចចាំបាច់ដែលសិស្សទាំងអស់ត្រូវតែរៀបចំឲ្យរួចរាល់។ មេរៀនជាផ្នែកចម្បងនៃការប្រឡងបញ្ជាក់សមត្ថភាព ការយល់ដឹង និងការចងចាំរបស់សិស្ស។ មេរៀនដែលបានរៀនរួចមានច្រើន ហើយពេលប្រឡងកាន់តែខិតចូលមកដល់ សិស្សទាំងអស់មិនអាចមើលមេរៀនទាំងអស់ឡើងវិញបានទេ។ ដូច្នេះហើយការជ្រើសរើសមេរៀនមករំលឹកឡើងវិញ ត្រូវតែជ្រើសរើសដោយត្រឹមត្រូវ និងមានប្រសិទ្ធិភាពខ្ពស់។

យុវជន គីមស័ង បានពន្យល់ចំណុចនេះថា គួររំលឹកមេរៀនណាដែលសំខាន់ៗ ឬមេរៀនដែលក្រសួងអប់រំតែងដាក់ជាវិញ្ញាសានៅឆ្នាំមុនៗឱ្យបានច្រើន។ គីមស័ង បន្តថា “ជាទូទៅវិញ្ញាសាតាមឆ្នាំនីមួយៗមិនខុសគ្នាប៉ុន្មានទេ អាចមានលក្ខណៈស្រដៀងគ្នា ឬ ចេញមេរៀនដូចគ្នា ហើយគួរព្យាយាមមើលទិដ្ឋភាពរួមឬចំណុចរួមពីធំទៅតូចវិញ ព្រោះយើងមិនមានពេលគ្រប់គ្រាន់មើលគ្រប់ចំណុចតូចៗទាំងអស់ទេ។ ចំណែកឯលំហាត់អនុវត្ត គួរតែព្យាយាមឲ្យអស់លទ្ធភាពក្នុងការធ្វើវិញ្ញាសាលំហាត់ដែលធ្លាប់ចេញឆ្នាំមុនៗដូចគ្នា”។

គន្លឹះចុងក្រោយមួយទៀត គឺការគិតវិជ្ជមាន។ ដោយសារការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំនេះ ស្ថិតក្នុងបរិបទនៃការរាត្បាតជំងឺកូវីដ-19 ក្នុងសហគមន៍ គួបផ្សំនឹងការពន្យាពេលប្រឡងផង ពេលវេលានៃការប្រឡងខិតកាន់តែកៀកជិតដល់ផង អាចធ្វើឲ្យបេក្ខជនមួយចំនួនភិតភ័យច្របូកច្របល់បាន។

ជុំវិញរឿងនេះ គីមស័ង បានបន្តលើកឡើងថា ទោះជាយ៉ាងណាក៏ដោយយើងត្រូវតែរក្សាគំនិតសុទិដ្ឋិនិយម (គិតវិជ្ជមាន) ជានិច្ច។ ភ័យព្រួយមិនអាចជួយអ្វីបានទេ។ រីឯការប្រឡងនៅតែប្រព្រឹត្តទៅដដែល។ បេក្ខជនកុំដាក់សម្ពាធខ្លួនឯងខ្លាំងពេក ថ្វីបើពេលវេលាពីរសប្ដាហ៍ចុងក្រោយនេះ ជាដំណាក់កាលដែលត្រូវប្រឹងឲ្យអស់ពីសមត្ថភាព តែប្រឹងយ៉ាងណាកុំឲ្យប៉ះពាល់ដល់សុខភាពផ្លូវកាយ និងសុខភាពផ្លូវចិត្តឱ្យសោះ។

“ពេលវេលាដើរទៅមុខហើយ មិនបកក្រោយវិញទេ។ ដូច្នេះពេលវេលាដែលនៅសេសសល់ទាំងប៉ុន្មានគួរតែប្រើជាប្រយោជន៍ឲ្យសមស្របទៅនិងតម្លៃរបស់វា។ ឱកាសក៏មិនមានច្រើនដែរ អ្នកណាចាប់បានអ្នកនោះជាអ្នកទទួល។ ត្រូវចងចាំថា អ្នកចេះគឺជាប់”។ នេះជាការបញ្ជាក់បន្ថែមរបស់ អតីតសិស្សនិទ្ទេសA កាលពីឆ្នាំ 2019 សាន គីមស័ង។

គួរបញ្ជាក់ផងដែរថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប គឺជាព្រឹត្តិការណ៍សំខាន់មួយ ក្នុងឆាកជីវិតរបស់សិស្សថ្នាក់ទី12 ដែលពួកគាត់ខិតខំចំណាយពេលវេលាសិក្សា ក្រេបយកចំណេះវិជ្ជា ដើម្បីបញ្ចេញសមត្ថភាពក្នុងថ្ងៃប្រឡងថ្នាក់ជាតិ ដែលនឹងប្រព្រឹត្តទៅរវាងពាក់កណ្តាលខែមករា ឆ្នាំ 2021 ខាងមុខនេះ។ ក្រសួងអប់រំនឹងជូនដំណឹងអំពីកាលបរិច្ឆេទច្បាស់លាស់នៃការប្រឡងនៅពេលក្រោយ៕

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner