បុរសម្នាក់ខ្យល់គរស្លាប់នៅក្នុងហាងមួយកន្លែង ដែលមានយីហោឈ្មោះ អយស្ទ័រ ហៅស៍១ នៅខណ្ឌដូនពេញ
ភ្នំពេញ៖ បុរសម្នាក់សង្ស័យថាខ្យល់គរស្លាប់នៅក្នុងហាងមួយកន្លែង ដែលមានយីហោឈ្មោះ អយស្ទ័រ ហៅស៍១ បង្កឲ្យមានកការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៣ និង១០នាទីរសៀល ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ ស្ថិតតាមបណ្តោយផ្លូវលេខ១៥៤ នៅចំណុចហាងមួយកន្លែងមានយីហោឈ្មោះ អយស្ទ័រ ហៅស៍១ ក្នុងសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
សពជនរងគ្រោះ មានឈ្មោះ ភក្តី ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរដឹកអីវ៉ាន់ក្នុងហាងយីហោឈ្មោះ អយស្ទ័រ ហៅស៍១ មានស្រុកកំណើតនៅភូមិឈើកាច់ ឃុំជើងភ្នំ ស្រុកបាភ្នំ ខេត្តព្រៃវែង សព្វថ្ងៃរស់នៅទីតាំងកន្លែងកើតហេតុ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា ជនរងគ្រោះបានធ្វើការនៅហាង យីហោឈ្មោះ អយស្ទ័រ ហៅស៍១ ហើយសព្វថ្ងៃនេះរូបគាត់ស្នាក់នៅហាងកើតហេតុខាងលើនេះតែម្តង។ លុះមកដល់វេលាម៉ោង៣ និង១០នាទីរសៀល ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ ក្រុមគ្រូសាររបស់ជនរងគ្រោះចេះតែឆ្ងល់ថាហេតុអី ជនរងគ្រោះមិនចេញមកធ្វើការ ហើយធ្វើការទាក់ទងក៏មិនបានទៀត។ ភ្លាមៗនោះក្រុមគ្រូសារក៏សម្រេចចិត្តចាក់សោទ្វារហាង ដែលជនរងគ្រោះស្នាក់នៅ ខណៈដែលចាក់ចូលទៅខាងក្នុងស្រាប់តែប្រទះឃើញ ជនរងគ្រោះដេកស្លាប់ម្នាក់ឯងក្នុងបន្ទប់បាត់ទៅហើយ ទើបបង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ និងសមត្ថកិច្ចមូលដ្ឋានចុះមកដល់ទីតាំងកើតហេតុភ្លាមៗតែម្តង។
ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទីតាំងកន្លែងកើតហេតុ រួចធ្វើការទំនាក់ទំនងទៅកម្លាំងជំនាញចុះមកពិនិត្យមើលនិងធ្វើកោសល្យវិច័យ ធ្វើកំណត់ហេតុរួចក៏ប្រគល់សពឲ្យទៅសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕