កម្ពុជា-អូស្ត្រាលីគាំទ្រសហគ្រិនវិស័យកសិកម្មដើម្បីកែច្នៃកសិផលកម្ពុជាដែលមានសក្តានុពល
ចាប់ពីពេលនេះតទៅ សហគ្រាសខ្នាតតូចនិងមធ្យម ក្នុងវិស័យកសិកម្ម នឹងទទួលបានទាំងការគាំទ្រថវិកានិងបច្ចេកទេសដើម្បីកែច្នៃផលិតផលកសិកម្មរបស់កម្ពុជាដែលពុំសូវបានកែច្នៃឱ្យទៅជាកសិ-ម្ហូបអាហារស្តង់ដា។ នេះគឺជាការអះអាងសន្យាជួយពីសហគ្រិនខ្មែររបស់ក្រសួងសេដ្ឋកិច្ច និងកម្មវិធីកសិកម្មរបស់រដ្ឋាភិបាលអូស្ត្រាលី(CAVAC) និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។
សហគ្រិនខ្មែរតាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ខ្លួន បានបញ្ជាក់ពីគោលបំណងថាដើម្បីជំរុញឱ្យសហគ្រាសធុនតូចនិងមធ្យមមានផលិតផលកសិ-ម្ហូបអាហារលក់ក្នុងទីផ្សារថ្មីៗដែលកែច្នៃចេញពីផលិតផលកសិកម្មរបស់កម្ពុជាដែលមានសក្តានុពល និងមានទំហំប្រមាណជិត២២%នៃផលិតផក្នុងស្រុកសរុប។ បន្ថែមពីនេះ ការជួយគាំទ្រពីស្ថាប័នទាំង៣ខាងលើក៏នឹងជួយបង្កើតការងារក្នុងវិស័យកសិកម្មឱ្យកាន់តែច្រើន ក៏ដូចជាឱកាសបង្កើនតម្លៃបន្ថែម។
ក្នុងកិច្ចសហការនេះ សហគ្រិនខ្មែរ និងកម្មវិធីការវ៉ាក់(CAVAC) រួមទាំងវិទ្យាស្ថានបច្ចេកវិទ្យា នឹងផ្តល់វត្ថុធាតុដើម ជំនួយខាងជំនាញបច្ចេកទេស និងហិរញ្ញវត្ថុ និងការងារពិសោធន៍ដើម្បីកែច្នៃដល់សហគ្រាសធុន តូចនិងមធ្យមដែលត្រូវបានជ្រើសរើសដើម្បីកែច្នៃផលិតផលកសិកម្មទាំងនោះ។ បើតាមការបញ្ជាក់ សហគ្រាសខ្នាតតូច និងមធ្យមទាំងអស់អាចចាប់ផ្តើមដាក់ពាក្យនៅពាក់កណ្តាលខែមិថុនានេះនៅសហគ្រិនខ្មែរ។
នាយកប្រតិបត្តិសហគ្រិនខ្មែរ លោកបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ បានលើកឡើងថាចក្ខុវិស័យរបស់រដ្ឋាភិបាលដែលមានក្រសួងសេដ្ឋកិច្ចជាសេនាធិការ មានបំណងលើកកម្ពស់គ្រប់សសកម្មភាពរបស់វិស័យសហគ្រិននៅកម្ពុជា។
បន្ថែមពីនេះឯកអគ្គរាជទូតអូស្ត្រាលីប្រចាំនៅកម្ពុជា Pablo kang បានគូសបញ្ជាក់ថា គម្រោងនៃកិច្ចសហប្រតិបត្តិការនេះ គឺជាការកសាងមូលដ្ឋានគ្រឹះសម្រាប់ឧស្សាហកម្មផលិតចំណីអាហារដែលមានគុណភាពខ្ពស់នៅកម្ពុជាដែលផលិតដោយសហគ្រាសធុនតូចនិងមធ្យម៕