ទីតាំងហ្វូស៊ីលដើមឈើថ្មនៅខេត្តរតនគិរី ដែលគេជីករកឃើញនឹងក្លាយជាតំបន់ទេសចរណ៍ធម្មជាតិ

ដោយ៖ម៉ាដេប៉ូ

រតនគីរី៖ហ្វូស៊ីលដើមឈើថ្មក្នុងតំបន់ធម្មជាតិដែនជម្រកសត្វព្រៃលំផាត់ខេត្តរតនគិរីដែលគេជីករកឃើញនាកន្លងមកនឹងក្លាយជាតំបន់ទេសចរណ៍បែបធម្មជាតិនិងទេសចរណ៍បែបសិក្សាស្រាវជ្រាវ។

លោក​ ​ផុន​ ​ខេមរិន​ ប្រធានមន្ទីរ​បរិស្ថាន​ខេត្តរតនគិរីបានបញ្ជាក់ឱ្យដឹងថា ក្រោយការរកឃើញ​ហ្វូ​ស៊ី​ល​ដើមឈើ​ក្លាយជា​ថ្មនេះ​ ក្រុមការងារបានរៀបចំស្នាក់ការរងដើម្បីការពារនិងអភិរក្សទីតាំងនេះ ហើយគោលដៅរបស់ក្រសួងគឺនឹងរៀបចំទៅជាកន្លែងទេសចរណ៍ បែបធម្មជាតិផងនិងទេសចរណ៍បែបសិក្សាស្រាវជ្រាវទៅលើផ្នែកហ្វូស៊ីលផង។

ទាក់ទិនទៅនឹងការរកឃើញហ្វូស៊ីលដើមឈើថ្មនេះដែរ លោកប្រធានមន្ទីរ ខេត្តរតនគិរីបានបញ្ជាក់បន្ថែមថា កាលពីជីកតំណាក់កាលទី១យើងបានរកឃើញ១៦ម៉ែត្រប៉ុន្តែពេលនេះក្រុមមន្រ្តីជំនាញបានចុះមកស្រាវជ្រាវលើកទី២ យើងជីករកឃើញបន្ថែមមួយម៉ែត្រទៀតហើយគឺប្រវែង ១៧ម៉ែត្រ ។ដើមឈើថ្មដែលគេបានរកឃើញនេះមានទាំង ឫស បំណែកស្លឹក សំបកដែលវានៅរក្សាទ្រង់ទ្រាយបានល្អ បើទោះបីមានអាយុកាលរាប់សិបលានឆ្នាំហើយក្តី។

          ជាមួយការរកឃើញនេះដែរលោកបានបញ្ជាក់បន្ថែមថាបើតាមការសន្និដ្ឋានគឺនៅមានហ្វូស៊ីលដើមឈើជាច្រើន កន្លែងទៀតនៅក្បែរគ្នានោះមានច្រើនទៀតណាស់ គ្រាន់តែពេលនេះយើងមិនទាន់មានផែនការធ្វើកំណាយបន្តទៀតនៅឡើយ ។

ដោយឡែកលោក លឹម វ៉ានចាន់ ប្រធានការិយាល័យបេតិភណ្ឌវប្បធម៌នៃនាយកដ្ឋានតំបន់បេតិភណ្ឌ របស់អគ្គនាយកដ្ឋានមូលដ្ឋាននៃក្រសួងបរិស្ថានបានឱ្យដឹងថាហ្វូស៊ីលដើមឈើដ៏កម្រដែលគេបានជីកកកាយរកឃើញនេះ វានៅរក្សាទ្រង់ទ្រាយដើមស្ទើរតែទាំងស្រុង ។

         លោកថា”ហ្វូស៊ីលនេះនឹងប្រើប្រយោជន៍សម្រាប់បម្រើវិស័យទេសចរណ៍និងពិសេសអាចនាំយកឱ្យសិស្សានុសិស្សបានសិក្សាស្វែងយល់ពីកំណើតហ្វូស៊ីលនិងមូលហេតុអ្វីដើមឈើទើបបានក្លាយជាហ្វូស៊ីលបែបនេះ។ក្រៅពីនេះគេអាចបង្កើតជាតំបន់ទេសចរណ៍សម្រាប់ភ្ញៀវទេសចរចូលកម្សាន្តនៅទីកន្លែងនេះដោយផ្ទាល់ ផង”។

ជាមួយគ្នាលោកបានកត់សម្គាល់ដែរថាក្រុមការងារសង្ស័យថាអាចមានហ្វូស៊ីលដើមឈើផ្សេងទៀតនៅក្បែរកន្លែងដែលគេបានរកឃើញប៉ុន្តែគ្រាន់តែគេមិនទាន់បានជីកកកាយរកប៉ុណ្ណោះ។បច្ចុប្បន្នក្រុមការងារលោកកំពុងផ្តោតលើទីតាំងនេះសិន មុននឹងបន្តពិនិត្យកន្លែងផ្សេងៗទៀត ។

លោកលឹមវ៉ាន់ចាន់បានឱ្យដឹងថាបើតាមអ្នកជំនាញបានវាយតម្លៃជាជំហ៊ានដំបូងហ្វូស៊ីលនេះមានអាយុកាលប្រមាណមួយរយលានឆ្នាំមកហើយ។

លោកបានបន្ថែមទៀតថាសំណាកហ្វូស៊ីលដើមឈើត្រូវបានរកឃើញនៅទីតាំងជាច្រើនផ្សេងទៀតនៅក្នុងដែនជម្រកសត្វព្រៃដដែលនេះ។

ជាមួយគ្នាលោកបានបញ្ជាក់ថា”បើគិតនៅបរិវេណទីតាំងហ្នឹងមានច្រើននេះបើតាមគេត្រួតពិនិត្យមើលកន្លងមកក្នុងបរិវេណប្រមាណ១០០ទៅ២០០ម៉ែត្រជុំវិញហ្នឹងមានប្រមាណ៣៥ដើមប៉ុន្តែទាំងអស់នេះគ្រាន់ជាស្នាមវាលេចចេញមកទេ។ចំពោះក្នុងរណ្តៅកំណាយដែលយើងជីកបួនម៉ែត្រគុណម្ភៃម៉ែត្រហ្នឹងដើមឈើមានជាឬសតែម្តងចំនួ ន ២ដើមនិងចំណែកដើមតូចៗហ្នឹងមាន២ទៅ៣ដើមទៀត។អញ្ចឹងមានន័យថាក្នុងរណ្តៅយើងជីករកឃើញហ្នឹងមាន៤ទៅ៥ ដើមបាត់ទៅហើយ។ហេតុនេះយើងទើបសន្និដ្ឋានថានៅជិតដីក្បែរគ្នានេះវាមានច្រើនទៀត”។

          ទាក់ទិនទៅនឹងការជីករុករកសំណាកហ្វូស៊ីលដើមឈើនេះ លោក លឹម វ៉ាន់ចាន់បានឱ្យដឹងផងថាបើយើងចង់ជីករុករកទ្រង់ទ្រាយធំទៅថ្ងៃក្រោយគឺយើងត្រូវពឹងផ្អែកទៅលើបច្ចេកទេសច្រើនបន្ថែមទៀត។ពេលនេះយើងគ្រាន់ជីវរកដំណាក់កាលទី១និងទី២សិន ហើយថ្ងៃខាងមុខយើងនឹងធ្វើការជីករុករកបន្ថែមទៀត។

​          គួរ​បញ្ជាក់ថា នាកន្លងមកក្រុមការងារ​សិក្សាហ្វូស៊ីល នៃ​នាយកដ្ឋាន​តំបន់​បេតិកភណ្ឌ បានចាប់ផ្ដើម​ប្រតិបត្តិការ​របស់ខ្លួន រយៈពេល​២​ឆ្នាំ​មកហើយ ដោយ​ក្នុងនេះ​ក្រុមមន្ត្រី​ជំនាញ បាន​រកឃើញ​ហ្វូស៊ីល​ខ្យ​ង ហ្វូស៊ីល​ត្រី និង​សត្វ​ផ្សេងៗ​ជាច្រើនទៀត​៕

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner