សម្តេចតេជោ ហ៊ុន សែន នឹងផ្តល់ការចាក់វ៉ាក់សុាំងជាអាទិភាពដល់កងទ័ពអាវសមុនគេ
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ណែនាំក្រសួងជំនាញទាក់ទងវ៉ាក់សុាំងកូវីដ១៩ ចំពោះការផ្តល់ជាអាទិភាព នៅពេលទិញវ៉ាក់សុាំងមកហើយ ចាំបាច់ត្រូវចាក់អោយអ្នកណាមុន ជាពិសេស នឹងផ្តល់ការចាក់វ៉ាក់សុាំងជាអាទិភាពដល់កងទ័ពអាវសមុនគេ។ នេះបើតាមសារសម្លេងរបស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នៅយប់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០នេះ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី តាមរយៈសារជាសម្លេង នាយប់ថ្ងៃទី៧ ខែធ្នូនេះ បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នឹងទិញវ៉ាក់សាំងចំនួន១លានដូស។ ប៉ុន្តែមិនទាន់ដឹងថា ទិញពីប្រទេសណានៅឡើយនោះទេ។
សម្តេចតេជោ បន្ថែមថា ដោយ១លានដូសនេះ ចាក់បានត្រឹម៥០ម៉ឺននាក់ប៉ុណ្ណោះ ហើយអ្នកដែលត្រូវបានចាក់មុនគេ គឺ គ្រូពេទ្យ, គ្រូបង្រៀន, កម្លាំងប្រដាប់អាវុធ, មន្ត្រីយុត្តិធម៌ ជាអ្នកដែលត្រូវបានទទួល ក្នុងរង្វង់៥០ម៉ឺននាក់ដំបូង ព្រោះជាអ្នកប្រឈមខ្លាំង និងប្រឈមនឹងហានិភ័យ។
ដោយឡែក ដំណាក់កាលទី២ ដែលសម្តេចតេជោបានបញ្ជាក់ថា អាចជាការស្នើសុំជំនួយ ឬក៏ការទិញបន្ថែមនោះ, អាចចាក់លើនិស្សិត ឬសិក្ខាកាម , កម្មករសំណង់ និងកម្មករដទៃទៀត នៅតាមទីក្រុង ឬទីប្រជុំជន។
ចំពោះទីតាំងស្តុកទុកវ៉ាក់សាំងវិញ, សម្តេចតេជោ បានលើកឡើងថា កំពុងធ្វើការសាងសង់ ដែលមានកម្រិតអាចស្តុកទុក រហូតដល់កម្រិតអតិបរមា គឺរហូតដល់-៨០អង្សារ។ កន្លែងស្តុកនេះ អាចសាងសង់រួចរាល់ សមល្មមនឹងការមកដល់នៃវ៉ាក់សាំង៕