សប្តាហ៍ក្រោយ៖ កម្ពុជា-ចិននឹងបើកកិច្ចប្រជុំអន្តររដ្ឋាភិបាល ជជែកពីការស្តារសេដ្ឋកិច្ចកម្ពុជា
កម្ពុជានិងចិននឹងរៀបចំកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិននៅថ្ងៃអង្គារទី១៦ ខែមិថុនាសប្តាហ៍ក្រោយដើម្បីសហការស្តារសេដ្ឋកិច្ចកម្ពុជាឡើងវិញក្រោយវិបត្តិកូវីដ១៩។ នេះគឺជាបញ្ជាក់ពីលោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ដែលបានដឹកនាំកិច្ចប្រជុំស្តីពីភាពជាដៃគូរយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងសហគមន៍វាសនាតែរួមកម្ពុជា-ចិន នៅទីស្តីការគណៈរដ្ឋមន្ត្រីនៅថ្ងៃទី០៨ ខែមិថុនានេះ។
ក្នុងកិច្ចប្រជុំនោះ លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុងនិងលោករដ្ឋមន្ត្រីការបរទេស វ៉ាង យី ដែលជាសហប្រធាននៃកិច្ចប្រជុំនឹងពិភាក្សាលើរបៀបវីរៈនៃកិច្ចសហការរវាងកម្ពុជា-ចិនកន្លងមកហើយទៅពេលអនាគត នឹងបន្តសហការគ្នាយ៉ាងណាបន្ថែមទៀត ដើម្បីស្តារសេដ្ឋកិច្ចរបស់កម្ពុជាឡើងវិញ ក្រោយពីវិបត្តិកូវីដ១៩។ មួយវិញទៀតភាគីទាំងពីរនឹងបន្តជជែកពីផលប៉ះពាល់យ៉ាងខ្លាំងដល់វិស័យសេដ្ឋកិច្ចរបស់សកលលោកទាំងមូល និងលទ្ធភាពនៃការស្តារ។ កិច្ចប្រជុំដែលត្រូវធ្វើឡើងតាមរយៈវីដេអូខនហ្វើរ៉េន (Video Conference)
គិតចាប់តាំងពីឆ្នាំ២០១០មក កម្ពុជានិងចិន គឺជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ហើយនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩ កន្លងទៅ បានចុះហត្ថលេខា លើផែនការ៥ឆ្នាំ ដើម្បីកសាងសហគមន៍វាសនារួម កម្ពុជា-ចិនដែលជាទំនាក់ទំនងខ្ពស់បំផុតមិនធ្លាប់មាន៕