ជិះម៉ូតូលឿនមិនប្រយ័ត្នជ្រុលទៅបុករថយន្តកំពុងឆ្លងផ្លូវពេញទំហឹងរងរបួសធ្ងន់២នាក់ នៅខណ្ឌមានជ័យ
ភ្នំពេញ៖ បុរសម្នាក់រួមដំណេីរជាមួយនឹងនារីម្នាក់ ជិះម៉ូតូ១គ្រឿងក្នុងល្បឿនយ៉ាងលឿន មកដល់ស្តុបលូប្រាំដោយខ្វះការប្រុងប្រយ័ត្ន មិនបានបន្ថយល្បឿន ក៏ជ្រុលទៅបុករថយន្តដែលកំពុងឆ្លងថ្នល់ ចំពីមុខពេញទំហឹង បណ្ដាលឲ្យរងរបួសធ្ងន់បាក់ជេីងឆ្វេងទាំងពីរនាក់ ត្រូវបានរថយន្តសង្គ្រោះដឹកយកទៅសង្គ្រោះនៅមន្ទីពេទ្យភ្លាមៗ ហេតុការណ៍នេះ កេីតឡេីងកាលពីវេលាម៉ោង ១១ និង៣០នាទីយប់ ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវវេងស្រេង ត្រង់ចំណុចនិងស្តុបលូប្រាំ ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
បើតាមប្រភពពីកន្លែងកេីតហេតុ បានឲ្យដឹងថា នៅមុនពេលកេីតហេតុ គេបានឃេីញបុរសម្នាក់ និងនារីម្នាក់ទៀតជាអ្នករួមដំណេីរជាមួយ ជិះម៉ូតូ១គ្រឿងម៉ាក ហុងដា ឌ្រីម C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់ 1H-9873 ធ្វេីដំណេីរក្នុងល្បឿនយ៉ាងលឿន ទិសដៅពីជេីងទៅត្បូង ខណៈមកដល់ចំណុចកេីតហេតុខាងលេី ត្រង់និងចំណុចស្តុបលូប្រាំ ដោយខ្វះការប្រុងប្រយ័ត្ន ក៏បានជ្រុលទៅបុករថយន្ត១គ្រឿងម៉ាក ហាយលែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AF-1286 កំពុងតែឆ្លងថ្នល់ បុកចំពីខាងមុខពេញទំហឹង បណ្ដាលឲ្យម្ចាស់ភាគីខាងម៉ូតូ បាក់ជេីងឆ្វេងទាំងពីរនាក់ រងរបួសធ្ងន់ ត្រូវបានរថយន្តសាម៉ុយដឹកយកទៅសង្គ្រោះនៅមន្ទីពេទ្យភ្លាមៗ។ ចំណែកម៉ូតូរងការខូចខាតយ៉ាងដំណំ រីឯរថយន្តរងការខូចខាតតិចតួចប៉ុណ្ណោះ។
ក្រោយពេលកេីតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ក៏បានទាក់ទងទៅសមត្ថកិច្ចជំនាញ ចុះមកវាស់វែងយកម៉ូតូ និងរថយន្តទាំងពីរ ទៅរក្សាទុកនៅ ការិយាល័យ នគរបាល ចរាចរណ៍ ផ្លូវ គោក នៃស្នងការដ្ឋាន នគរបាលរាជធានី ភ្នំពេញ រងចាំដោះស្រាយ គ្នាបន្តនៅពេលក្រោយ៕ធ.ដ
ដោយ៖ ឆៃ ហួត