មួយពាន់ថ្ងៃដំបូង ជាពេលវេលាសំខាន់បំផុតសម្រាប់ជីវិតកុមារគ្រប់រូប
ការផ្តល់អាហាររូបត្ថម្ភឱ្យបានត្រឹមត្រូវក្នុងពេល មួយពាន់ថ្ងៃដំបូងនៃជីវិតរបស់កុមារ មានអត្ថប្រយោជន៍ជាច្រើនសម្រាប់សុខភាពនិងអនាគតរបស់ពួកគេ។ ការយកចិត្តទុកដាក់លើបញ្ហានេះ អាចធានាបានការអភិវឌ្ឍន៍ដ៏ល្អប្រសើរចំពោះខួរក្បាលនិងរាងកាយរបស់កុមារ។
មួយពាន់ថ្ងៃដំបូង នៃដំណើរជីវិតកុមារ រាប់ចាប់ផ្ដើមពីពេលដែលទារកស្ថិតក្នុងផ្ទៃម្តាយ រហូតដល់គេមានអាយុពីរឆ្នាំ។ ប្រសិនបើកុមារមិនទទួលបានអាហារូបត្ថម្ភគ្រប់គ្រាន់ក្នុងរយៈពេលដ៏សំខាន់នេះទេ នោះគេនឹងទទួលរងផលប៉ះពាល់ដល់ការលូតលាស់បញ្ញា ស្មារតី និងរាង្គកាយក្រេះក្រិនពេញមួយជីវិត។ នេះបើតាមព័ត៌មានពីមន្ត្រីសម្ព័ន្ធអង្គការសង្គមស៊ីវិលដើម្បីអាហារូបត្ថម្ភកម្ពុជា (SUN CSA Cambodia)។
បញ្ហាក្រេះក្រិននេះ បង្កផលវិបាកធំធេងសម្រាប់ជីវិតកុមារ ហើយមិនអាចត្រឡប់ក្រោយវិញបានទេ។ ប៉ុន្តែបញ្ហាក្រេះក្រិនអាចបញ្ជៀសបាន តាមរយៈការផ្តល់ទឹកដោះម្តាយសុទ្ធសម្រាប់ទារកក្រោមអាយុ៦ខែ ផ្តល់ទឹកស្អាត និងថែទំាសុខភាពត្រឹមត្រូវ នោះកុមារកម្ពុជាគ្រប់រូបនឹងទទួលបានអាហារូបត្ថម្ភល្អបំផុតក្នុងជីវិតរបស់ពួកគេ។
ជាការកត់សម្គាល់ បញ្ហាកង្វះអាហារូបត្ថម្ភរបស់កុមារនៅតែបន្តកើតមានជាទូទៅនៅក្នុងប្រទេសកម្ពុជា ដោយកុមារមានអាយុក្រោមប្រាំឆ្នាំមានបញ្ហាក្រេះក្រិន ស្គមស្គាំង 10ភាគរយ និង 24ភាគរយ មានទម្ងន់មិនគ្រប់។ នេះបើតាមលទ្ធផលនៃការអង្កេតប្រជាសាស្ត្រ និងសុខភាពកម្ពុជា (CDHS) ឆ្នាំ 2014 ។ រហូតដល់ចុងឆ្នាំ 2018 បញ្ហាកង្វះអាហារូបត្ថម្ភនៅតែកើតមានលើកុមារកម្ពុជា៕