បច្ចុប្បន្នជំនាញទន់ ជាតម្រូវការចាំបាច់សម្រាប់សិស្ស-និស្សិតកម្ពុជា

អត្ថបទដោយ៖
AMS

ដើម្បីឈរជើងនៅក្នុងពិភពដែលពោរពេញទៅដោយការប្រកួតប្រជែងក្នុងស.វ.ទី 21នេះ ក្រៅពីចំណេះដឹង និងជំនាញវិជ្ជាជីវៈ ទាមទារឱ្យសិស្ស – និស្សិតមានជំនាញទន់បន្ថែមទៀត។ ជំនាញទន់ ឬ Soft Skill មានច្រើនយ៉ាង។ ជំនាញទាំងនេះ មិនត្រឹមតែសំខាន់សម្រាប់ការសិក្សាប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាទុនសម្រាប់សិស្ស-និស្សិតក្នុងពេលចាប់ផ្ដើមបំពេញការងារនៅស្ថាប័ននានាផងដែរ។

ជំនាញទន់ គឺជាគុណលក្ខណៈផ្ទាល់ខ្លួន រួមបញ្ចូលទាំងអត្តចរិត និងបុគ្គលិកលក្ខណៈ ដែលបង្ហាញពីឥទ្ធិពលរបស់អ្នក ថាតើអ្នកអាចធ្វើការ ឬប្រាស្រ័យទាក់ទងជាមួយអ្នកដទៃបានល្អកម្រិតណា។ ជំនាញទន់មានច្រើន ហើយជំនាញដែលសំខាន់ៗ រួមមាន ជំនាញក្នុងការទំនាក់ទំនង ជំនាញក្នុងភាពជាអ្នកដឹកនាំ និងជំនាញក្នុងការធ្វើការងារជាក្រុមជាដើម។

Team Work

ជំនាញក្នុងការទំនាក់ទំនង៖ ការប្រាស្រ័យទាក់ទងគ្នាពិតជាផ្នែកមួយសំខាន់ណាស់សម្រាប់ការរស់នៅ ទាំងក្នុងការសិក្សា និងការងារ។ ការធ្វើការទាក់ទងជាមួយមនុស្សទាំងក្នុងសាលារៀន កន្លែងធ្វើការ ក៏ដូចជាក្នុងសង្គម អាចជួបនឹងមនុស្សច្រើនប្រភេទ ដែលមានបុគ្គលិកលក្ខណៈខុសប្លែកពីគ្នា។ ជំនាញទំនាក់ទំនងនេះ អាចជួយសិស្សឲ្យយល់ដឹងថា តើខ្លួនត្រូវប្រឈម និងដោះស្រាយជាមួយមនុស្សផ្សេងៗគ្នាបានយ៉ាងដូចម្ដេច។

នៅក្នុងយុគសម័យឌីជីថលនេះ ទំនាក់ទំនងរបស់មនុស្សត្រូវបានផ្លាស់ប្ដូរពីការនិយាយតទល់មុខគ្នាផ្ទាល់ មកប្រើប្រាស់បច្ចេកវិទ្យាដើម្បីធ្វើទាក់ទងគ្នា។ ខណៈដែលយុវសិស្សចេះប្រើប្រាស់បច្ចេកវិទ្យា ដើម្បីពង្រឹងទំនាក់ទំនងរបស់គាត់ជាមួយមិត្តភក្ដិ លោកគ្រូអ្នកគ្រូ ក៏ដូចជាបណ្ដាញផ្សេងទៀត ពួកគាត់អាចបង្កើតបណ្ដាញមិត្តភក្ដិ និងមនុស្សល្អៗ ជុំវិញខ្លួនបានយ៉ាងងាយ។ ការកសាងបណ្តាញទំនាក់ទំនងថ្មីនេះ ជួយជម្រុញដល់ការពង្រឹងសមត្ថភាព ចំណេះដឹង និងភាពក្លាហ៊ានឱ្យរីកចម្រើនបានមួយកម្រិតទៀត។

Team Work

ជំនាញក្នុងភាពជាអ្នកដឹកនាំ៖ ភាពជាអ្នកដឹកនាំ មិនសំដៅតែលើតែការដឹកនាំអ្នកដទៃប៉ុណ្ណោះទេ ប៉ុន្តែដឹកនាំទាំងខ្លួនឯងផងដែរ។ ការចេះជំរុញលើកទឹកចិត្តខ្លួនឯងនិងអ្នកដទៃ ឱ្យគិតរឿងវិជ្ជមាន មានវិន័យត្រឹមត្រូវ មានការអភិវឌ្ឍខ្លួន និងចេះសម្រេចចិត្តប្រកបដោយតម្លាភាព សមភាព និងសុចរិតភាព សុទ្ធសឹងជាលក្ខណៈដែលមេដឹកនាំគ្រប់រូបមាន។ ទន្ទឹមគ្នានេះ មានភាពជាអ្នកដឹកនាំ ជួយជម្រុញដល់សិស្ស-និស្សិត ឲ្យមានភាពក្លាហានហ៊ានធ្វើសេចក្តីសម្រេចចិត្ត និងទទួលខុសត្រូវចំពោះសេចក្ដីសម្រេចរបស់ខ្លួន។

ជំនាញធ្វើការងារជាក្រុម៖ ជំនាញនេះគឺជាជំនាញដ៏សំខាន់មួយ។ របៀបធ្វើការងារជាក្រុមមិនមែនជារឿងងាយស្រួលទេសម្រាប់មនុស្សមួយចំនួន ដោយសារការងារនេះមានមនុស្សច្រើនប្រមូលផ្ដុំគ្នានៅក្នុងក្រុមតែមួយ អាចមានសមត្ថភាពខុសគ្នា ការគិតក៏ខុសគ្នា ជាហេតុនាំឱ្យពិបាកក្នុងការធ្វើសេចក្ដីសម្រេចរួមមួយ ។

ផ្ទុយមកវិញ ធ្វើការងារជាក្រុមដែលមានមនុស្សចូលរួមច្រើននាក់ តែងតែបង្កើតបានសមទ្ធិផលច្រើន ឬសមទ្ធិផលមួយដែលគាប់ប្រសើរ។ ចំណុចនេះ សិស្សត្រូវយល់ពីសារៈប្រយោជន៍នៃសាមគ្គីភាព និងបង្កើតជំនាញ ការងារជាក្រុម មិនថាតែការធ្វើកិច្ចការដែលគ្រូដាក់ឲ្យជាក្រុម កិច្ចពិភាក្សាជាក្រុម ឬការធ្វើបទបង្ហាញជាក្រុម។

មានជំនាញធ្វើការងារជាក្រុម ជួយសិស្សានុសិស្សឲ្យសម្របខ្លួនជាមួយសមាជិកផ្សេងៗទៀតបានល្អ និងពង្រឹងសមត្ថភាពក្រុម ដើម្បីរួមគ្នាបង្កើតលទ្ធផលមួយតាមការរំពឹងទុករបស់ក្រុម។

សិស្ស-និស្សិត ដែលមានជំនាញក្នុងការទំនាក់ទំនង ជំនាញក្នុង​ភាពជាអ្នកដឹកនាំ ជំនាញធ្វើការងារជាក្រុម ក៏ដូចជាជំនាញទន់ផ្សេងៗទៀត សុទ្ធតែជាធនធានមនុស្សដែលជំរុញដល់ការអភិវឌ្ឍវិស័យអប់រំ និងវិស័យពលកម្មការងារនៅកម្ពុជាឱ្យកាន់តែប្រសើរ៕

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner