ឥទ្ធិពលកូវីដ-19 តម្រូវឱ្យមនុស្សគ្រប់រូបរៀនរស់នៅក្នុងសភាពធម្មតាតាមបែបគន្លងថ្មី
(ភ្នំពេញ)៖ ជំងឺផ្លូវដង្ហើមកូវីដ-19 បានបន្តរីករាលដាលជាសកលឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ និងឆ្លងចូលក្នុងសហគមន៍ជាបន្តបន្ទាប់។ កម្ពុជាកំពុងរងឥទ្ធិពលកូវីដ-19 និងការឆ្លងរីករាលដាលជាសកលនេះដែរ។ កូវីដ-19 រំខានយ៉ាងខ្លាំងដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពល រាប់ទាំងការគំរាមកំហែងដល់សុខភាពដោយផ្ទាល់ និងប្រយោល ប៉ះពាល់ដល់វិស័យសេដ្ឋកិច្ច ការអប់រំ និងការអភិវឌ្ឍន៍នានា។ គ្រប់គ្នាកំពុងត្រូវប្រុងប្រយ័ត្នខ្ពស់ ការពារខ្លួន បញ្ជៀសការឆ្លងនិងការចម្លងមេរោគនេះ ទៅអ្នកដ៏ទៃតាមរបៀបរស់ក្នុង “សភាពធម្មតាតាមបែបគន្លងថ្មី” ឬជាភាសាអង់គ្លេសថា “The New Normal” ។ តើកូវីដ-១៩ បានបង្រៀនប្រជាជនកម្ពុជាពីរបៀបរស់នៅប្រក្រតីតាមបែបគន្លងថ្មីនេះ ដូចម្តេច?
អង្គការសុខភាពពិភពលោក (WHO) បានលើកឡើងថា ប្រក្រតីតាមបែបគន្លងថ្មី ឬសភាពធម្មតាតាមបែបគន្លងថ្មី សម្តៅដល់ការរស់នៅមានអនាម័យខ្ពស់ តាមរយៈការលាងដៃឲ្យបានញឹកញាប់ អនុវត្តវិធានអនាម័យនៅពេលក្អកឬកណ្ដាស់ ពាក់ម៉ាស់ក្នុងករណីចាំបាច់ បន្តអនុវត្តគម្លាតសុវត្ថិភាពសង្គមនិងគម្លាតសុវត្ថិភាពបុគ្គល ដោយចៀសវាងរៀបចំការជួបជុំដែលមានមនុស្សចូលរួមច្រើន ឬធ្វើដំណើរទៅកាន់ទីកន្លែងដែលមានមនុស្សកុះករជាដើម។
លោក ហ៊ុត សេងហ៊ួត អ្នករត់ម៉ូតូកង់បីដឹកអ្នកដំណើរនៅរាជធានីភ្នំពេញ យល់ថា ចាប់តាំងពីជំងឺកូវីដ-19 ផ្ទុះឡើងមក ប្រាក់ចំណូលទទួលបានពីរបរនេះក៏ធ្លាក់ចុះដែរ ដោយថ្ងៃខ្លះអាចរកបានត្រឹមពីរទៅបីម៉ឺនរៀលតែប៉ុណ្ណោះ។ លោកបានបន្តថា ទោះបីកូវីដ-19 ធ្វើឱ្យលោករកប្រាក់ចំណូលបានតិចក៏ពិតមែន ប៉ុន្តែលោករៀនសូត្របានច្រើនពីរបៀបរស់នៅតាមបែបគន្លងថ្មី ជាពិសេសអនុវត្តន៍វិធានអនាម័យជារៀងរាល់ថ្ងៃ។
“អាកូវីដហ្នឹង វាអាក្រក់ហើយ តែយើងចេះតែប្រយ័ត្នទៅ ព្រោះមើលមិនឃើញទេ… ខ្ញុំអាល់កុលដាក់តាមរហូតពេលដឹកភ្ញៀវ តែភ្ញៀវដែលខ្ញុំដឹកគាត់យល់ដឹងច្រើន មានពាក់ម៉ាស់ មានបាញ់អាល់កុលបាញ់អី ដល់អីចឹងខ្ញុំទុកចិត្ត ! យើងនៅតែរកស៊ីធម្មតា តែប្រុងប្រយ័ត្នរហូតហ្នឹង”។ នេះជាការបញ្ជាក់របស់អ្នករត់ម៉ូតូកង់បីខាងលើ។
ជុំវិញរបត់ទម្លាប់ថ្មីនេះ លោក ណាប់ ខ្មៅ ជាមន្រ្តីការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុនៃសាលាស្រុកមួយ នៅខេត្តស្វាយរៀង បានលើកឡើងថា បរិបទកូវីដ-19 បានបង្រៀនលោកពីឥរិយាបថទំនាក់ទំនងក្នុងសង្គម តាមរយៈការលើកដៃសំពះជម្រាបសួរគ្នាពីចម្ងាយ ប្រសើរជាងចាប់ដៃដោយផ្ទាល់ពេលជួបគ្នា។ លោកថា ទង្វើនេះរក្សាបានទាំងសុវត្ថិភាព និងផ្តល់តម្លៃវប្បធម៌របស់ខ្មែរ។
មន្ត្រីសាលាស្រុករូបនេះ បានរៀបរាប់បន្តថា ក្រៅអនុវត្តន៍វិធានថែទាំងសុខភាពជាចម្បង ឥទ្ធិពលកូវីដ-19 បានបង្រៀនលោកឱ្យចេះបន្សាំខ្លួនទៅនឹងស្ថានភាពប្រែប្រួលនានា និងរៀនបត់បែនការងារតាមស្ថានភាពជាក់ស្តែង។
“ក្នុងបរិបទកូវី-១៩ មិនបានបង្រៀនឱ្យខ្ញុំអាត្មានិយមនោះទេ ខ្ញុំបានចែករំលែកធនធានបន្តិចបន្តួចតាមលទ្ធភាព ជូនគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ-19 ជាចំណែកតូចបំផុត តែវាបានបង្ហាញថា យើងមានការចូលរួមជាមួយរដ្ឋាភិបាលប្រយុទ្ធប្រឆាំងជំងឺកូវីដ ខណៈប្រទេសយើងកំពុងជួបបញ្ហានេះ…” លោក ណាប់ ខ្មៅ។
សំណួរថា តើការរស់នៅក្នុងសភាពធម្មតាតាមបែបគន្លងថ្មីនេះ លំបាកដែរឬទេ? លោក យៀម ម៉ាឌីណូ ប្រធាននាយកដ្ឋានថែទាំសុខភាពជនពិការ នៃក្រសួងសង្គមកិច្ច ក៏មានប្រសាសន៍ដែរថា ការលំបាកពិតជាមានច្រើន ប៉ុន្តែត្រូវរៀនសូត្រពីការលំបាកទាំងនេះ ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន ក្រុមគ្រួសារ និងមនុស្សជុំវិញខ្លួន។
លោក យៀម ម៉ាឌីណូ ៖ “វាថ្មីសម្រាប់ខ្ញុំមែនទែន សូម្បីតែកូនៗខ្ញុំក៏ពួកគេឆ្ងល់ដែរ ហើយមិនចង់អនុវត្តន៍រឿងពាក់ម៉ាស់ រឿងបាញ់អាល់កុលអីហ្នឹងទេ ! តែខ្ញុំពន្យល់និងបង្រៀនឱ្យពួកគេមានទម្លាប់ល្អ ចេះរក្សាអនាម័យ ជាពិសេសលាងសម្អាតដៃជាមួយសាប៊ូនិងទឹកស្អាត ទោះបីមិនមានកូវីដ-19 ក៏រក្សាអនាម័យដែរ”។
ក្រសួងសុខាភិបាល បានបង្ហាញព័ត៌មានថា ជំងឺផ្លូវដង្ហើមកូវីដ-19 អាចចម្លងតាមរយៈការប៉ះពាល់ផ្ទាល់ទៅនឹងអ្នកជំងឺ ឬប៉ះពាល់ដំណក់ទឹកតូចៗដែលចេញពីប្រព័ន្ធផ្លូវដង្ហើមរបស់អ្នកដែលបានឆ្លងវីរុសនេះ ដូចជាក្អក និងកណ្តាស់ ឬខ្ទាតទៅប៉ះនរណាម្នាក់ ឬប៉ះទៅលើវត្ថុនានាមានជាប់វីរុស។ មេរោគកូវីដ-19 អាចរស់នៅផ្ទៃខាងក្រៅបានជាច្រើនម៉ោង ប៉ុន្តែវាមិនឆ្លងទេ ប្រសិនបើចេះការពារខ្លួនបានត្រឹមត្រូវតាមរយៈការពាក់ម៉ាស់ កាត់បន្ថយការជួបជុំ និងរក្សាគម្លាតសុវត្ថិភាពឈរឱ្យឆ្ងាយពីគ្នា ឬទម្លាប់រស់នៅក្នុង “សភាពធម្មតាតាមបែបគន្លងថ្មី” ។
នៅក្នុងសន្និទសារព័ត៌មានអំពីបច្ចុប្បន្នភាពស្ថានភាពជំងឺកូវីដ-19 កន្លងទៅ លោកស្រីវេជ្ជបណ្ឌិត Li Ailan នាយកអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជា ចាត់ទុកការរស់នៅក្នុងសភាពធម្មតាតាមបែបគន្លងថ្មី ថាជាប្រការចាំបាច់ដែលត្រូវអនុវត្ត។ លោកស្រី បានបញ្ជាក់ថា ៖ “ដើម្បីឆ្លើយតបទៅនឹងស្ថានភាពនេះ មនុស្សចាំបាច់ត្រូវតែរៀនរស់នៅក្នុងសភាពធម្មតាតាមបែបគន្លងថ្មី”។
លោកស្រីវេជ្ជបណ្ឌិត Li Ailan មានប្រសាសន៍បន្តថា ក្រៅតែពីបុគ្គលម្នាក់ៗ អាជីវកម្ម កន្លែងធ្វើការ និងសាលារៀន ក៏ត្រូវតែសម្របខ្លួនទៅនឹងសភាពធម្មតាតាមបែបគន្លងថ្មីនេះដែរ។ ស្ថាប័នទាំងនេះ ត្រូវដាក់ចេញនូវវិធានការបង្ការចាំបាច់នានា ដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លងជំងឺនៅក្នុងស្ថាប័ន ព្រមទាំងដាក់ចេញនូវរបៀបធ្វើការថ្មីតាមប្រព័ន្ធអនឡាញជាដើម។
សូមជម្រាបថា ជំងឺផ្លូវដង្ហើមកូវីដ-19 បង្កដោយវីរុសកូរ៉ូណាប្រភេទថ្មីនេះ ត្រូវបានគេរកឃើញដំបូងនៅក្នុងទីក្រុងវូហាន ប្រទេសចិន ត្រូវបានគេដាក់ឈ្មោះថា ជំងឺវីរុសកូរ៉ូណាឆ្នាំ២០១៩ (COVID-19) ដែលពាក្យកាត់ “CO” តំណាងឱ្យពាក្យ Corona “VI” តំណាងឱ្យពាក្យ Virus (វីរុស) និង “D” តំណាងឱ្យពាក្យ Disease (ជំងឺ)។ វីរុស COVID-19 គឺជាវីរុសថ្មីមួយដែលមានទំនាក់ទំនងទៅនឹងអម្បូរនៃវីរុសដូចគ្នានឹងជម្ងឺរោគសញ្ញាផ្លូវដង្ហើមធ្ងន់ធ្ងរ (SARS) និងប្រភេទជំងឺផ្តាសាយទូទៅមួយចំនួនទៀត៕