សេតវិមានស្នើសុំកញ្ចប់ប្រាក់ដល់ទៅ 916 ពាន់លានដុល្លារដើម្បីដោះស្រាយបញ្ហាសេដ្ឋកិច្ចដោយសារកូវីដ-19
បរទេស៖កាលពីថ្ងៃអង្គារម្សិលមិញនេះសេតវិមានសហរដ្ឋអាមេរិក បានដាក់សំណើទឹកប្រាក់ប្រមាណជា 916 ពាន់លានដុល្លារដើម្បីប្រើប្រាស់ក្នុងកិច្ចការងារគាំទ្រទៅដល់សេដ្ឋកិច្ចរបស់អាមេរិកក្នុងពេលវិបត្តិកូវីដ19 ឲ្យបានមុនដំណើរនៃការចាកចេញរបស់ប្រធានាធិបតី Donald Trump នាខែមករា ឆ្នាំ2021ខាងមុខ។
ប្រធានរតនាគារជាតិអាមេរិក លោក Steven Mnuchin បានប្រកាសថា កញ្ចប់ថវិកាទាំងនោះនឹងត្រូវយកទៅប្រើប្រាស់លើផែនការសំខាន់ៗមួយចំនួនដូចជា កិច្ចការងាររបស់រដ្ឋាភិបាលអាមេរិកទាំងមូល កិច្ចការងាររបស់រដ្ឋាភិបាលតាមតំបន់ និងកិច្ចការងារស្រោចស្រង់ និងធ្វើឲ្យរឹងម៉ាំឡើងវិញនូវពាណិជ្ជកម្មក្នុងប្រទេសដែលរួម
មានទាំងវិស័យអប់រំផងដែរ។
គួរឲ្យដឹងដែរថា បញ្ហាប្រឈមទាំងនោះបានក្លាយទៅជាចំណុចដ៏ក្តៅគគុករវាងក្រុមអ្នកតំណាងមកពីបក្សប្រជាធិបតេយ្យ និងបក្សសាធារណៈអស់រយៈពេលជាយូរមកហើយ ហើយគេបានមើលឃើញដែរថា សំណើរនេះគឺត្រូវបានធ្វើឡើងតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះមុនពេលដែលលោក Trump ចាប់ផ្តើមផ្ទេរកិច្ចការងារជូនទៅលោកប្រធានាធិបតីអាណិត្តថ្មី
Joe Biden និងក្រុមសមាជិកសភារបស់គាត់។
ថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក Mnuchin បានបញ្ជាក់ថា ៖«ខ្ញុំកំពុងតែទន្ទឹងរង់ចាំនូវការយល់ព្រមគ្នារវាងបក្សនយោបាយទាំងពីរដើម្បីអាចឲ្យកញ្ចប់ស្រោចស្រង់សេដ្ឋកិច្ចមួយនេះអាចយកទៅប្រើប្រាស់ជួយដល់ពលរដ្ឋជនជាតិអាមេរិកព្រមទាំងគ្រួសាររបស់ពួកគេ និងមុខជំនួញជាច្រើនផ្សេងទៀតផងដែរ»៕