បុរសជនជាតិថៃម្នាក់ ជាមួយថ្នាំញៀន៥០គីឡូក្រាមត្រូវសមត្ថកិច្ចបង្ក្រាបបាន
យោងតាមមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃនៅថ្ងៃ១០ធ្នូឆ្នាំ២០២០នេះ បានឲ្យដឹងថា កម្លាំងជំនាញ (ក៩)របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី យិន បញ្ញារិទ្ធ នាយករងមន្ទីរ និង លោកវរសេនីយ៍ឯក ដុស សុវឌ្ឍន: នាយការិយាល័យ ព្រមទាំងមានការសម្របសម្រួល ពីលោក អ៊ុ សុភ័ក្តិ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅម៉ោង២ និង៤០នាទីទាបភ្លឺថ្ងៃទី៦ធ្នូឆ្នាំ២០២០ បានបើកការស៊ើបអង្កេត ស្រាវជ្រាវ បង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែន ចូលពីថៃមកកម្ពុជា នៅចំណុចក្បែរ វិមានឈ្នះឈ្នះ ស្ថិតក្នុងសង្កាត់ព្រែកតាសេក ខ័ណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ជាលទ្ធផលសមត្ថកិច្ចបានចាប់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ សុរ:ឆៃ ខាំកែវ(SURACHAI KHAMKAEW) ហៅ នឹង ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិ ថៃ ។ ជាមួយគ្នានោះ សមត្ថកិច្ចបានរឹបអូសបាន សារធាតុញៀន ប្រភេទម៉េតំហ្វេតាមីនICE ៥០កញ្ចប់ធំ ទម្ងន់ប្រមាណ៥០គីឡូក្រាម និង៨០,២៤ ក្រាម។ ជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ សមត្ថកិច្ចជំនាញយើងបានកសាងសំណុំ រឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញបន្តតាមនីតិវិធី ៕កឺម ទៀង