អភិបាលខណ្ឌច្បារអំពៅ ចុះកាយសំរាម និងកំទេចថ្មនៅតាមមាត់លូ ដើម្បីដោះស្រាយការអោយទឹកភ្លៀងហូរចូលលូ
ភ្នំពេញ៖ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានដឹកនាំកម្លាំងសណ្តាប់ធ្នាប់ខណ្ឌទាំងភ្លៀងកំពុងតែធ្លាក់ ចុះកើបកាយយកកាកសំណល់ចេញពីមាត់លូ ដើម្បីបង្ហូរទឹកកុំអោយលិចចិញ្ចើមផ្លូវជាតិ បន្ទាប់ពីភ្លៀងធ្លាក់រយៈពេលជាង១ម៉ោង ធ្វើអោយចិញ្ចើមផ្លូវជាតិលេខ១ ក្នុងសង្កាត់ច្បារអំពៅទី១ និងច្បារអំពៅទី២ នៅវេលាម៉ោង ៣ និង ៣០នាទីរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ ។
សូមបញ្ជាក់ថា លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ តែងតែបានដឹកនាំកម្លាំងសណ្តាប់ធ្នាប់ចុះកាយសំរាម តាមមាត់លូ និងប្រឡាយ ក្នុងមូលដ្ឋាន នៅរាល់ពេលភ្លៀងធ្លាក់ខ្លាំង ។ បន្ទាប់ពីកម្លាំងចុះកាយសំរាមនោះ សង្កេតឃើញថា ទឹកហូរចូលតាមលូ មិនមានទឹកដក់លើផ្លូវទេ ។
ជាមួយគ្នានេះដែរ លោកអភិបាលខណ្ឌ ក៏បានអំពាវនារដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ រស់នៅតាមបណ្ដោយផ្លូវជាតិលេខ១ និងបងប្អូនដែលនៅជាប់មាត់លូ និងមាត់ប្រឡាយ សូមកុំចោលសំរាមកំទេចថ្ម ឬកាកសំណល់ផ្សេងៗ ពិសេសចានស្នោ ដបទឹកសុទ្ឋ តាមដងផ្លូវ មាត់លូ នាំអោយស្ទះពេលភ្លៀងមក បងប្អូនត្រូវទុកដាក់វិខ្ចប់សំរាមឱ្យបានត្រឹមត្រូវ ដើម្បីភូមិដ្ឋាន និងសង្កាត់ ខណ្ឌរាជធានីយើងល្អ គ្មានសំរាម និងកាកសំណល់ ៕ ដោយ៖ ប៊ុនធី