អង់គ្លេសអាចប្រឈមមុខជាមួយបំរាមធ្វើដំណើរចូលតំបន់អ៊ឺរ៉ុបចាប់ពីថ្ងៃទី 1 ខែមករាខាងមុខនេះទៅ

បរទេស៖យោងតាមការចេញផ្សាយរបស់ទូរទស្សន៍ CNN នៅថ្ងៃសុក្រនេះបានសរសេរថារាល់ពលរដ្ឋអង់គ្លេសទាំងអស់ដែលនឹងត្រូវធ្វើដំណើរចូលទៅកាន់បណ្តាប្រទេសនៅប្លុកអ៊ឺរ៉ុបនឹងមិនអាចធ្វើទៅបានឡើយក្រោមបំរាមធ្វើដំណើរចាប់ពីថ្ងៃទី1 ខែមករាតទៅ។

មន្ត្រីម្នាក់របស់សហភាពអ៊ឺរ៉ុបដែលបានថ្លែងទៅកាន់ក្រុមអ្នកយកសារព័ត៌មានរបស់ CNN បានបញ្ជាក់ថាចាប់ពីថ្ងៃនោះតទៅរាល់អ្នកធ្វើដំណើរជាជនជាតិអង់គ្លេសនឹងត្រូវដាក់ឲ្យស្ថិតនៅក្នុងបញ្ជីត្រូវរឹតត្បិតនៃប្រទេសដែលមិនមែនជាសមាជិករបស់ខ្លួនទៀតឡើយ។

ស្ថានការណ៍ដំណើរការដកខ្លួនចេញពីប្លុកអ៊ឺរ៉ុបរបស់អង់គ្លេស ឬ Brexit គឺនឹងត្រូវបញ្ចប់ទៅជាធរមាននៅថ្ងៃទី31 ខែធ្នូ ឆ្នាំ 2020 ខាងមុខនេះហើយដែលនេះមានន័យថាអង់គ្លេសនឹងក្លាយជាប្រទេសមិនមែនជាសមាជិករបស់អ៊ឺរ៉ុបទៀតឡើយ ហើយបើទោះបីជាភាគីទាំងសងខាងនៅបន្តពិភាក្សាដើម្បីទទួលបានកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយក្តី។

គួរឲ្យដឹងដែរថា ជាទូទៅក្រុមប្រឹក្សានៃសហភាពអ៊ឺរ៉ុបបានកំណត់យកប្រទេសដែលមានស្ថានភាពគ្រប់គ្រងការរាតត្បាតនៃកូវីដ19 ទាបធៀបទៅនឹងកម្រិតជាមធ្យមរបស់ខ្លួនដើម្បីអាចដាក់បញ្ចូលប្រទេសមិនមែនសមាជិកទាំងនោះទៅក្នុងបញ្ជីប្រទេសដែលត្រូវហាមឃាត់មិនឲ្យធ្វើដំណើរចូលប្លុកនេះ។

កាលពីខែតុលាកន្លងមកសមាជិករបស់សហភាពអ៊ឺរ៉ុបទាំងអស់បានសម្រេចចិត្តអនុញ្ញាតឲ្យប្រទេសមិនមែនជាសមាជិកចំនួនតែ 8 ប្រទេសប៉ុណ្ណោះដែលត្រូវបានចាត់ទុកថាជាប្រទេសដែលមានសុវត្ថិភាពខ្លាំងពីកូវីដអាចធ្វើដំណើរចូលទ្វីបអ៊ឺរ៉ុបបានមានដូចជាអូស្ត្រាលី ជប៉ុន និងញូវហ្សឺលេនជាដើម៕

ស៊ុន លី
ស៊ុន លី
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy
ads banner
ads banner
ads banner