ប្រវត្តិដ៏កំសត់របស់ CEO ក្រុមហ៊ុនតម្លៃ1000លានដុល្លារដែលធ្លាប់ត្រូវឪពុកម្តាយដេញចេញពីផ្ទះ

បរទេស៖ស្ថាបនិក និងជាប្រធានប្រតិបត្តិក្រុមហ៊ុនមួយមានតម្លៃ 1000លានដុល្លារលោក Taihei Kobayashi
គឺជាមនុស្សដែលមានប្រវត្តិគួរឲ្យចាប់អារម្មណ៍បំផុតក្រៅតែពីសម្រេចចិត្តឈប់រៀនសូត្រគាត់ក៏ធ្លាប់ត្រូវបានឪពុកម្តាយបណ្តេញចេញពីផ្ទះ និងក្លាយជាមនុស្សរស់នៅគ្មានផ្ទះសម្បែងអស់រយៈពេលជាច្រើនឆ្នាំ។

រឿងរ៉ាវរបស់គាត់បានចាប់ផ្តើមនៅពេលដែលមានអាយុ 17 ឆ្នាំក្រោយពេលដែលត្រូវបានឪពុកម្តាយបណ្តេញចេញពីផ្ទះដោយសារតែបុរសម្នាក់នេះបានសម្រេចចិត្តមិនព្រមបន្តការសិក្សាខណៈដែលពួកគាត់បានរៀបចំផែនការហិរញ្ញវត្ថុសម្រាប់អនុញ្ញាតឱ្យបន្តការសិក្សាថ្នាក់មហាវិទ្យាល័យរួចរាល់ទៅហើយនោះ។

លោក Kobayashi ជាមនុស្សដែលចូលចិត្តតន្ត្រី និងឲ្យតម្លៃទៅលើក្រុមរបស់ខ្លួនទើបធ្វើឲ្យគាត់បានសម្រេចចិត្តដើរចេញពីការសិក្សា។ គាត់លេងឧបករណ៍ភ្លេងទាំងថ្ងៃទាំងយប់ ហើយភាគច្រើនត្រូវដេកនៅក្រៅផ្ទះដោយយកប្រអប់ឡាំងក្រដាសមកដណ្តប់រហូតដល់ជិត1ឆ្នាំកន្លះមុនពេលអាចរកបានការងារធ្វើ។

រូបភាព៖ រូបភាព នៃសកម្មភាពខ្លះៗដែលលោកTaihei Kobayashi ធ្លាប់ ឆ្លង កាត់

បច្ចុប្បន្ន លោក Kobayashi មានវ័យ 37ឆ្នាំទៅហើយ ដោយបានរំលឹកឡើងវិញនូវពេលវេលាដ៏អាក្រក់ៗរបស់លោកជាច្រើន ជាពិសេសនៅរដូវរងាដែលធ្លាប់បានឆ្លងកាត់ដែលគាត់បានពណ៌នាថាដូចជាធ្លាក់នរកទាំងរស់ ប៉ុន្តែគាត់តែងតែទន្ទេញក្នុងចិត្តថាត្រូវតែឆ្លងកាត់ភាពលំបាកទាំងនេះឲ្យបាន។ លោកបានព្យាយាមទំនាក់ទំនងឪពុកម្តាយរបស់ខ្លួនសាជាថ្មីម្តងជាពីរដងដែរប៉ុន្តែពួកគាត់នៅតែមិនព្រមទទួលយករូបគាត់វិញឡើយ។

លោក Kobayashi បាននិយាយថា ៖ “ខ្ញុំស្ទើរតែបាត់បង់ជីវិតទៅហើយនៅគ្រានោះ។ ខ្ញុំបានត្រឹមគេងនៅខាងក្រៅផ្ទះដោយឆ្លងកាត់រដូវរងារអស់រយៈពេល 2
រដូវរងាជាប់គ្នា” ។

លោក Kobayashi បានចូលធ្វើការនៅក្នុងក្លឹបមួយរបស់មិត្តភ័ក្តដែលបានជួយស្រោចស្រង់ជីវិតរបស់គាត់អស់រយៈពេល 6 ឆ្នាំទើបសម្រេចចិត្តស្វែងរកការងារថ្មីធ្វើ។ គាត់នៅចាំបានថាការងារដែលគាត់បានធ្វើដំបូងគឺជាការងារផ្នែកវិស្វករព័ត៌មានវិទ្យាដែលគ្រានោះគឺគេមិនត្រូវការអ្នកមានបទពិសោធន៍ឡើយគឺចាំបាច់ត្រូវការឆ្លងកាត់ការធ្វើតេស្តទៅលើគណិតវិទ្យា និងកម្រិត IQ ប៉ុណ្ណោះមុនពេលទទួលបានការហ្វឹកហាត់បន្ថែមជំនាញនេះ។

តើគាត់ចាប់ផ្តើមក្រុមហ៊ុនរបស់គាត់បានដោយរបៀបណា?

កន្លែងការងារថ្មីមួយនេះគឺជាកន្លែងដែលលោក Kobayashi បានជួបជាមួយនឹងសហស្ថាបនិករបស់គាត់មួយទៀតគឺលោក Makoto Hirai ដើម្បីបង្កើតក្រុមហ៊ុនដែលមានឈ្មោះថា Sun។ ពួកគេទាំងពីរនាក់បានយល់ឃើញថាមានវិស្វកផ្នែកកម្មវិធីព័ត៌មានវិទ្យាច្រើនណាស់នៅលើទីផ្សារ ប៉ុន្តែមានមនុស្សតិចនាក់ដែលអាចបង្កើតចេញជាគំរូអាជីវកម្មសម្រាប់ខ្លួនឯងឡើងដូចនេះទាំង Kobayashi និង Makoto បានសម្រេចចិត្តបង្កើតក្រុមហ៊ុន
មួយដែលអាចបំពេញចន្លោះខ្វះខាតមួយនេះឡើង។

Kobayashi បានផ្លាស់ប្តូរទីលំនៅទៅកាន់ប្រទេសវៀតណាមកាលពីឆ្នាំ 2012 ដើម្បីអាចស្វែងរកបុគ្គលិកផ្នែកវិស្វករព័ត៌មានវិទ្យាក្មេងៗ និងជួលក្នុងតម្លៃទាបដើម្បីអាចធ្វើការឲ្យគាត់។ មិនបានមួយឆ្នាំផង នៅឆ្នាំ2013 ក្រុមហ៊ុនបានទទួលការសហការជាមួយនឹងក្រុមហ៊ុន Framgia Inc. ដែលមានមូលដ្ឋាននៅក្នុងប្រទេសជប៉ុនដើម្បីធ្វើការងារដ៏ធំមួយគឺជួយក្រុមហ៊ុនអាជីវកម្មថ្មី Startups ក្មេងៗរបស់ជប៉ុនដើម្បីអាចបង្កើតជាអាជីវកម្មរបស់ពួកគេឲ្យបានជោគជ័យ។

អស់រយៈពេលជាច្រើនឆ្នាំ Sun បានពង្រឹកអាជីវកម្មរបស់ខ្លួនយ៉ាងខ្លាំង រហូត មកដល់ពេលនេះខ្លួនមានអតិថិជនគោលដៅសំខាន់ៗរហូតដល់ទៅ 70ក្រុមហ៊ុន។ Sun ត្រូវបានដាក់បញ្ចូលទៅក្នុងទីផ្សារភាគហ៊ុនរបស់ក្រុងតូក្យូកាលពីខែកក្កដា ឆ្នាំ 2020កន្លងទៅនេះ ហើយជាលទ្ធផលភាគហ៊ុនរបស់ខ្លួនបានកើនឡើងដល់ទៅ 6 ដងកាលពីខែកញ្ញា ឆ្នាំ 2020 ដែលបានធ្វើឲ្យតម្លៃរបស់ក្រុមហ៊ុនមួយនេះកើនឡើងដល់ទៅ 1, 400លានដុល្លារខណៈដែលលោក Kobayashi មានភាគហ៊ុន 7,9 ភាគរយនោះមានទ្រព្យសម្បត្តិកើនដល់ 74 លានដុល្លារ ហើយក្នុងនោះក្រុមហ៊ុនបានប្រកាសថារកបានប្រាក់ចំណេញប្រមាណជា 649លានដុល្លារគិតត្រឹម 9 ខែដើមឆ្នាំ2020នេះ៕

ស៊ុន លី
ស៊ុន លី
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy
ads banner
ads banner
ads banner