រដ្ឋាភិបាលជប៉ុនផ្ដល់ថវិកាជិត១លានដុល្លារសម្រាប់ការពង្រឹងប្រព័ន្ធថែទាំផ្នែកវះកាត់កុមារក្នុងខេត្តក្រចេះ និងការលើកកម្ពស់ការអប់រំបញ្ចូលគ្នាក្នុងខេត្តកណ្តាល
យោងតាមការផ្សាយរបស់ស្ថានទូតជប៉ុនប្រចាំកម្ពុជានៅថ្ងៃ១៥ធ្នូឆ្នាំ២០២០ បានឲ្យដឹងថា រដ្ឋាភិបាលជប៉ុននៅថ្ងៃ១៤ធ្នូឆ្នាំ២០២០ បានផ្តល់ថវិកា៩៦ម៉ឺន៨ពាន់៣៩០ដុល្លារអាមេរិក ដល់អង្គការចំនួនពីរ ក្រោមគ្រោងការណ៍ជំនួយហិរញ្ញប្បទានឥតសំណងសម្រាប់គម្រោងរបស់អង្គការក្រៅរដ្ឋាភិបាលជប៉ុន ក្នុងការពង្រឹងប្រព័ន្ធថែទាំផ្នែកវះកាត់កុមារក្នុងខេត្តក្រចេះ និងការលើកកម្ពស់ការអប់រំបញ្ចូលគ្នាក្នុងខេត្តកណ្តាល។
ក្នុងចំណោមនោះ ទឹកប្រាក់ចំនួន ៦៩ម៉ឺន៤ពាន់៥៣៩ ដុល្លារសម្រាប់អង្គការមូលនិធិសម្រាប់ការអភិវឌ្ឍ និងជំនួយសង្គ្រោះអន្តរជាតិ (FIDR) ដើម្បីអនុវត្តន៍គម្រោងសល្យសាស្រ្តកុមារប្រចាំខេត្តក្រចេះឆ្នាំទី២ និង ទឹកប្រាក់ចំនួន ២៧ម៉ឺន៣ពាន់៨៥១ ដុល្លារអាមេរិក សម្រាប់សមាគមសម្រាប់ជំនួយ និងសង្គ្រោះនៃប្រទេសជប៉ុន (AAR Japan) ដើម្បីអនុវត្តន៍គម្រោងលើកកម្ពស់ការអប់រំបរិយាប័ន្នសម្រាប់កុមារពិការតាមរយៈពង្រឹងការអនុវត្តក្នុងតំបន់គំរូ និងការអភិវឌ្ឍប្រព័ន្ធវាយតម្លៃការអប់រំបរិយាប័ន្ន ឆ្នាំទី២។
អគ្គរាជទូតជប៉ុនលោក មិកាមិ ម៉ាសាហ៊ីរ៉ូ និងអ្នកតំណាងអង្គភាពទាំង២ បានចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយរបស់ពួកគេជាមួយនឹងអ្នកតំណាងអង្គការទាំងពីរ។ លោកមិកាមិ ម៉ាសាហ៊ីរ៉ូ បបានថ្លែងថា លោកជឿជាក់ថាជំនួយឥតសំណងនោះនឹងជួយក្នុងការកែលម្អគុណភាពជីវិតសម្រាប់ប្រជាជននៅក្នុងតំបន់នីមួយៗនៃគម្រោង៕កឹម ទៀង