ទីបំផុតលោក ចូ បៃដិន នឹងក្លាយជាប្រធានាធិបតីថ្មីរបស់សហរដ្ឋអាមេរិក ក្រោយអង្គបោះឆ្នោតបោះឆ្នោតទទួលស្គាល់ជាផ្លូវការ
អាមេរិក៖ ទីបំផុតលោក ចូ បៃដិន នឹងក្លាយជាប្រធានាធិបតីអាណត្តិថ្មីរបស់សហរដ្ឋអាមេរិក បន្ទាប់ពីអង្គបោះឆ្នោតបានបោះឆ្នោតទទួលស្គាល់ជាផ្លូវការ លើជ័យជម្នះរបស់លោក បៃដិន នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ ។
លោក ចូ បៃដិន ទទួលបានអង្គបោះឆ្នោត៣០៦រូប លើស២៧០រូប ដើម្បីក្លាយជាប្រធានាធិបតីសហរដ្ឋអាមេរិក ខណៈលោក ដូណាល់ ត្រាំ ទទួលបានអង្គបោះឆ្នោត២៣២រូប ហើយអង្គបោះឆ្នោតក្នុងរដ្ឋចម្បងៗ ឬហៅថា Swing states សុទ្ធ តែបោះឆ្នោតគាំទ្រលោក បៃដិន និងលោកស្រី ខាម៉ាឡា ហារីស ។ យ៉ាងណាមិញ លោក ត្រាំ នៅតែប្រកាន់ជំហរមិនព្រមទទួលស្គាល់លទ្ធផលបោះឆ្នោតជា មួយការរំពឹងថា នឹងអាចបញ្ចុះបញ្ចូលកុំឱ្យសភាអាមេរិកទទួលស្គាល់លទ្ធផលបោះឆ្នោតនេះ ។
សូមជម្រាបថា លទ្ធផលបោះឆ្នោតនៃអង្គបោះឆ្នោត នឹងត្រូវរង់ចាំការប្រកាស និង ទទួលស្គាល់ជាផ្លូវការពីសំណាក់សភាទាំងពីរ ដែលនឹងត្រូវបើកសម័យប្រជុំនៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ ក្រោមការដឹកនាំដោយផ្ទាល់ពីអនុប្រធានាធិបតីអាមេរិក លោក ម៉ៃ ភែន ៕