លោក សាន់ ប៊ុនណាត ៖ ចង់បានពិន្ទុតែងសេចក្តីខ្ពស់ពេលប្រឡង សិស្សត្រូវចេះមូលដ្ឋានសំណេរ 4 ចំណុច

អត្ថបទដោយ៖
ហេង សុវណ្ណ

(ភ្នំពេញ)៖ មុខវិជ្ជាតែងសេចក្តី ឬមុខវិជ្ជាអក្សរសាស្ត្រខ្មែរ ជាមុខវិជ្ជាសំខាន់មួយនៅក្នុងកម្មវិធីសិក្សារបស់ក្រសួងអប់រំ យុវជន និងកីឡា។ ជារៀងរាល់ឆ្នាំ វិញ្ញាសានៃមុខវិជ្ជាអក្សរសាស្ត្រខ្មែរសម្រាប់ការប្រឡងបាក់ឌុប តែងផ្តោតសំខាន់លើសំណេរតែងសេចក្តី។ ពិន្ទុពេញលេញនៃមុខវិជ្ជានេះ គឺ 125ពិន្ទុសម្រាប់សិស្សថ្នាក់វិទ្យាសាស្ត្រសង្គម និង 75ពិន្ទុសម្រាប់សិស្សថ្នាក់វិទ្យាសាស្ត្រ។ ដើម្បីសរសេរសំណេរតែងសេចក្តីមួយបានល្អ និងទទួលបានពិន្ទុខ្ពស់ លោក សាន់ ប៊ុនណាត គ្រូបង្រៀនមុខវិជ្ជាភាសាខ្មែរ នៅសាលារៀនជំនាន់ថ្មី នៃវិទ្យាល័យព្រះស៊ីសុវត្ថិ បានបង្ហាញពីគន្លឹះមូលដ្ឋាននៃការសរសេរតែងសេចក្តី បួនចំណុចដែលសិស្សត្រូវដឹងមុនថ្ងៃប្រឡងចូលមកដល់។ 

លោក សាន់ ប៊ុនណាត គ្រូបង្រៀនមុខវិជ្ជាភាសាខ្មែរ នៅសាលារៀនជំនាន់ថ្មី នៃវិទ្យាល័យព្រះស៊ីសុវត្ថិ ពន្យល់ពីរបៀបសរសេរសំណេរតែងសេចក្តី។

លោក សាន់ ប៊ុនណាត បានបញ្ជាក់ប្រាប់ AMS Education ថា មូលដ្ឋានតាក់តែងសំណេរបួនចំណុចដែលសិស្សានុសិស្សមិនគួរមើលរំលង គឺស្គាល់ប្រភេទប្រធានសំណេរតែងសេចក្តី ស្គាល់លក្ខណៈប្រធានបទតែងសេចក្តីស្គាល់ទម្រង់នៃប្រធានតែងសេចក្តី និងស្គាល់ពីរបៀប ឬវិធីសាស្ត្រសរសេរសំណេរតែងសេចក្តី។ 

1. ស្គាល់ប្រភេទប្រធានសំណេរតែងសេចក្តី 

ប្រភេទប្រធានតែងសេក្តីមានបួនសំខាន់ៗដែលសិស្សត្រូវដឹង រួមមានប្រធានពន្យល់ ប្រធានប្រៀនធៀប ប្រធានពិភាក្សាសុទ្ធ និងប្រធានបែបពិភាក្សាប្រៀបធៀប។ ពាក្យចោទសួរនៃប្រធានសំណេរ អាចឱ្យសិស្សកំណត់ថា ប្រធានតែងសេចក្តីនោះជាប្រភេទសំណេរបែបពន្យល់ ប្រៀបធៀប ឬពិភាក្សា។ ប្រសិនបើបេក្ខជនប្រឡងស្គាល់មិនច្បាស់ពីប្រធានតែងសេចក្តី នោះសំណេរតែងសេចក្តីនឹងប្រាសចាកពីគោលបំណងប្រធានបទ ឬការបកស្រាយគ្រប់ជ្រោយតាមការចង់បានឡើយ។ 

2. ស្គាល់លក្ខណៈប្រធាបទតែងសេចក្តី 

ប្រធានតែងសេចក្តីនីមួយៗមានលក្ខណៈជាប្រធានបែបសុភាសិត បែបទស្សនៈ ជាគំនិតនៅក្នុងស្នាដៃអក្សរសិល្ប៍ណាមួយ ឬអាចជាពាក្យស្លោក ដែលតម្រូវឱ្យសិស្សបកស្រាយពន្យល់ប្រៀបធៀប។ លក្ខណៈប្រធាននេះ មិនពិបាកសម្គាល់ឡើយ សិស្សអានប្រធានតែងសេចក្តី និងការចង្អុលបង្ហាញចំណុចចោទសួរនោះនឹងដឹងភ្លាម។ 

3. ស្គាល់ទម្រង់នៃប្រធានតែងសេចក្តី 

ចំណុចនេះផ្តោតលើលំដាប់លំដោយនៃការសរសេរសំណេរតែងសេចក្តី រាប់ចាប់តាំងពីចំណុចចាប់ផ្តើម រហូតដល់បញ្ចប់សេចក្តី។ សំឡេងតែងសេចក្តីមួយដែលល្អ ធ្វើមានផ្ដើមសេចក្តី តួសេចក្តី និងបញ្ចប់សេចក្តី។ និយាយឱ្យខ្លីសំណេរតែងសេចក្តីមួយដែលល្អ ដាច់ខាតត្រូវមានក្បាល កណ្តាល និងបញ្ចប់ ហើយពីមួយចំណុចទៅមួយចំណុច ត្រូវប្រើឃ្លាភ្ជាប់សេចក្តីឱ្យបានល្អ។

4. ស្គាល់វិធីសាស្ត្រសរសេរសំណេរតែងសេចក្តី 

សិស្សានុសិស្សត្រូវរំលេចឱ្យឃើញតម្លៃបីសំខាន់ៗ នៅក្នុងសំណេរ រួមមានអត្ថរូប អត្ថន័យ និងអត្ថរស។ អត្ថរូបសម្តៅដល់របៀបសរសេរដែលមានលំដាប់លំដោយ។ តម្លៃអត្ថរូប រាប់ទាំងការផ្ចិតផ្ចង់ អក្សរស្អាត គិតដល់ដំណកឃ្លា ការចុះបន្ទាន់ត្រឹមត្រូវ ការប្រើប្រាស់ពាក្យពេចន៍ និងឃ្លាឃ្លោងមានប្រយោជន៍នៅក្នុងប្រយោគសំណេរបម្រើដល់ន័យប្រធាន។ 

អត្ថន័យ ចំណុចនេះសិស្សត្រូវស្វែងយល់និងរៀបចំខ្លឹមសារឱ្យបានល្អក្នុងដំណាក់កាលចាប់ផ្តើម ឬខ្លឹមសារនៅផ្តើមសេចក្តី។ ប្រសិនបើសិស្សក្តាប់អត្ថន័យមិនច្បាស់នៅចំណុចចាប់ផ្តើម នោះសំណេរនៅកថាខណ្ឌបន្តបន្ទាប់នឹងមិនច្បាស់លាស់ឡើយ។ នៅក្នុងអត្ថន័យនេះ ការពន្យល់ពាក្យគន្លឹះជាផ្នែកដែលមិនអាចអាក់ខានបាន។ បើពន្យល់ពាក្យគន្លឹះមិនត្រូវ ឬមិនច្បាស់ នាំឱ្យការពន្យល់ន័យប្រធានរបស់សំណេរក៏មិនច្បាស់ដែរ។ ន័យនៃពាក្យគន្លឹះត្រូវស៊ីគ្នានឹងន័យនៃប្រធានតែងសេចក្តី។ 

លោក សាន់ ប៊ុនណាត គ្រូបង្រៀនមុខវិជ្ជាភាសាខ្មែរ នៅសាលារៀនជំនាន់ថ្មី នៃវិទ្យាល័យព្រះស៊ីសុវត្ថិ ពន្យល់ពីរបៀបសរសេរសំណេរតែងសេចក្តី។

ទន្ទឹមគ្នានេះ ការបកស្រាយន័យប្រធានជាចំណុចស្លាប់រស់នៃសំណេរ។ ការបកស្រាយន័យប្រធាន សិស្សត្រូវបង្ហាញគំនិតគាំទ្រន័យប្រធាន (អាស្រ័យលើប្រធាននីមួយៗ)។ គំនិតគាំទ្រន័យប្រធាន ត្រូវប្រើអំណះអំណាង ភស្តុតាង ឬទឡ្ហីករណ៍ ដែលស្មេរអាចលើកចេញពីទិដ្ឋភាពសង្គម ប្រវត្ដិសាស្ត្រ និងទិដ្ឋភាពជាក់ស្តែងក្នុងអក្សរសិល្ប៍។ ចំណុចត្រង់នេះ ប្រធានមួយចំនួនកំណត់ ឬបង្គាប់បញ្ជារឱ្យស្មេរលើឧទាហរណ៍តែនៅក្នុងអក្សរសិល្ប៍ពនៅក្នុងសង្គម ដែលសិស្សត្រូវអនុវត្តតាមឃ្លារបស់បញ្ជារបស់ប្រធានសំណេរតែងសេចក្តី។  

ចំណុចបញ្ចប់នៃការបកស្រាយ ត្រូវវាយតម្លៃប្រធាន និងបង្ហាញពីទស្សនផ្ទាល់ខ្លួន ដែលចំណុចនេះមានខ្លឹមសារទាក់ទងគ្នា។ “ពាក្យថាតែងសេចក្តីមួយម៉ាត់នេះ ស្តាប់ទៅសាមញ្ញ តែមិនសាមញ្ញទេ គឺពង្រីកសមត្ថភាពទាំងអស់ សិស្សចេះវេយ្យាករណ៍ ល្បះ ពាក្យពេចន៍ អក្សរសិល្ប៍ ប្រវត្តិសាស្ត្រ និងចំណេះដឹងទូទៅ និងវិទ្យាសាស្ត្រជាដើម វាមិនសាមញ្ញទេ” លោក សាន់ ប៊ុនណាត។ 

ទន្ទឹមនឹងគន្លឹះទាំងបួនចំណុចខាងលើលោក សាន់ ប៊ុនណាត បានបញ្ជាក់បន្ថែមថា ការសិក្សាពីវិធីសាស្រ្តសរសេរនិងអនុវត្តសំណេរតែងសេចក្តីឱ្យបានច្រើន បង្កើនគំនិតសិស្សកាន់តែទូលំលាយក្នុងការបកស្រាយ។

លោកបានផ្តាំផ្ញើដល់សិស្សថ្នាក់ទី12 ៖ “មុនថ្ងៃប្រឡងបាក់ឌុបមកដល់ ទីមួយសិស្សត្រូវអានតែងសេចក្តីគំរូរបស់ឯកសារក្រសួងអប់រំឱ្យបានច្រើន។ ទីពីរ ត្រូវរៀនទស្សន៍ទាយពីប្រធានតែងសេចក្តី ដោយផ្អែកលើទិដ្ឋភាពឬព្រឹត្តការណ៍សង្គម បន្ទាប់មកត្រូវរៀនធ្វើគម្រោងតែសេចក្តី។ ទីបី រៀនធ្វើគម្រោងតែងសេចក្តីខ្លី អាចជួយឱ្យសិស្សងាយនឹងបកស្រាយសំណេរ។ ទីបួន សិស្សត្រូវគោរពបទបញ្ជាប្រឡង បន្ទាប់មកហ្វឹកហាត់អារម្មណ៍ឱ្យស្ងប់ល្អមុនពេលអនុរក្សចែកវិញ្ញាសារ ប្រាំនាទីដំបូងបន្ទាប់ពីទទួលវិញ្ញាសាត្រូវធ្វើគម្រោងតែងខ្លីមួយជាផ្លូវនៃការបកស្រាយ។

ក្រសួងអប់រំ យុវជន និងកីឡា ធ្លាប់បានលើកឡើងថា ការដាក់វិញ្ញាសាតែងសេចក្តីឱ្យសិស្សធ្វើក្នុងពេលប្រឡង គឺបង្កើនសមត្ថភាពក្នុងការគិតពិចារណា សិស្សចេះទាញហេតុច្បាស់លាស់ជាអំណះអំណាង និងមានគំនិតបកស្រាយចំពោះបញ្ហាអ្វីមួយដែលបានកើតឡើង។

សូមជម្រាបថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបឆ្នាំ 2020 ត្រូវបានក្រសួងអប់រំ យុវជន និងកីឡា កំណត់យកថ្ងៃទី 11 ខែមករា ឆ្នាំ2021 ខាងមុខ។ នៅស្ថានភាពនៃការឆ្លងរីករាលដាលជំងឺផ្លូវដង្ហើម Covid-19 ជាសកល និងព្រឹត្តិការណ៍ឆ្លងនៅក្នុងសហគមន៍កន្លងទៅ ក្រសួងអប់រំបានលើកពេលប្រឡងបាក់ឌុបជាបន្តបន្ទាប់៕

ហេង សុវណ្ណ
ហេង សុវណ្ណ
លោកមានបទពិសោធន៍ជិត ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍ វិទ្យុ និងកាសែតផ្នែកសេដ្ឋកិច្ច អប់រំ និងសង្គម។ បច្ចុប្បន្នលោកជានិពន្ធនាយកសារព័ត៌មាន AMS Economy និង AMS Education។
ads banner
ads banner
ads banner