Amazon បង្ហាញរថយន្តអគ្គិសនីគ្មានអ្នកបើកបរជាលើកដំបូង
បរទេស ៖ រំលឹកឡើងវិញកាលពីដើមឆ្នាំ2020កន្លងមកនេះ ក្រុមហ៊ុន Amazon បានចុះកិច្ចព្រមព្រៀងទិញយកក្រុមហ៊ុនអាជីវកម្មថ្មីដែលមានឈ្មោះថា Zoox ដែលជាក្រុមហ៊ុនទើបមានអាយុ6ឆ្នាំ និងមានទស្សនៈវិស័យចម្បងគឺការបង្កើតរថយន្តដែលគ្មានអ្នកបើកបរដែលមានតម្លៃដល់ទៅ 1,2 ពាន់លានដុល្លារគឺជាការចំណាយលុយទិញដ៏ច្រើនបំផុតរបស់ Amazon។
មកដល់ត្រឹមថ្ងៃចន្ទម្សិលមិញនេះ Amazon បានធ្វើការដាក់បង្ហាញជាផ្លូវការនូវគំរូរថយន្តថ្មីដែល Zoox ទើបតែបានជោគជ័យផលិតបាន។
ជារថយន្តដើរដោយថាមពលអគ្គិសនីមានរូបរាងតូចហើយមិនត្រឹមតែប៉ុណ្ណោះគឺជារថយន្តដែលអាចបើកបរដោយស្វ័យប្រវត្តិផងដែរ។ រថយន្តរបស់ Zoox គឺជាផ្នែកមួយនៃផែនការមួយរបស់ Amazon ដើម្បីប្រកួតប្រជែងជាមួយនឹងរថយន្តរបស់ Uber Technologies និង Lyft ផងដើម្បីចាប់យកសេវាកម្មរថយន្តតាក់ស៊ីដែលគ្មានមនុស្សបើកនាពេលអនាគត។
រថយន្តអគ្គិសនីនេះអាចផ្ទុកអ្នកធ្វើដំណើរបាន 4 នាក់ និងអាចធ្វើដំណើរទៅទិសណាជាក្បាលរថយន្តក៏បានដោយមិនមានចង្កូតឡើយ ហើយវាអាចធ្វើដំណើរក្នុងល្បឿនប្រមាណជា 75 ម៉ាលក្នុងមួយម៉ោងឬ 120 គីឡូម៉ែត្រក្នុងមួយម៉ោង។ចំណែកថ្មដ៏ខ្លាំងក្លារបស់វាវិញអាចមានថាមពលឲ្យរថយន្តធ្វើដំណើរបានរហូតទៅដល់ទៅ16 ម៉ោងក្នុងការសាកពេញម្តង។
គួរឲ្យដឹងទៀតដែរថា ក្រុមហ៊ុនបានត្រៀមផែនការរួចមកហើយដើម្បីអាចដាក់ដំណើរការសេវាកម្មកក់តាក់ស៊ីជាមួយនឹងរថយន្តប្រភេទនេះនៅក្នុងបណ្តាទីក្រុងធំៗមួយចំនួនរបស់អាមេរិក ដូចជាសាន់ហ្វ្រាន់ស៊ីស្គូ ទីក្រុងឡាសវឺហ្គាស និងអាចបន្តទៅកាន់បណ្តាទីក្រុងផ្សេងទៀតនៅបរទេសផងដែរ៕