កាណាដា សន្យាពិចារណាលើការជួយគាំទ្រដល់គម្រោងការចុះស្រាវជ្រាវ និងពិនិត្យឡើងវិញនូវស្ថានភាពចម្ការមីន(Resurvey)នៅកម្ពុជា
កាណាដា សន្យារពិចារណាលើការជួយគាំទ្រដល់គម្រោងការចុះស្រាវជ្រាវ និងពិនិត្យឡើងវិញនូវស្ថានភាពចម្ការមីន(Resurvey)នៅកម្ពុជា។ ការសន្យានោះ ធ្វើឡើងក្នុងជំនួប ពិភាក្សាការងារ រវាងលោក Jan Scazighino ភារធារីថ្មីប្រចាំការិយាល័យស្ថានទូតកាណាដានៅកម្ពុជា ជាមួយលោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១អាជ្ញាធរមីនកម្ពុជា នាព្រឹកថ្ងៃទី១៥ ធ្នូ ឆ្នាំ២០២០ នៅទីស្នាក់ការអាជ្ញាធរមីន។
ស្តីក្នុងជំនួបនោះ លោកទេសរដ្ឋមន្ត្រី លី ធុជ បានស្នើសុំឲ្យប្រទេសកាណាដា ពិចារណាលើការជួយគាំទ្រដល់គម្រោងការចុះស្រាវជ្រាវ និងពិនិត្យឡើងវិញនូវស្ថានភាពចម្ការមីនបច្ចុប្បន្នពាក់ព័ន្ធនឹងការប្រើប្រាស់ដី(Resurvey) ដែលការស្រាវជ្រាវឡើងវិញនោះ នឹងនាំឲ្យកម្ពុជាអាចកាត់បន្ថយការប្រើប្រាស់ថវិកា និងពេលវេលាបានយ៉ាងច្រើន ក្នុងការងារបោសសម្អាតមីន។
ក្នុងនាម សម្តេចតេជោនាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន លោកទេសរដ្ឋមន្ត្រីបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋាភិបាល និងប្រជាជនកាណាដា ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា គាំទ្រដល់វិស័យសកម្មភាពមីន ចាប់តាំងពីឆ្នាំ១៩៩៩មក។ ជាមួយគ្នានោះ លោកទេសរដ្ឋមន្ត្រី លី ធុជ ក៏បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានចាត់វិស័យបោសសម្អាតមីន ជាការងារអាទិភាពមួយ ដែលបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការកាត់បន្ថយភាពក្រីក្រនៅកម្ពុជា និងការផ្តល់នូវសុខដុមក្នុងសង្គម ដែលក្នុងនោះសម្តេចតេជោ តែងតែយកចិត្តទុកដាក់ខ្ពស់ និងចង់ឃើញប្រជាពលរដ្ឋរស់នៅទីជនបទទាំងអស់ ទទួលបាននូវសុខសុវត្ថិភាព ដូចប្រជាពលរដ្ឋរស់នៅទីក្រុងដែរ។
ក្នុងឱកាសនោះ លោក Jan Scazighino បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការវាយតម្លៃខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា លើការចូលរួមចំណែករបស់ប្រទេសកាណាដា ក្នុងការកាត់បន្ថយភាពក្រីក្រនៅកម្ពុជា និងការសង្រ្គោះជីវិតមនុស្សពីការគម្រាមកំហែងដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម។ ជាការឆ្លើយតបនឹងសំណើរបស់ភាគីកម្ពុជា លោក Jan Scazighino សន្យាថា នឹងពិនិត្យពិចារណាគាំទ្រដល់គម្រោងការចុះស្រាវជ្រាវឡើងវិញនូវចម្ការមីននោះ៕កឹម ទៀង