វៀតណាមថា អាល្លឺម៉ង់ផ្តល់ជំនួយជាង៦លានដុល្លារ ជួយអាស៊ាន ឆ្លើយតបនឹងកូវីដ១៩
ប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃទី១៤ ធ្នូ ម្សិលមិញ បានអះអាងថា ខ្លួននឹងផ្តល់ជំនួយ៥លានអឺរ៉ូ ឬ ៦.០៧លានដុល្លារអាមេរិក ដល់អាស៊ាន ក្នុងកិច្ចប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានវៀតណាម នាថ្ងៃនេះ។
សារព័ត៌មាន VN Express បានឲ្យដឹងដោយយោងលើស្ថានទូតអាល្លឺម៉ង់នៅក្រុងហាណូយថា កិច្ចសហការរបស់អាល្លឺម៉ង់ជាមួយបណ្តាប្រទេសអាស៊ានគឺជាកិច្ចការដ៏មានសារៈសំខាន់មួយ នៃយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិករបស់រដ្ឋាភិបាលអាល្លឺម៉ង់។
ប្រភពថា មូលនិធិអាស៊ានដែលត្រូវបានបង្កើតឡើង អំឡុងកិច្ចប្រជុំរបស់ខ្លួន កាលពីខែមុន បានទទួលជំនួយប្រមាណ១០លានដុល្លារអាមេរិកហើយ ក្នុងនោះ វៀតណាមសន្យាជួយ៥លានដុល្លារអាមេរិក រួមបញ្ជូលទាំងបរិក្ខាវេជ្ជសាស្ត្រ។ ប្រទេសផ្សេងៗទៀត ដូចជា ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី នូវែលហ្សេឡើង ក៏បានសន្យាថា នឹងជួយរាប់រយលានដុល្លារអាមេរិកដែរ៕