ពេទ្យព្យាបាលអ្នកជម្ងឺកូវីដ១៩រាប់ខែនៅអាមេរិកនិយាយអ្វីខ្លះ ក្រោយចាក់វ៉ាក់សាំងមុនគេនោះ?
គិលានុប្បដ្ឋាយិកានៅតាមបន្ទប់សង្គ្រោះបន្ទាន់ បានក្លាយជាក្រុមមនុស្សដំបូងគេបង្អស់ នៅសហរដ្ឋអាមេរិក ដែលទទួលបានវ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុន Pfizer-BioNTech ។
លោកស្រី Sandra Lindsay ទទួលបន្ទុកព្យាបាលអ្នកជំងឺ COVID-19 អស់រយៈពេលជាច្រើនខែមកហើយនោះ បានទទួលការចាក់វ៉ាក់សាំងនៅទីក្រុងញូយ៉ក បានលើកឡើងថា «ខ្ញុំមិនមានអារម្មណ៍ខុសប្លែក បន្ទាប់ពីទទួលបានវ៉ាក់សាំងនោះឡើយ។ ខ្ញុំគ្រាន់តែមានអារម្មណ៍ថាមានសង្ឃឹមនៅថ្ងៃនេះ និងដូចជាធូរស្បើយឡើងវិញ ហើយខ្ញុំក៏សង្ឃឹមផងដែរថា នេះគឺជាការចាប់ផ្តើម ដើម្បីបញ្ចប់ពេលវេលាដ៏ឈឺចាប់បំផុត នៅក្នុងប្រវត្តិសាស្ត្ររបស់យើង»។
លោកស្រី Lindsay បានបន្ថែមថា លោកស្រីចង់បង្កើនទំនុកចិត្តក្នុងចំណោមសាធារណជនថា «វ៉ាក់សាំងនេះពិតជាមានសុវត្ថិភាពមែន»។ នៅពេលគ្រូពេទ្យចាក់វ៉ាក់សាំង COVID-19 តាមដៃរបស់លោកស្រី Lindsay អភិបាលរដ្ឋញូយ៉កបាននិយាយថា លោកស្រីគឺជាជនជាតិអាមេរិកដំបូងគេដែលបានចាក់វ៉ាក់សាំង ហើយអភិបាលរូបនេះបានហៅលោកស្រីថា «វីរនារី»។