អ្នកជំនាញព្រមានពីបញ្ហាមួយចំនួនពេលសេវាកម្មហោះហើរចាប់ដំណើរការឡើងវិញ
បរទេស៖ជាអត្ថបទមួយដែលត្រូវបានចេញផ្សាយដោយទូរទស្សន៍ BBC នៅថ្ងៃអង្គារម្សិលមិញនេះដោយបានសរសេរថាដើម្បីឲ្យការវិលត្រឡប់មកប្រតិបត្តិការ និងដំណើរការសេវាកម្មហោះហើរវិញទទួលបានប្រសិទ្ធភាពអ្នកជំនាញបានព្រមានថាក្រុមហ៊ុនអាកាសចរត្រូវតែពិនិត្យឡើងវិញឲ្យបានច្បាស់លាស់ទៅលើយន្តហោះដែលបានរក្សាទុកចោលអស់រយៈពេលជាច្រើនខែមកហើយនោះ។
អ្នកជំនាញទាំងនោះបានបញ្ជាក់លំអិតទៀតថា បញ្ហាច្រែះចាប់នៃតួរបស់យន្តហោះ បញ្ហាថែរក្សាម៉ាស៊ីនឲ្យបានទៀងទាត់ឡើងវិញបូករួមទាំងបញ្ហាសត្វល្អិតដែលអាចកើតមានឡើងនៅក្នុងតួយន្តហោះសុទ្ធតែជាកត្តាប្រឈមមុខសម្រាប់ក្រុមហ៊ុនអាកាសចរចាំបាច់ត្រូវដោះស្រាយនិងធ្វើឲ្យច្បាស់លាស់មុនពេលចាប់ផ្តើមធ្វើការហោះហើររបស់ខ្លួនឡើងវិញ។
លោក Greg Waldron អ្នកជំនាញមកពីកាសែតអាកាសចរ FlightGlobal បាននិយាយថា៖យន្តហោះទាំងនោះ
ត្រូវតែដាក់បញ្ចូលទៅក្នុងដំណើរការត្រួតពិនិត្យឡើងវិញដែលមិនធ្លាប់បានធ្វើពីមុនពីព្រោះថាយន្តហោះទាំងអស់សុទ្ធតែត្រូវបានរក្សាទុកចោលនៅក្នុងឃ្លាំងអស់រយៈពេលជិត 1 ឆ្នាំមកហើយ។
លោកបន្តទៀតថាបញ្ហាធំមួយទៀតនោះគឺថានៅពេលដែលមនុស្សត្រឡប់មកទទួលយកសេវាកម្មនេះវិញនោះពួកគេនឹងមកវិញទាំងប្រញាប់ប្រញ៉ាល់ផងដែរ ជាក់ស្តែងកន្លងមកកាលពីខែឧសភាយន្តហោះមួយរបស់ប៉ាគីស្ថានបានធ្លាក់សម្លាប់អ្នកដំណើរ 97 នាក់ហើយនៅឥណ្ឌាកាលពីខែសីហាជើងហោះហើររបស់ Air India Express ក៏បានជួបបញ្ហាពេលចុះចតសម្លាប់មនុស្ស 18 នាក់ផងដែរ៕