រដ្ឋបាលខេត្តព្រះសីហនុ គ្រោងបង្កើតមណ្ឌល បន្សាបគ្រឿងញៀនមួយ ដើម្បីព្យាបាលអ្នក ញៀនថ្នាំ នៅខេត្តព្រះសីហនុ

អត្ថបទដោយ៖
ជា សេឌី

កិច្ចប្រជុំពិភាក្សាមួយស្តីពីគម្រោងបង្កើតមណ្ឌលបន្សាបព្យាបាលអ្នកញៀនថ្នាំត្រូវបានធ្វើឡើង ក្រោមវត្តមាន ឯកឧត្តម គួច ចំរើន  អភិបាលខេត្តព្រះសីហនុ និងមានការចូលរួមដោយមន្ត្រីពាក់ពន្ធ័មួយចំនួនផង     ដែរ កាលពីព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០។  ជាមួយគ្នានេះគម្រោងស្តីអំពីការផ្ទេរការគ្រប់គ្រងចាត់ចែងរបបជូនជនរងគ្រោះកំពុងស្នាក់នៅមណ្ឌលអប់រំ បន្សាបព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនបណ្តោះអាសន្នកន្លងមកគ្រប់គ្រង ដោយបញ្ជាការដ្ឋានកងរាជអាវុធហត្ថក្រុងព្រះសីហនុ ក៏បានលើកយកមកពិភាក្សាដើម្បីប្រគល់ ជូនរដ្ឋបាលខេត្តព្រះសីហនុ ទទួលគ្រប់គ្រងវិញ។

          បើតាមគម្រោងរដ្ឋបាលខេត្តព្រះសីហនុ នឹងរៀបចំមណ្ឌលបន្សាបព្យាបាលអ្នកញៀនថ្នាំមួយ គ្រប់គ្រងដោយខ្លួនឯង មានការជួយសហការពីសំណាក់កំលាំងអាវុធហត្ថ មន្ទីរសុខាភិបាល និងមន្ទីរសង្គមកិច្ចស្តារយុវនិតិសម្បទា ដើម្បីទទួលយកអ្នកញៀនថ្នាំនៅខេត្តព្រះសីហនុ ស្របតាមគោលការណ៍មួយច្បាស់លាស់។

          ឯកឧត្តម គួច ចំរើន  បានណែនាំអោយបង្កើតក្រុមការងារមួយ ដែលមានអភិបាលរងខេត្តមួយរូប ដឹកនាំចុះពិនិត្យរកទីតាំងសមស្រប មានសុវត្ថិភាព មានទឹក ភ្លើងគ្រប់គ្រាន់ និងត្រូវរៀបចំហេដ្ឋារចនាសម្ព័ន្ធ នានាដើម្បីបង្កើតមណ្ឌល បន្សាប ព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន។   ទន្ទឹមនេះ ឯកឧត្ដម គួច ចំរើនបានណែនាំអោយពិនិត្យមើលរបៀបរបបដឹកនាំរបស់កងរាជអាវុធហត្ថ ក្រុងព្រះសីហនុ កន្លងមកពាក់ពន្ធ័ ការងារអប់រំ បន្សាប ព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿង ញៀនរួមទាំងការរៀបចំបទបញ្ជាផ្ទៃក្នុង ដាក់ឆ្លងក្រុមប្រឹក្សាខេត្តពិនិត្យពិភាក្សា សម្រេចនិងរៀបចំ ជាយន្តការជាក់លាក់សម្រាប់អនុវត្ត នៅពេលដែលផ្ទេរមករដ្ឋបាលខេត្តជាអ្នកគ្រប់គ្រង។ 

គួរបញ្ជាក់ថា​ នៅខេត្តព្រះសីហនុ មានមណ្ឌលបន្សាបគ្រឿងញៀនមួយស្ថិតក្រោមការគ្រប់គ្រង ដោយបញ្ជាការដ្ឋានអាវុធហត្ថក្រុងព្រះសីហនុ។មណ្ឌលនេះមានទីតាំងនៅក្នុងបរិវេណទីបញ្ជាការកងរាជអាវុធហត្ថក្រុងព្រះសីហនុ នៅតាមបណ្តោយផ្លូវជាតិលេខ៤ សង្កាត់លេខ១ ក្រុងនិងខេត្តព្រះសីហនុ។   ថ្មីៗនេះអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនក៏បានបង្កើតជាមជ្ឈមណ្ឌលជាតិស្តារនីតិសម្បទាអ្នកញៀនថ្នាំញៀនមួយផ្សេងទៀត នៅទីតាំងឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដើម្បីបន្សាប ព្យាបាលអ្នកញៀនគ្រឿងញៀនមកពីតំបន់នានា។

មណ្ឌលនេះកន្លងទៅថ្មីៗនេះ ក៏បានផ្ទេរអ្នកញៀនថ្នាំនៅតាមមណ្ឌលខ្លះនៅរាជធានីភ្នំពេញដើម្បី យកមកបន្សាបនៅទីនេះផងដែរក្នុងដំណាក់កាលដំបូងនេះ៕ សាវ៉ុន

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner