កងទ័ពកម្ពុជា និងថៃ បានសហការគ្នាចុះវាស់ដាក់ម៉ាស៊ីន(GPS) តាមខ្សែបណ្តោយព្រំដែន ក្នុងភូមិសាស្ត្រស្រុកកំរៀង
ខេត្តបាត់ដំបង៖ លោកវរសេនីយ៍ឯក យ៉យ ស៊ីដូ មេបញ្ជាការកងការពារព្រំដែនលេខ៥០៤ នៅថ្ងៃ១៥ធ្នូឆ្នាំ២០២០ បានចាត់តាំងក្រុមការងារវាស់វែងGPS ដឹកនាំដោយលោក ស បូរា នៅចំនុចបង្គោលព្រំដែន ស្ថិតក្នុងភូមិបឹងរាំង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។
ការចុះវាស់វែងនោះ គឺជាកិច្ចសហប្រតិបត្តិការក្នុងន័យរក្សាឱ្យបាននូវបូរណភាពដែនដី ក៏ដូចជាការសហការក្នុងការបង្ក្រាបបទល្មើសឆ្លងដែនផ្សេងៗ ដែលកើតមានតាមបន្ទាត់ព្រំដែននៃប្រទេសទាំងពីរ។ ម្យ៉ាងវិញទៀត ក៏បានបង្ហាញឱ្យឃើញពីការសាមគ្គីភាព និងសុខសន្តិភាព និងទំនាក់ទំនងការងារល្អរវាងប្រទេសទាំងពីរនៅតាមបន្ទាត់ព្រំដែនផងដែរ។
ការងារកិច្ចសហប្រតិបត្តិការនោះ បានប្រព្រឹត្តធ្វើឡើងដោយមានការចូលរួមពី ភាគីកម្ពុជា ដូចជាកម្លាំងកងអនុសេនាធំល្បាតទី៤ និងទី៥ ផ្នែកសឹករងស្រុកកំរៀង និងកម្លាំងនគរបាលការពារព្រំដែនលេខ៨១៩ រីឯភាគីប្រទេសថៃវិញ មានសមាសភាពចូលរួមដូចជា ទាហានឈុតខ្មៅកងរយ៥៤៧ កងរយ៥២១ និងកងរយ១១៤ និងទាហានឈុតប៉ារ៉ាផងដែរ៕កឹម ទៀង