អ៊ីស្រាអែលប្រកាសទទួលជោគជ័យ ក្នុងការធ្វើតេស្តប្រព័ន្ធការពារមីស៊ីលថ្មីរបស់ខ្លួន ដើម្បីទុកទប់ទល់នឹងសត្រូវនានា
អ៊ីស្រាអែល៖ ក្រសួងការពារជាតិអ៊ីស្រាអែលនៅថ្ងៃអង្គារនេះប្រកាសថា ខ្លួនបានធ្វើសមយុទ្ធបាញ់គ្រាប់ពិតជាបន្តបន្ទាប់ដោយជោគជ័យ ជាមួយនឹងប្រព័ន្ធការពារមីស៊ីលរយៈចម្ងាយឆ្ងាយរបស់ខ្លួន ដោយផ្តល់ការការពារប្រឆាំងនឹងការគំរាមកំហែងនានា នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ ។
ក្រុមមន្ត្រីការពារជាតិអ៊ីស្រាអែលបញ្ជាក់ថា នេះជាលើកទី១ហើយ ដែលពួកគេបានធ្វើការសាកល្បងរួមបញ្ចូលគ្នា នូវសមាសធាតុផ្សេងៗគ្នានៃប្រព័ន្ធការពារមីស៊ីលច្រើនស្រទាប់របស់ប្រទេសខ្លួន ។ ប្រព័ន្ធទាំងនោះរួមមាន Arrow សម្រាប់ស្ទាក់ចាប់មីស៊ីលរយៈចម្ងាយឆ្ងាយ, ប្រព័ន្ធ David’s Sling សម្រាប់បាញ់ទម្លាក់មីស៊ីលចម្ងាយមធ្យម និង ប្រព័ន្ធ Iron Dome ដែលប្រើអស់ជាច្រើនឆ្នាំ ដើម្បីការពារប្រឆាំងនឹងការបាញ់រ៉ុក្កែតចូលពីតំបន់ហ្គាហ្សាស្ទ្រីប ។
សូមជម្រាបថា អ៊ីស្រាអែលបានប្រឈមមុខនឹងការគំរាមកំហែង ដោយគ្រាប់រ៉ុក្កែត និងមីស៊ីលពីសំណាក់ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា និង ក្រុមសកម្មប្រយុទ្ធនិកាយស៊ីអ៊ីតគាំទ្រដោយអ៊ីរ៉ង់នៅលីបង់ដែលនៅជិតខាង ក៏ដូចជាពីអ៊ីរ៉ង់ផងដែរ ៕