នាយករដ្ឋមន្រ្តីអ៊ីស្រាអែលធ្វើចត្តាឡីស័កលើកទីបី បន្ទាប់ពីបានទាក់ទងជាមួយមនុស្សម្នាក់ដែលធ្វើតេស្តវិជ្ជមាន Covid-19
អ៊ីស្រាអែល៖ នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក ប៊ិនចាមីន ណឺតាន់យ៉ាហ៊ូ កំពុង ធ្វើចត្តាឡីស័កជាថ្មីម្តងទៀត បន្ទាប់ពីបានទាក់ទងជាមួយមនុស្សម្នាក់ ដែលក្រោយមកបានធ្វើតេស្តវិជ្ជមាន Covid-19 នេះបើតាមការិយាល័យរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល ដកស្រង់ចុះផ្សាយដោយសារព័ត៌មាន RT នៅយប់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ ។
លោក ណឺតាន់យ៉ាហ៊ូ ក៏បានធ្វើតេស្តអវិជ្ជមានចំនួន០២ដងរួចមកហើយផងដែរ កាលពីថ្ងៃអាទិត្យ និងថ្ងៃចន្ទសប្តាហ៍កន្លងទៅ ប៉ុន្តែយោងតាមការណែនាំស្តីពីមេរោគនេះ លោកត្រូវតែធ្វើចត្តាឡីស័ករហូតដល់ថ្ងៃសុក្រសប្តាហ៍នេះ ។ នេះជាលើកទី៣ហើយ ដែលលោក ណឺតាន់យ៉ាហ៊ូ បានធ្វើចត្តាឡីស័កដោយសារតែជំងឺCovid-19 ប៉ុន្តែរហូតមកទល់ពេលនេះ លោកមិនបានឆ្លងវីរុសនេះនោះទេ ។
គួរបញ្ជាក់ផងដែរថា នាយករដ្ឋមន្រ្តីអ៊ីស្រាអែលរូបនេះ នឹងធ្វើចត្តាឡីស័កហូតដល់ថ្ងៃសុក្រសប្តាហ៍នេះ បន្ទាប់ពីមានទំនាក់ទំនងជាមួយប្រធានតុលាការកំពូលរបស់គណបក្ស Likud លោក មីឆែល ក្លេណើ កាលពីសប្តាហ៍មុន ខណៈដែលលោក ក្លេណើ បានធ្វើតេស្តវិជ្ជមាន Covid-19 កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ ៕