សហរដ្ឋអាមេរិកគ្រោងនឹងអនុម័តអោយប្រើវ៉ាក់សាំង Covid-19 របស់ក្រុមហ៊ុន Moderna នៅចុងសប្តាហ៍នេះ
អាមេរិក៖ សហរដ្ឋអាមេរិកនឹងបើកភ្លើងខៀវអោយប្រើវ៉ាក់សាំង Covid-19 របស់ក្រុមហ៊ុន Moderna នៅចុងសប្តាហ៍នេះ បន្ទាប់ពីរដ្ឋបាលចំណីអាហារ និងឱសថអាមេរិក FDA បានរកឃើញថា វ៉ាក់សាំងក្រុមហ៊ុននេះមានសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់រហូតដល់៩៥% នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ ។
រដ្ឋបាលចំណីអាហារ និងឱសថអាមេរិក FDA បានចេញផ្សាយទិន្នន័យនៃវ៉ាក់សាំងរបស់ក្រុមហ៊ុន Moderna ខាងលើនេះ នៅមុនកិច្ចប្រជុំគណៈកម្មាធិការវ៉ាក់សាំង ដែលនឹងបើកការពិភាក្សាអំពីវានៅថ្ងៃសុក្រសប្តាហ៍នេះ (ម៉ោងក្នុងតំបន់ )ដើម្បីសម្រេចថាតើត្រូវអនុញ្ញាតអោយប្រើប្រាស់ឬយ៉ាងណា ។
ប្រសិនបើវ៉ាក់សាំងនេះ ត្រូវបានអនុម័តដោយរដ្ឋបាលចំណីអាហារ និងឱសថអាមេរិក FDA ពិតមែននោះ វានឹងក្លាយជាវ៉ាក់សាំង COVID-19 ទី២ហើយ ដែលត្រូវបានអនុញ្ញាតអោយប្រើប្រាស់នៅសហរដ្ឋអាមេរិក បន្ទាប់ពីវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer/BioNTech ៕