អភិបាលខេត្តរតនគិរី អនុញ្ញាតឲ្យក្រុមការងារ «សាយ» ចូលសម្តែងការគួរសមនិង បង្ហាញពីបេសកកម្មការងារ រៃអង្គាសថវិកា
រតនគិរី៖ ឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរី អមដោយអភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត និងប្រធានមន្ទីរ អង្គភាពមួយចំនួន បានអនុញ្ញាតឲ្យលោក អួន បឋម ឬហៅ សាយ ដែលជាអ្នកផ្តើមគំនិតរត់ ដើម្បីរៃអង្គាសថវិកាជូនមន្ទីរពេទ្យកុមារអង្គរ នៅខេត្តសៀមរាប និងក្រុមការងារបានចូលជួបសម្តែងការគួរសម និងជម្រាបជូនអំពីបេសកកម្មមនុស្សធម៌របស់សាយ។
ឯកឧត្តម ថង សាវុន កោតសរសើរនូវឆន្ទៈរបស់ សាយ ដែលបានផ្តួចផ្តើមគំនិតបង្កើតកម្មវិធី រត់ដើម្បីសប្បុរសធម៌ជាមួយសាយ ដើម្បីគៀគរមូនិធិជួយដល់មន្ទីរពេទ្យកុមារអង្គរ ដែលកំពុងជួយសង្គ្រោះ កុមារកម្ពុជារាប់លាននាក់។
ឯកឧត្តម សម្តែងនូវក្តីមោទកភាពដោយសារសាយ គឺជាយុវជនម្នាក់ ដែលមានដើមកំណើតនៅខេត្តរតនគិរី និងជាយុវជនគំរូម្នាក់ ដែលបានផ្តើមគំនិត និងលះបង់ខ្ពង់ ក្នុងការងារមនុស្សធម៌។
ឯកឧត្តម សូមគាំទ្រជាមួយបេសកកម្មរបស់សាយ ក្នុងការរត់ជុំវិញប្រទេស ព្រមទាំងបានប្រគល់ថវិកាជាមូនិធិ ដែលទទួលបានពីការបរិច្ចាកធនធានផ្ទាល់ខ្លួន ពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីរាជការ ប្រជាពលរដ្ឋនៅទូទាំងខេត្ត ដើម្បីឧបត្ថម្ភដល់បេសកកម្មរបស់សាយ ជួយដល់មន្ទីរពេទ្យកុមារអង្គរ នូវថវិកាបឋមប្រមាណជិត២០លានរៀល។
លោក អួន បឋម ហៅសាយ នាពេលថ្មីៗកន្លងមកនេះ បានផ្តើមគំនិតរ៉ៃអង្គាសថវិកា ជូនរាជរដ្ឋាភិបាល ដើម្បីទិញវ៉ាក់សាំងប្រឆាំងមេរោគកូវីដ-១៩ ចាក់ជូនពលរដ្ឋដោយឥតគិតថ្លៃ។
សាយ ចូលរួមចំណែកជាមួយអាជ្ញាធរខេត្ត ក្នុងគម្រោងរៀបចំកែលម្អហេដ្ឋារចនាសម្ព័ន្ធ ជុំវិញបឹងកន្សែង ដោយបានបរិច្ចាកដី ដែលជាកម្មសិទ្ធផ្ទាល់ខ្លួន និងកាត់ចេញនូវផលប៉ះពាល់ទាំងឡាយណា ដែលប៉ះពាល់មកលើគម្រោងរបស់ខេត្ត ដោយពុំទាមទារសំណងអ្វីឡើយ។