ប្រទះឃើញសាកសព មួយកំណាត់ខ្លួនអណ្តែតទឹកទន្លេចតុមុខ នៅមុខវត្តឧណ្ណាលោម បង្កការភ្ញាក់ផ្អើលទាំងព្រឹក
ភ្នំពេញ ៖ ប្រទះឃើញសាកសព មួយកំណាត់ខ្លួនអណ្តែតទឹកទន្លេចតុមុខ នៅមុខវត្តឧណ្ណាលោម បង្កការភ្ញាក់ផ្អើលទាំងព្រឹក ដោយមានសភាពរលេសរលួយ សល់ត្រឹមចង្កេះមកត្រឹមជង្គង់ ក្រៅពីនឹងគឺរលួយគ្មានសល់ ដែលករណីខាងលើនេះ ស្ថិតនៅច្រាំងទន្លេ មុខវត្តឧណ្ណាលោម ស្ថិតក្នងសង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ ។
បើតាមប្រភពចេញពីកន្លែងហេតុ បានដឹងថាមុនពេលភ្ញាក់ផ្អើលមានប្រជានេសាទ បានប្រទះឃើញសាកសពដែលមានមួយកំណាត់នេះ អណ្តែតនៅលើផ្ទៃទឹកទន្លេ មុខវត្តឧណ្ណាលោម ហើយប្រជានេសាទ បានយកឈើអូសមកច្រាំងទន្លេ ទើបរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន ចុះមកពិនិត្យ នៅកន្លែងកើតហេតុ។
ក្រោយទទួលបានព័ត៌មាននេះលោកមេប៉ុស្តិ៍ផ្សារកណ្តាលទី១ បានដឹកនាំកម្លាំងចុះទៅទីតាំងនោះ រួចរាយការណ៍បន្តទៅផ្នែកជំនាញការិយាល័យពិនិត្យ និងវិភាគកន្លែងកើតហេតុ ចុះមកធ្វើការវិភាគ និងកោសល្យវិច័យ ។ក្រោយពិនិត្យរួចសមត្ថកិច្ចជំនាញសន្និដ្ឋានថាសព អាចមានវ័យជាង១៥ទៅ១៦ឆ្នាំប៉ុណ្តោះព្រោះឆ្អឹងមានសភាពតូចៗ ។
បច្ចុប្បន្នសពត្រូវបានផ្នែកជំនាញ វេចខ្ចប់យកទៅពិនិត្យវិភាគបន្តនៅវត្តស្ទឹងមានជ័យ ព្រោះអាចជាករណីឃាតកម្ម។ ចំពោះករណីអ្វីឱ្យពិតប្រាកដនោះ ក្រុមការងារយើងនឹងរង់ចាំរបាយណ៍លម្អិតពីសមត្ថកិច្ចជំនាញ ផ្សាយជូនបន្ថែមទៀត ៕ដោយ / សម្បត្តិ